ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា , សម្តេចតេជោ ហ៊ុន សែន ណែរនាំដល់ប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តវិធានការពារជំងឺកូវីដ១៩

ភ្នំពេញ៖ តាមរយៈសំឡេងផ្ញើជូនជនរួមជាតិនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែរនាំដល់ប្រជាពលរដ្ឋ ឱ្យរួមគ្នាអនុវត្តន៍វិធានសុខាភិបាលការពារជំងឺកូវីដ១៩ នៅពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថា បើទោះបីមិនមានការឆ្លងជំងឺកូវីដ១៩ រយៈពេលជាមួយខែទៅហើយក្តី តែក៏មិនអាចបោះបង់ចោលការអនុវត្តវិធានការពារជំងឺកូវីដ១៩ នៅពេលមានការប្រមូលផ្តុំនោះឡើយ។ ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទៅចូលរួមបោះឆ្នោត ត្រូវប្រកាន់ខ្ជាប់វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ ដូចជាកាន់ជាប់ជាមួយអាល់កុល រក្សាគម្លាត និងពាក់ម៉ាសជាដើម។

នៅក្នុងសារសំឡេងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីការចេញសារាចរណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំផឹកគ្រឿងស្រវឹងនៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែមិថុនា ដែលជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ផងដែរ។

ពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់អាជ្ញាធរឃុំ-សង្កាត់ ក្នុងអាណត្តិទី៤ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ក្នុងការចូលរួមសហការរៀបចំទីតាំង និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យមកចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីត19 រហូតដល់កម្ពុជាយើង ទទួលបាននូវភាពស៊ាំសហគមន៍ ធ្វើឱ្យអត្រានៃការឆ្លងជំងឺកូវីដ19 បានធ្លាក់ចុះ និងរហូតដល់អត្រាឆ្លង ០ករណី ក្នុងរយៈពេលជាង ២០ថ្ងៃកន្លងមកនេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner