ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ច្រានចោល​ការលើកឡើង​រប​ស់​អ្នកនាំពាក្យ​នៃ​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស គឺ​ពុំ​ត្រឹមត្រូវ ធ្វើ​ន​យោ​បា​យូ​ប​នី​កម្មនិង​ជ្រើសរើស​តែមួយ​ជ្រុង​

ភ្នំពេញ​៖​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​នានានៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ច្រានចោល​ទាំងស្រុង​នូវ​ការអត្ថាធិប្បាយ​ដែល​មិន​ត្រឹមត្រូវ ធ្វើ​ន​យោ​បា​យូ​ប​នីយកម្ម ជ្រើសរើស​តែមួយ​ជ្រុង កាលពី​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២២​របស់​អ្នកនាំពាក្យ របស់​ការិយាល័យ​ឧត្ដមស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោកស្រី Liz Throssell នៅមុន​ការបោះឆ្នោត ឃុំ​-​សង្កាត់​នៅ​កម្ពុជា​។​នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​និង​អង្គការ​អន្តរជាតិ​នៅ​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២២​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើការ​បកស្រាយ​បំភ្លឺ​របស់​ស្ថាន​បេសកកម្ម ចំពោះ​ការអត្ថាធិប្បាយ​ខុសឆ្គង​ទាំងស្រុង​របស់លោក​ស្រី​អ្នកនាំពាក្យ​ដូចតទៅ ៖

១. ការជ្រើសរើស​ពេលវេលា​អត្ថាធិប្បាយ​របស់លោក​ស្រី បង្កឱ្យមាន​ការ​ចោទ​ជា​សំណួរ ព្រោះ​ការធ្វើ​អត្ថាធិប្បាយ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​របាយការណ៍​នៃ​ការប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា​ដំណើរការ​បោះឆ្នោត​ឃុំ​-​សង្កាត់​នៅ​កម្ពុជា ត្រូវ​ទទួល​បរាជ័យ​។ ការវាយតម្លៃ​ប្រចាំថ្ងៃ​របស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត បានបញ្ជាក់​ឱ្យឃើញថា យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​រយៈពេល​១៣​ថ្ងៃ​កន្លងមកនេះ​ជាទូទៅ​បាន​ប្រព្រឹត្តិ​ទៅក្នុង​បរិយាកាស​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ត្រឹមត្រូវ និង​សន្តិវិធី ដោយ​គ្មាន​ការបំភិតបំភ័យ​។ ក្នុង​រយៈពេល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត រួមទាំង​ថ្ងៃ​បិទ​បញ្ចប់​ផងដែរ គ្រប់​គណបក្ស​ទាំងអស់រួមទាំង​បក្សប្រឆាំង បាន​ប្រើប្រាស់​សិទ្ធិ​របស់ខ្លួន​ពេញលេញស្របតាម​ច្បាប់ និង​កម្មវិធី​ស្នើសុំដោយ​ពុំ​មានការ​គម្រាមកំហែង និង​ការរារាំង​។​

២. ការអះអាង​របស់​អ្នកនាំពាក្យ​ដែលថា​បេក្ខជន​មួយចំនួន​ត្រូវ​ទទួលរង​ការ​រឹតត្បិតនិង​បំភិតបំភ័យ គឺជា​ការមិន​សម​ហេតុផល​ទាល់តែសោះ​។ ពាក្យបណ្ដឹង​តវ៉ា​ពី​បេក្ខជន​ចូលរួម​ការប្រកួតប្រជែង​ការបោះឆ្នោត ជា​សក្ខីភាព​បង្ហាញឱ្យឃើញ​ពី​ការអនុវត្ត​ប្រកបដោយ​ភាពចាស់ទុំ និង​ស្របច្បាប់ នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួកគាត់​។ ពាក្យបណ្ដឹង​ទាំងនោះ​ពុំគួរ​ត្រូវបាន​ចាត់ទុក ជាការ​សងសឹក និង​ជាការ​រារាំង ប្រឆាំង​ក្រុម​ណាមួយ​នោះទេ​។ សិទ្ធិ​ចូលរួម​ក្នុង​កិច្ចការ​សាធារណៈ​ពុំមាន​ន័យ​ស្មើនឹង សិទ្ធិ​ក្លែងបន្លំ​ឯកសារ បរិហារ​កេ​រិ៍ត និង​ជេរប្រមាថ និង​ញុះញុង​ឱ្យមាន​ការរើសអើង អំពើហិង្សា និង​ការ​ស្អប់ខ្ពើម​គ្នា នោះឡើយ​។ សម្ព័ន្ធភាព​ជាមួយ​គណ​បក្សនយោបាយ​ណាមួយ ពុំមែន​ជា​អាជ្ញាប័ណ្ណ ដើម្បី​បំពាន​ច្បាប់​ដោយ​និ​ទណ្ឌ​ភាព​នោះទេ​។​

៣.ការចោទប្រកាន់​របស់​អ្នកនាំពាក្យ​ខាងលើ​ដែលថា បេក្ខជន​គណបក្សប្រឆាំង​ស្ទាក់ស្ទើរ​ក្នុងការ​ដាក់ពាក្យ​បណ្ដឹង គឺ​ពុំ​ត្រឹមត្រូវ​នោះទេ​។ ការពិត​គឺ ក្នុងពេលដែល​លោកស្រី​កំពុងតែ​ថ្លែង​រិះគន់​បែបនេះ​ពី​កម្ពុជា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានកា​ត់​សេចក្ដីសម្រេច​ស្របតាម​ពាក្យបណ្តឹង​តវ៉ា​របស់​បេក្ខជន​បក្សប្រឆាំង​គឺ​លុបចោល​ការពិន័យ​ជា​ប្រាក់​និង​បានសម្រេច​រក្សា​សិទ្ធិ​បោះឆ្នោត​និង​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​របស់​បេក្ខជន​បក្សប្រឆាំង​ចំនួន​១៥​រូប ដែល​បាននាំគ្នា​ផ្តល់​អំណោយ​ជា​ថវិកា ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។​

៤. សេចក្ដីថ្លែងការណ៍​រប​ស់​អ្នកនាំពាក្យ​ខាងលើ​ពោរពេញ​ទៅដោយ​ព័ត៌មាន​ខុសឆ្គង​ជាច្រើន និង​ជ្រើសរើស​តែមួយ​ជ្រុង​។ លោកស្រី​ពុំបាន​ទទួលស្គាល់​ទាល់តែសោះ​ថា យ៉ាងហោចណាស់ ថ្នាក់ដឹកនាំ​អតីត​បក្សប្រឆាំង​៣២ រូប ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ដែល​ក្នុងនោះ ពួកគាត់​ជាច្រើនរូប​បាន​បង្កើតគណបក្ស នយោបាយ​ថ្មី​បន្ថែមចំនួន​ប្រាំមួយ ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្សកាន់អំណាច ក្នុងការ​បោះឆ្នោត​នេះ​។ ផ្ទុយទៅវិញ ស្ថាប័ន របស់លោក​ស្រី​បែរជា​អត់ឱន​និង​មិន​ហ៊ាន​រិះគន់​ការរំលោភបំពាន​យ៉ាង​គឃ្លើន​របស់​ទណ្ឌិត សម រង្ស៊ី លើ​សិទ្ធិ​នយោបាយ​របស់​អ្នកដទៃ ដោយបាន​ចាត់ទុក អ្នក​ដែល​ស្វែងរក​ការស្ដារ​នីតិសម្បទា​សិទ្ធិ​នយោបាយ ថា ជា “​ជន​ក្បត់​”​។​

៥. ការគោរព​គោលការណ៍​សត្យានុម័ត ភាពមិនលំអៀង និង​មិន​ជ្រើសរើស​តែមួយ​ជ្រុង របស់​អ្នកនាំពាក្យ ត្រូវបាន​ចោទ​ជា​បញ្ហា ។ ការអធិប្បាយ​របស់លោក​ស្រី បាន​គាំទ្រ​គណបក្ស​មួយ​ថា ជា​គណបក្សប្រឆាំង​ដ៏​សំខាន់​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា ដោយ​មើលស្រាល​គណបក្ស​ដទៃ​ផ្សេងទៀត​។ ជាងនេះទៅទៀត អវត្តមាន​នៃ​គណបក្សនយោបាយ​មួយ​ក្នុងការ​បោះឆ្នោត ដោយសារ​ការបំពានច្បាប់ ពុំបាន​ធ្វើឱ្យ​កម្ពុជា​ងាក​ចេញពី​ប្រព័ន្ធ​ពហុបក្ស​ឡើយ​។ មិន​ថា​លទ្ធផល​បែបណា ការពិត​មួយ​ដែល​មិនអាច​ប្រកែក​បាន​នោះ​គឺ អ្នកបោះឆ្នោត​អាច​ជ្រើសរើស​គណបក្ស​មួយ​ក្នុងចំណោម​គណបក្ស​១៧ ដែល​បាន​ចុះឈ្មោះ​ប្រកួតប្រជែង ហើយ​ដែលមាន​សិទ្ធិ​នយោបាយ​និង​សេចក្ដីថ្លៃថ្នូ​ស្មើៗ​គ្នា និង​ត្រូវតែ​ទទួលបាន​ការគោរព​ដូចៗ​គ្នា មិន​ថាប​ក្សធំ ឬ​បក្ស​តូច​ឡើយ​។​

​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ចាំបាច់​ត្រូវបំពេញ​អាណត្តិ​របស់ខ្លួន​ដោយ​អនុលោម​តាម​សេចក្ដីសម្រេចចិត្ត​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ លេខ A/RES/48/141 ដែល​បង្កើត​ស្ថាប័ន​នេះ​ឡើង​ដោយ​តម្រូវឱ្យ​ការិយាល័យ​នេះ​បំពេញ​មុខងារ​ក្រោម​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​អនុវត្ត​កាតព្វកិច្ច​គោរព​អធិបតេយ្យភាព និង​ដែន​យុត្តាធិការ​របស់​បណ្ដារ​ដ្ឋ​។ កិច្ចសហប្រតិបត្តិការ​ពិតប្រាកដ​ដោយ​គ្មាន​របៀបវារៈ​លាក់កំបាំង​គឺជា​អ្វីដែល​គេ​រំពឹងថា នឹង​ទទួលបាន​ពី​គ្រប់​ទីភ្នាក់ងារ​ទាំងអស់​រប​ស់​អង្គការសហប្រជាជាតិ ដែលមាន​តួនាទី​គាំទ្រ មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​ជា​សមាជិក​ឡើយ​។​

​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បញ្ជាក់ថា កម្ពុជា​បន្ត​បេ្ដ​ជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​បន្តដំណើរ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ប្រព័ន្ធ​ពហុបក្ស​ដែល​ឥត​ងាករេ​របស់ខ្លួន ទាំង​ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​ឆ្នាំនេះ និង​ឆ្នាំ​បន្ទាប់ ឱ្យ​ប្រព្រឹត្ត​ទៅដោយ​សេរី យុត្តិធម៌ មាន​សណ្ដាប់ធ្នាប់ សន្តិវិធី និង​តម្លាភាព​៕ដោយៈ ពល​ជ័យ​,​សួង ពិសិដ្ឋ​

ads banner