អ៊ុយក្រែនកំពុងពិភាក្សាជាមួយយូអិន និងដៃគូរ ពាក់ព័ន្ធនឹងការបើកច្រករបៀងមនុស្សធម៌ ដើម្បីនាំចេញស្បៀងអាហារ

កៀវ៖ ក្រសួងការបរទេសអ៊ុយក្រែន នៅថ្ងៃអង្គារសប្តាហ៍នេះ បានបញ្ជាក់ថា ទីក្រុងកៀវកំពុងជួបពិភាក្សាជាមួយអង្គការសហប្រជាជាតិ (UN) និងដៃគូរផ្សេងទៀត ពាក់ព័ន្ធនឹងការបង្កើតច្រករបៀងមនុស្សធម៌ សម្រាប់ការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែន។

ក្រសួងនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ុយក្រែនបាននឹងកំពុងវិនិយោគលើកិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងការទម្លាយច្រកកំពង់ផែសមុទ្រអ៊ុយក្រែន ដើម្បីការពារវិបត្តិស្បៀងអាហារពិភពលោក។ ក្រសួងការបរទេសអ៊ុយក្រែនថា អ៊ុយក្រែនត្រូវការការធានាសន្តិសុខប្រកបដោយប្រសិទ្ធភាព ដើម្បីស្ដារឡើងវិញនូវការធ្វើនាវាចរណ៍នៅច្រកសមុទ្រខ្មៅ រួមទាំងការដឹកជញ្ជូនអាវុធដើម្បីការពារឆ្នេរសមុទ្រពីការគំរាមកំហែងផ្លូវទឹក និងការចូលរួមរបស់កងនាវាចររបស់ប្រទេសទីបី ដើម្បីល្បាតផ្នែកពាក់ព័ន្ធនៃសមុទ្រនេះ។

ក្រសួងការបរទេសអ៊ុយក្រែន បន្ថែមថា អ៊ុយក្រែនសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់តួកគី ក្នុងគោលបំណងបើកច្រកកំពង់ផែអ៊ុយក្រែន ដោយបន្ថែមថា មិនទាន់មានកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន តួកគី និងរុស្ស៊ីលើបញ្ហានេះត្រូវបានសម្រេចនៅឡើយទេ។

នៅក្នុងឆមាសទីមួយនៃឆ្នាំទីផ្សារបច្ចុប្បន្ន ដែលមានរយៈពេលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ អ៊ុយក្រែនបាននាំចេញដំណាំ និងគ្រាប់ធុញ្ញជាតិ មានតម្លៃប្រហែល ១០ពាន់លានដុល្លារកើនឡើង ៥៦% គិតលើមូលដ្ឋានប្រចាំឆ្នាំ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine កាលពីចុងខែឧសភា ដោយដកស្រង់ទិន្នន័យពីក្លឹបអាជីវកម្មកសិកម្មអ៊ុយក្រែន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner