អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី និងឧកញ៉ា ស្រីចន្ធូ កំពុងច្រៀងអាយ៉ៃឆ្លើយឆ្លង
មណ្ឌលគិរី៖ បន្ទាប់ពីមានការចាប់ខ្លួនមេការ និងកម្មករចំនួន០៨នាក់ ដែលសង្ស័យថា ធ្វើសកម្មភាពដាំកូនឈើ និងហ៊ុមព័ទ្ធចម្ការស្រល់រដ្ឋចំណុចស្រុកអូរាំង យកធ្វើជាកម្មសិទ្ធនោះ គឺបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយរហូតដល់អយ្យការសាលាដំបូងខេត្តមណ្ឌលគិរីចេញសេចក្តីថ្លែងការមួយ ដើម្បីធ្វើការបកស្រាយថែមទៀតផង។
កាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩អ្នកនាំពាក្យនៃអយ្យការសាលាដំបូងខេត្តមណ្ឌលគិរី បានចេញសេចក្តីថ្លែងការមួយ ដោយបញ្ជាក់ថាៈ កាលពីថ្ងៃទី១២ខែតុលា បណ្តាញទំនាក់ទំនងសង្គមឈ្មោះកសិកម្ម ស្រុកស្រែ បានចុះផ្សាយថាធ្លាប់លឺតែកាប់ឈើខុសច្បាប់ ឥលូវដាំដើមឈើលើដីខ្លួនឯងក៏ខុសច្បាប់ដែរ សូមឯកឧត្តមអភិបាលខេត្តមណ្ឌលគិរី ជួយមើលកូនចៅផង។ គ្រាន់តែប្រជាជនសុីឈ្នួលដាំដើមឈើសោះ ចាប់ឃាត់ខ្លួនទាំងមនុស្ស ទាំងរថយន្ត ដឹកកូនឈើ នៅស្រុកអូរាំង ខេត្តមណ្ឌលគិរីដាក់ក្នុងរដ្ឋបាលព្រៃឈើ។ បងប្អូនមានដឹងទេថា ដាំដើមឈើ ខុសច្បាប់ នៅស្រុកអូរាំង ខេត្តមណ្ឌលគិរី។ ល្មមៗបានហើយ កុំឲ្យប្រជាជនបាតុកម្ម។
សេចក្តីថ្លែងការបន្តថា នៅថ្ងៃទី១៣ខែតុលា បណ្តាញសង្គមខាងលើ បានបន្តសរសេរថាៈ លោក ម៉មវណ្ណដា ព្រះរាជអាជ្ញារងខេត្តមណ្ឌលគិរី ប្រជាជនដែលលោកចាប់កាលពីល្ងាចថ្ងៃម្សិលមិញសួរថា
១-តើពួកគាត់ខុសអ្វីដែរ?
២-តើលោកចោទ ពួកគាត់ពីបទអ្វីដែរ? និងបន្តសរសេរថាអំណាចរបស់លោកខ្ពស់ហួសមេឃបានជាលោកចាប់ ប្រជាជនស្រេចតែចិត្តរបស់លោក។ លោកជាមន្ត្រីរាជការផងរកស៊ីដីធ្លីផង ដល់រកស៊ីមិនឈ្នះគេ តាំងរកលេស មករករឿងចាប់គេចាប់ឯង លោកអីក៏អស្ចារ្យម៉្លេះអាងតែគ្នាជាកម្មករមិនចេះអក្សរមិនចេះច្បាប់ លោកចាប់គ្នា គ្រាន់តែស៊ីឈ្នួលមួយថ្ងៃចិញ្ចឹមប្រពន្ធកូនមួយថ្ងៃ។
ការសរសេរបង្ហោះពីគណនីហ្វេសប៊ុកខាងលើសាលាដំបូងខេត្តមណ្ឌលគិរី បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញសាធារណៈជនជ្រាបថា កាលពីថ្ងៃទី ១២ខែតុលាឆ្នាំ២០១៩ ជំនាញខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី អាវុធហត្ថព្រមទាំងនគរបាលស្រុកអូររាំងមានការសម្របសម្រួលនីតិវិធីដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់មាន១-ឈ្មោះជួងសុភារុណ ២-អុិន ហុន ៣-ស៊ុ ខុំ ៤-ឈួន គិ ៥-ហេង ធឿន ៦-ឈី សុផា ៧-ផែង ផេន និង៨-អ៊ន ឃ្នី។ អ្នកទាំងនេះ គឺពាក់ព័ន្ធករណីហ៊ុមព័ទ្ធ ចម្ការស្រល់របស់រដ្ឋ ចំណុចនិយាមការ០៧៣៧៣៨៨-១៣៦៦៨០៩ស្ថិតក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគិរី(ដីចម្ការស្រល់របស់រដ្ឋ)។
អ្នកនាំពាក្យសាលាដំបូងបញ្ជាក់ថាករណីនេះជាករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង ដែលតម្រូវឱ្យមានការឃាត់ខ្លួនជនសង្ស័យដើម្បីសាកសួរតាមនីតិវិធីច្បាប់ និងស្វែងរកអ្នកដែលពាក់ព័ន្ធផ្សេងទៀត។ ពុំមែនជាករណីដូចដែលគណនីបណ្ដាញសង្គមខាងលើចោទប្រកាន់នោះទេ។ហើយក្រោយពីការសាកសួររួចមកឃើញថាអ្នកទាំង៧នាក់ ក្រៅពីមេការ គឺបានអនុញ្ញាតឲ្យទៅផ្ទះវិញហើយ។ដោយឡែកមេការឈ្មោះ ជូង សុភារុណ ដែលជាមេការក្រុមហ៊ុន7NG និងបក្ខពួក អយ្យការ សាលាដំបូងខេត្តមណ្ឌលគីរី បានសម្រេចចោទប្រកាន់ ពីបទ ហុំព័ទ្ធកាន់កាប់ដីព្រៃ តាមបញ្ញត្តិមាត្រាលេខ៩៧ កថាខណ្ឌទី១ចំណុច៦នៃច្បាប់ស្តីពីព្រៃឈើ។
ចំពោះសេចក្តីថ្លែងការណ៍របស់អយ្យការសាលាដំបូងខេត្តមណ្ឌលគីរីនោះត្រូវបានលោក ស្រី ចន្ធូ នាយកក្រុមហ៊ុន7NGតបថាៈ ខ្ញុំបាទឈ្មោះ ស្រី ចន្ធូ សូមធ្វើការបដិសេធទាំងស្រុង និងសូមបំភ្លឺចំពោះសេចក្តីថ្លែងការណ៍របស់អយ្យការសាលាដំបូងខេត្តមណ្ឌលគិរី។ ដីដែលខ្ញុំ បានទិញនៅស្រុកអូរាំង ខេត្តមណ្ឌលគិរី ដែលមានទំហុំសរុបប្រមាណជា៥៣ហិកតាគឺជាដីដែលខ្ញុំបានទិញជាលក្ខណៈបុគ្គល សម្រាប់ធ្វើចំការ និងកសិដ្ឋានចិញ្ចឹមគោ គិតចាប់ពីឆ្នាំ២០១៨កន្លងមក។
ខ្ញុំបាទបានទិញពីប្រជាពលរដ្ឋដោយមានការទទួលស្គាល់ និងដឹងឮពីអាជ្ញាធរភូមិឃុំស្រុកដោយមានការបង់ពន្ធប្រថាប់ត្រាស្របច្បាប់ត្រឹមត្រូវ ដូច្នេះ ខ្ញុំសូមធ្វើការបដិសេធទាំងស្រុងចំពោះបុគ្គលដែលបានចោទខ្ញុំបាទថា ខ្ញុំបានរំលោភព័ទ្ធយកដីរបស់រដ្ឋ គឺករណីបង្ខូចបង្កាច់កេរ្តិ៍ក្នុងចេតនាញុះញង់ ក្នុងចេតនាទុច្ចរិតតែប៉ុណ្ណោះ ខ្ញុំបាទសង្ឃឹមថាអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី នឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីផ្ដល់ភាពត្រឹមត្រូវ ដល់ខ្ញុំបាទ ដោយសេចក្តីអនុគ្រោះ។
គួរំលឹកថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើ ដែលសហការគ្នាជាមួយនឹងកម្លាំងកងរាជអាវុធហត្ថ ព្រមទាំងកម្លាំងអធិការដ្ឋាននគរបាលស្រុកអូររាំងក្រោមការបញ្ជាផ្ទាល់ពីព្រះរាជអជ្ញារង នៃសាលាដំបូងខេត្តមណ្ឌលគិរី គឺបានចុះឃាត់ខ្លួនមនុស្សចំនួន ០៨ នាក់ អ្នកដែលមានមេការម្នាក់មានឈ្មោះជួង សុភារុណ ព្រមទាំងកម្មករ០៧នាក់ផ្សេងទៀត ពេលដែលពួកគេ កំពុងតែធ្វើសកម្មភាព ដាំបង្គោលរបងថ្មព័ទ្ធរបងលួស និងដាំដើមផ្កាលម្អ ដើម្បីហ៊ុមព័ទ្ធយកដីចំការស្រល់របស់រដ្ឋ ដែលមានទីតាំង នៅខាងមុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើអូររាំង ស្ថិតនៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី ។ ហើយវត្ថុតាងដែលរឹបអូសនៅពេលនោះ គឺមានរថយន្តកូរ៉េមួយគ្រឿង ម៉ូតូចំនួន០១គ្រឿង កាំបិតផ្គាកចំនួន២ ផ្លែ និងសម្ភារៈមួយចំនួនទៀត។
ក្នុងករណីនេះ សមត្ថកិច្ចបានបង្ហាញ អំពីឯកសារដីធ្លីចំនួនពីរផ្ទាំង បានមកពីមេការដែលផ្ទាំងទី០១នោះ គឺជាលិខិត ផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ដែលមានឈ្មោះតែម កែវកន្និការ អាយុ៣៣ឆ្នាំ គឺបានព្រមព្រៀងឯកភាព ប្រគល់សិទ្ធិកាន់កាប់ ចំការមួយកន្លែង ដែលពុំទាន់មានប័ណ្ណសំគាល់សិទ្ធិ កាន់កាប់អចលនវត្ថុនៅឡើយ ហើយបានកាន់កាប់ចាប់ពីឆ្នាំ ២០០០ ស្ថិតនៅក្នុងភូមិបូរាណ ឃុំសែនមនោរម្យស្រុកអូររាំង ខេត្តមណ្ឌលគិរី លើទំហំផ្ទៃដី២៦៦០០ម៉ែត្រការ៉េ។ ឈ្មោះខាងលើ គឺបានផ្ទេរទៅឲ្យ ឈ្មោះស្រីចន្ធូ ភេទប្រុស អាយុ៣៨ ឆ្នាំ ជាជនជាតិខ្មែរ មានទីលំនៅ នៅទីក្រុងភ្នំពេញ។ ខ្ញុំលិខិតនេះផងទៀត គឺមានការចុះហត្ថលេខាអនុញ្ញាត ពីអតីត អភិបាលស្រុកអូររាំង លោក នង ទុណ្ណារី ព្រមទាំងមានការ ប្រថាប់ត្រា បង្គន់ទៅសាខា ពន្ធដារខេត្តមណ្ឌលគីរី ដែលមាន ហត្ថលេខា ប្រធាន សាខាពន្ធដារខេត្ត លោកហេង ស៊ីប៉ា នោះផងទៀត។
ចំពោះលិខិត១ផ្ទាំងទៀតគឺឈ្មោះ ប្រែម តែម ភេទប្រុស អាយុ៦០ឆ្នាំ បានព្រមព្រៀងឯកភាពប្រគល់សិទ្ធិកាន់កាប់ ដីចំការមួយកន្លែង ដែលមិនទាន់មានប័ណ្ណសំគាល់សិទ្ធិកាន់កាប់អចលនវត្ថុនៅឡើយ ហើយបានកាន់កាប់កម្មវិធីឆ្នាំ ២០០០ក្នុងភូមិពូរ៉ាងឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី លើទំហំផ្ទៃក្រឡា២៨១១១០ម៉ែត្រការ៉េ។ ឈ្មោះខាងលើនេះ គឺបានផ្ទេរទៅឱ្យឈ្មោះ ស្រី ចន្ធូ ភេទប្រុស អាយុ ៣៨ ឆ្នាំ មានការចុះហត្ថលេខា ពីអតីតអភិបាលស្រុកអូររាំង គឺលោកនងទុណ្ណារី និងក៏មានការបង់ពន្ធប្រថាប់ត្រា ទៅសាខាពន្ធដារខេត្តមណ្ឌលគិរី ដែលមានប្រធានសាខាពន្ធដារខេត្ត លោកហេងស៊ីប៉ាផងដែរ៕ធ.ដ
ដោយៈសាតចាន់បុត្រ