មាត់ថា ទេ! តែដៃលូក៖នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត រិះគន់​​គណបក្ស​ភ្លើងទៀន

ភ្នំពេញ​៖ ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​បានធ្វើការ​រិះគន់​ទៅលើ​គណបក្ស​ភ្លើងទៀន​ដែល​បង្ហាញ​ពី​ភាពមិនច្បាស់លាស់​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការប្រកាស​បដិសេធ​មិន​ទទួលស្គាល់​ការបោះឆ្នោត​តែ​ទទួល​អាសនៈ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៥ ​ឆ្នាំ​២០២២ ​និង​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ រួម​របស់​គណបក្ស​ភ្លើងទៀន ​ដោយសារ​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​នេះ​ហាក់បីដូចជា​នៅ​ស្តាយ​អាសនៈ​ដែល​ទទួលបាន​។​

លោក​បណ្ឌិត សេក សុជាតិ នាយក​ប្រតិបត្តិ​នៃ​អង្គការ​អភិវឌ្ឍន៍​ផ្នត់គំនិត​បាន​មានប្រសាសន៍ប្រាប់ AMS នៅ​ល្ងាច​ថ្ងៃទី​0៩ ខែមិថុនា​នេះ​ថា គណបក្ស​ភ្លើងទៀន​បានប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត តែ​ទទួលយក​អាសនៈ​ក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ខ្លួន​ទទួលបាន​។ នេះ គឺ​មិនបាន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រួមរបស់​គណបក្ស​ភ្លើងទៀន​ដោយសារ​ថ្នាក់ដឹកនាំ​គណបក្ស​មួយ​នេះ​ហាក់បីដូចជា​នៅ​ស្តាយ​អាសនៈ​ដែល​ទទួល​បានជា​ងពីរពាន់​អាសនៈ​ ដែលទទួលបាន​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិ​ទី​៥ ដែល​បាន​ប្រព្រឹត្តទៅ​កាលពីថ្ងៃទី​០៥ ខែ មិថុនា ឆ្នាំ​២០២២​។ ​លោក​បន្តថា ក៏ប៉ុន្តែ​យើង​ឃើញថា គណបក្ស​ភ្លើងទៀន គឺ​ចង់បាន​មែនទែន​ចំពោះ​អាសនៈ​ដែល​ខ្លួន​ទទួលបាន ប៉ុន្តែ​បែរជា​បដិសេធ​ចំពោះ​ការប្រកាស​លទ្ធផល​ដែល​បង្ហាញ​ឱ្យ​ឃើញថា ខ្លួន​មិន​ពេញចិត្ត​ចំពោះ​ការ បោះឆ្នោត តែ​ហាក់បីដូចជា​បញ្ច្រាស់​នៅ​អ្វីដែលជាគោលការណ៍​រប​ស់​គណបក្សនយោបាយ​នីមួយៗ​។​ លោក​បណ្ឌិត សេក សុជាតិ យល់ឃើញថា ការបដិសេធ​លទ្ធផល​បោះឆ្នោត តែ​ទទួលយក​អាសនៈ​នេះ គឺ​បង្ហាញ​ពី​ភាពមិនច្បាស់លាស់​របស់​គណបក្ស​ភ្លើងទៀន នៅក្នុង​ការរៀប​ចំការ​បោះឆ្នោត​នេះ​។​

ដោយឡែក អ្នកនាំពាក្យ​គណ​:​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ឯកឧត្តម សោម សូ​រី​ដា បាន​មានប្រសាសន៍ប្រាប់ AMS កាលពី​ល្ងាច​ថ្ងៃទី​០៦ ខែមិថុនា​នេះ​ថា គណបក្សនយោបាយ​ចំនួន​បួន​ដែល​នាំមុខគេ​ក្នុងការ​ទទួល​ការ គាំទ្រ​ពី​ប្រជាពលរដ្ឋ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គឺ​១. គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​សំឡេង ៥,៣៣៧,៧៥៤ សំឡេង គិត​ជា​ភាគរយ​ស្មើ ៧៤,៣២​ភាគរយ​។ ២. គណបក្ស​ភ្លើងទៀន​ទទួលបាន ១,៦១០,៤៣៤​សំឡេង​ស្មើ ២២,២៦​ភាគរយ ។ ៣. គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន ៩១,៧៩៣​សំឡេង​ស្មើ ១ ,២៧​ភាគរយ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ទទួលបាន​៦៣,៩៤៧​សំឡេង​ស្មើ ០,៨៨​ភាគរយ​។ ចំណែក​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ ទទួលបាន ៣៣,៣០៥​សំឡេង​ស្មើ ០,៥២​ភាគរយ​។​

ឯកឧត្តម សោម សូ​រី​ដា បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​មាន​ចំនួន ៧,៣៨២,៤៤៩​នាក់​ស្មើនឹង​៨០,១៩​ភាគរយ​នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​៩,២០៥,៦៨១​នាក់ ។ ចំណែកឯ​សន្លឹកឆ្នោត​បានការ​មាន​ចំនួន ៧,២៣៦,២៤៤​សន្លឹក​,​សន្លឹកឆ្នោត​មិនបានការ​មាន​ចំនួន ១៤៦,២០៥​សន្លឹក ស្មើនឹង ១,៩​ភាគរយ​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២​នេះ​។​

សូមជម្រាបថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២២ ដោយមាន​គណបក្សនយោបាយ​ចំនួន ១៧​ចូលរួម​ប្រ​កូត​ប្រជែង​៕
ដោយ៖ពល​ជ័យ​

ads banner