គ.ជ.បនឹងធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាថ្ងៃទី១៣-១៤ ខែមិថុនា
ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន ជូនដំណឹងដល់គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និង អន្តរជាតិ ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយ ជាតិ និងអន្តរជាតិទាំងអស់ថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប ទទួលស្បោង “ឃ” និងកញ្ចប់ “ឃ ពិសេស” ព្រមទាំងសម្ភារ ឯកសារពាក់ព័ន្ធពី គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ។
បន្ទាប់ពីបានទទួលសម្ភារ និងឯកសារខាងលើ គ.ជ.ប នឹង ធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ឡើងវិញនូវលទ្ធផលនៃការ បោះឆ្នោត តាមឃុំ សង្កាត់ទាំងអស់ នាថ្ងៃទី១៣-១៤ ខែមិថុនា ចាប់ពីវេលាម៉ោង ៩ទីព្រឹកតទៅ នៅទីស្តីការ គ.ជ.ប។
សេចក្តីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញដល់តំណាងគណបក្សនយោបាយដែល បានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ព្រមទាំង អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើល និងយកព័ត៌មាន៕
ដោយ៖រ៉ាវុធ