ផ្ទះកាកបាទក្រហមជាអំណោយមនុស្សធម៌លើកទី៨ បានប្រគល់ជូន គ្រួសារក្រីក្រស្ត្រីមេម៉ាយកូនច្រើននៅមង្គលបុរី
ខេត្តបន្ទាយមានជ័យ ៖ គ្រួសារ លោកស្រី វឿន សារឿង អាយុ៤០ឆ្នាំ នៅភូមិអូរស្ងួត ឃុំអូប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ រស់នៅក្នុងសភាព ក្រីក្រ មិនមានមុខរបរច្បាស់លាស់ ប្រភពចំណូលពឹងលើកូនៗ ធ្វើកម្មករ និងដោយមានសមាជិករស់នៅអចិន្ត្រៃយ៍ក្នុងបន្ទុកចំនួន ៦ នាក់ ស្រី ៥ នាក់ ហើយលោកស្រី ក៏មានជំងឺប្រចាំកាយថែមទៀត ដោយពិនិត្យមើលឃើញពីភាពលំបាកគ្មានផ្ទះសំបែងត្រឹមត្រូវ សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ក៏បានសម្រេច ផ្ដើមរកជាងដើម្បីម៉ៅការសាងសង់ផ្ទះថ្មី ១ខ្នងមានទំហំទទឹង ៤ម៉ែត្រ បណ្ដោយ ៧ម៉ែត្រ កម្ពស់ ៣,៨ម៉ែត្រ សង់ពីដែក (S) ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ចាក់សាបស៊ីម៉ង់ផ្ទាល់ដី និងបង្គន់អនាម័យមួយខ្នង ចំណាយថវិកាអស់ ២៤៩៧,១០ ដុល្លារសហរដ្ឋអាមេរិច មូលនិធិសាខាកាកបាទក្រហម ១០០%។
ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ពិធីប្រគល់ផ្ទះថ្មីព្រមទាំងផ្ដល់នូវសម្ភារៈអំណោយមនុស្សធម៌បន្ថែមនាថ្ងៃនេះ គឺជាផ្ទះនិងអំណោយមនុស្សធម៌លើកទី ៨ ដែលមានលក្ខណៈសមរម្យ រឹងមាំជាប្រភេទផ្ទះតៀម អាចកាត់បន្ថយភាពងាយរងគ្រោះបានមួយកម្រិត ក្នុងការស្នាក់នៅប្រចាំថ្ងៃហើយការអនុវត្តគម្រោងសាងសង់ផ្ទះជូនគ្រួសារក្រីក្រខ្វះជម្រក ស្នាក់នៅនេះ ពិតជាបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានដឹកនាំ។
ក្នុងនាមសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី សូមគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋានរួមមាន ដែលបានបន្តបរិច្ចាគធនធាន ថវិកា សម្ភារៈ ចូលរួមគាំទ្រដល់សាខាកាកបាទក្រហមខេត្ត ធ្វើឱ្យសាខាមានលទ្ធភាពជួយដល់ជនរងគ្រោះ ងាយរងគ្រោះ ទីទាល់ក្រ ចាស់ជរាគ្មានទីពឹង និងកុមារកំព្រាជាដើម ។
បន្ទាប់ពីពិធីប្រគល់ផ្ទះ សាខាកាកបាទក្រហម បានផ្ដល់អំណោយមនុស្សធម៌បន្ថែមរួមមាន អង្ករ ៥០គីឡូក្រាម ត្រីខ ២យួរ មី ២កេសតូច ទឹកត្រី ១យួរ មុង ១ ភួយ ១ សារុង ១ ក្រមា ១ អាវយឺត ២ តង់ប្លាស្ទីក ១ផ្ទាំង ធុងទឹកជ័រ ៦០ លីត្រ ១ កន្ទេលជ័រ ១ ឆ្នាំង ២ ចាន ៥ ស្លាបព្រា ៥ ។ ក្នុងនោះផងដែរឯកឧត្តម លោកជំទាវ បានផ្ដល់នូវអំណោយដល់លោកតាលោកយាយចូលរួមម្នាក់ៗសារុង ១ ក្រមា ១ និងអាវយឺត ២ ៕ ដោយ៖ឃិន គន្ធា