សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូន ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ដោយស្នើឱ្យពិចារណាឡើងវិញ ចំពោះការអនុវត្តទោសប្រហារជីវិតលើក្រុមអ្នកប្រឆាំង

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានផ្ញើសារលិខិតមួយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ជូននាយឧត្តមសេនីយ៍ មីង អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយស្នើឱ្យពិចារណាឡើងវិញចំពោះការអនុវត្តទោសប្រហារជីវិតលើក្រុមអ្នកប្រឆាំង ។

ក្នុងសារលិខិតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ដូច្នេះថា៖ ឯកឧត្តម នាយឧត្តម សេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា, ខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែល ឯកឧត្តម និងខ្ញុំបានរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងផ្លាស់ប្តូរទស្សនៈលើបញ្ហានានាដែលចាត់ទុកថាមានសារៈសំខាន់សម្រាប់មីយ៉ាន់ម៉ា និងកម្ពុជា ក៏ដូចជាអាស៊ានផងដែរ។ ការសន្ទនារបស់យើងអនុញ្ញាតឱ្យយើងឈានទៅដល់ការយល់រួមគ្នាលើបញ្ហាផ្សេងៗដែលមានផលប៉ះពាល់យ៉ាងធំធេងលើសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសរបស់យើង និងអាស៊ានទាំងមូល ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖ ខ្ញុំមិនមានមន្ទិលទេថា ឯកឧត្តម ពិតជាដឹងយ៉ាងច្បាស់ថា សព្វថ្ងៃនេះ តំបន់របស់យើងគឺជាចំណុចកណ្តាល នៃយុទ្ធសាស្ត្រភូមិសាស្ត្ររបស់មហាអំណាច ខណៈពេលដែលការប្រកួតប្រជែងរវាងពួកគេកំពុងតែកើនឡើង។ ជាមួយនឹងការវិវឌ្ឍបែបនេះ ចំណាប់អារម្មណ៍ជាច្រើនកំពុងផ្តោតទៅលើការអភិវឌ្ឍ ក្នុងតំបន់ អាស៊ាន និងទៅលើភាពជឿជាក់ និងប្រសិទ្ធភាពរបស់អាស៊ាន ក្នុងនាមជាគ្រួសារតំបន់ដែលយកប្រជាជនជាស្នូល ។ ការវិវឌ្ឍ ក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងទទួលការចាប់អារម្មណ៍ខ្ពស់ និងត្រូវបានគេតាមដាន សង្កេតដោយមនុស្សជុំវិញពិភពលោក។ ការផ្តន្ទាទោស និងផែនការប្រហារជីវិតលើបុគ្គលមួយចំនួនដែលប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅរបស់អាស៊ាន ។

សម្ដេចបន្ថែមថា កម្ពុជាជឿជាក់ថា ផែនការប្រហារជីវិតនេះ ប្រសិនបើត្រូវបានអនុវត្ត ប្រាកដជានឹងបង្កឱ្យមានប្រតិកម្មអវិជ្ជមានរីករាលដាលពេញ សហគមន៍អន្តរជាតិ។ នេះក៏នឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន និងកម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ដើម្បីគាំទ្រមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិបច្ចុប្បន្ន តាមរយៈដំណើរការសន្ទនាដែលមានបរិយាប័ន្ន ស្របតាមកិច្ចព្រមព្រៀងជា ឯកច្ឆ័ន្ទប្រាំចំណុចរបស់អាស៊ាន ។

សម្តេតេជោ បានបន្តទៀតថា អាស្រ័យហេតុនេះ ដោយក្តីបារម្ភយ៉ាងជ្រាលជ្រៅ និងបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការជួយមីយ៉ាន់ម៉ាឱ្យសម្រេចបាននូវសន្តិភាព និងការផ្សះផ្សាជាតិ ខ្ញុំសូមស្នើដោយស្មោះស្ម័គ្រ ដល់ ឯកឧត្តម និងក្រុមប្រឹក្សារដ្ឋបាលរដ្ឋឱ្យពិចារណាឡើងវិញនូវការផ្តន្ទាទោសនេះ និងជៀសវាង ការអនុវត្ត ការ កាត់ទោសប្រហារជីវិតដល់អ្នកដែល ប្រឆាំងនឹងក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ទាំងនោះ ។

សម្ដេចតេជោ សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម នឹងពិចារណាដោយយោគយល់ ចំពោះការអំពាវនាវរបស់ខ្ញុំទៅលើ ករណីនេះ ។

សម្ដេចក៏ឆ្លៀតឱកាសនេះ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់កម្ពុជាម្តងទៀត ក្នុងការជួយមីយ៉ាន់ម៉ាឱ្យវិលទៅរកភាពប្រក្រតីឡើងវិញ និងការចូលរួមពេញលេញរបស់មីយ៉ាន់ម៉ាក្នុងដំណើរការកសាងសហគមន៍អាស៊ាន។ សូម ឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ និងសូមជូនសព្វសាធុការ ពរដល់ ឯកឧត្តម ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner