ឆក់កាបូបបានសម្រេច តែត្រូវសមត្ថកិច្ចកំពុងជិះល្បាតតាមផ្លូវដេញតាមឃាត់បានម្នាក់ គេចខ្លួនម្នាក់

ភ្នំពេញ ៖ ជនសង្ស័យ ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងឈរតាមផ្លូវបានសម្រេច ហើយត្រូវស្ត្រីរងគ្រោះស្រែចោរៗផ្អើលដល់សមត្ថកិច្ចចាប់បានម្នាក់ រត់គេចខ្លួនម្នាក់ នៅវេលាម៉ោង២២និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៥៧ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះអៀង អុំ ភេទ ស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់ នៅភូមិសាលា មនាង ឃុំបឹងព្រាវ ស្រុកស្រែអំពិល ខេត្តកោះកុង។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនឈ្មោះថោង សីហា ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះ កាន់កាបូបយួរពណ៌ខ្មៅ ក្នុងកាបូបមាន ៖ ខ្សែកមាស ១ខ្សែ ទម្ងន់ ១ តម្លឹង, ខ្សែដៃមាស ១ខ្សែ ទម្ងន់ ៥ជី, ប្រាក់ ១២ម៉ឺនរៀល និងទូរស័ព្ទដៃ ០១គ្រឿង ម៉ាក Oppo ពណ៌ខៀវ ឈរចាំកូន ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះថោង សីហា និងឈ្មោះ រ៉ូ ដើរមកជិត ឆក់កាបូបពីដៃជនរងគ្រោះបានសម្រេចរត់គេចខ្លួន ពេលនោះជនរងគ្រោះស្រែកចោរៗ ក៏មានសមត្ថកិច្ចល្បាតក្បែរនោះ ជួយអន្តរាគមន៍ ឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះថោង សីហា រួមនិងវត្ថុតាងកាបូបយួរជនរងគ្រោះ បញ្ជូនមកប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ។ រីឯ ជនសង្ស័យឈ្មោះ រ៉ូ រត់គេចខ្លួនបាត់។ ជាលទ្ធផលធ្វើតេស្តិ៍ទឹកនោមជនសង្ស័យ វិជ្ជមាន (មានសារធាតុញៀន)៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner