មនុស្ស​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង​អំពើ​ហិង្សា​កាំភ្លើង​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ និង​ទូទាំង​សហរដ្ឋ​អាមេរិក​

វ៉ាស៊ីនតោនបាតុករ​រាប់​ម៉ឺន​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​​ទីក្រុង​វ៉ាស៊ីនតោន​ និង​កន្លែង​ផ្សេង​ៗ​ទៀត​ទូទាំង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍ ​ដើម្បី​ទាមទារ​ឱ្យ​សមាជិក​សភា​អនុម័ត​ច្បាប់​​ទប់​ស្កាត់​អំពើ​ហិង្សា​ដោយ​កាំភ្លើង​ បន្ទាប់​ពី​ការ​សម្លាប់​រង្គាល​កាល​ពី​ខែ​មុន​នៅ​សាលាបឋម​សិក្សា​មួយ​ក្នុង​រដ្ឋ​តិច​សាស់​។​

ការ​ប្រមូល​ផ្ដុំ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​អ្នក​ប្រមូល​ផ្ដុំ​ដើម្បី​ជីវិត​យើង​ (MFOL) ​មាន​ការ​ចូល​រួម​ពី​មនុស្ស​ប្រមាណ​ ៤០ ០០០ ​នាក់​នៅ​ក្រុង​វ៉ាស៊ីនតោន​ ខណៈ​ការ​តវ៉ា​ទូទាំង​ប្រទេស​មាន​ចំនួន​ ៤៥០ ​កន្លែង​ខុស​ៗ​គ្នា​។​ ក្រុម​ (MFOL) ​ជា​ក្រុម​ប្រមូល​ផ្ដុំ​ ដែល​បង្កើត​ឡើង​ដោយ​សិស្ស​សាលា​រួច​​ផុត​ពី​ការ​សម្លាប់​រង្គាល​នៅ​វិទ្យាល័យ​ Marjory Stoneman Douglas ​ក្នុង​រដ្ឋ​ផ្លរីដា​ នៅ​ឆ្នាំ​ ២០១៨​។​ ​

បាតុកម្ម​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍ ​ធ្វើ​ឡើង​ប៉ុន្មាន​៣​សប្ដាហ៍​បន្ទាប់​ពី​ខ្មាន់​កាំភ្លើង​បើក​ការ​បាញ់​សម្លាប់​រង្គាល​ក្នុង​សាលា​បឋម​សិក្សា​មួយ​កន្លែង​នៅ​ក្រុង​ Uvalde ​រដ្ឋ​តិចសាស់​ ដោយ​សម្លាប់​ក្មេង​ចំនួន​ ១៩ ​នាក់​ និង​គ្រូ​បង្រៀន​២​នាក់​ ដែល​ការ​បាញ់​ប្រហារ​នេះ​ ធ្វើ​ឡើង​តែ​ ១០ ​ថ្ងៃ​ប៉ុណ្ណេះ​ បន្ទាប់​ពី​ការ​បាញ់​សម្លាប់​មនុស្ស​ ១០ ​នាក់​នៅ​ក្រុង​ Buffalo ​ក្នុង​រដ្ឋ​ញូវយ៉ក​​​​។

អភិបាល​ក្រុងវ៉ា​ស៊ីនតោន​ឌីស៊ី​ អ្នក​ស្រី​ Muriel Bowser ​ទាក់​ទាញ​ការ​អបអរ​សាទរ​យ៉ាង​ខ្លាំង​ពី​ហ្វូង​មនុស្ស​នៅ​ទីនោះ​ ពេល​អ្នក​ស្រី​អំពាវ​នាវ​ឱ្យ​មាន​ច្បាប់​ស្ដី​ពី​ការ​គ្រប់​គ្រង​កាំភ្លើង​រួម​។​ អ្នក​ស្រី​និយាយ​ថា​៖​​ «​យើង​មិន​ចាំ​បាច់​រស់​នៅ​បែប​នេះ​ទេ​​»​ ហើយ​បន្ថែម​ថា​ ប្រជាជន​ក្នុង​ប្រទេស​ផ្សេង​ទៀត​ក៏​មិន​រស់​នៅ​បែប​នេះ​ដែរ​​។ ​

​ការ​បាញ់​ប្រហារ​ប៉ុន្មាន​ចុង​ក្រោយ​ បាន​បន្ថែម​ភាព​បន្ទាន់​ថ្មី​ដល់​ការ​ជជែក​ដេញ​ដោល​របស់​ប្រទេស​ ជុំ​វិញ​អំពើ​ហិង្សា​​ដោយ​កាំភ្លើង​ ទោះ​បី​ជា​ការ​រំពឹង​ទុក​សម្រាប់​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​របស់​សហព័ន្ធ​នៅ​តែ​មិន​ប្រាកដ​ប្រជា​ ដោយ​សារ​ការ​ប្រឆាំង​យ៉ាង​ម៉ឺង​ម៉ាត់​របស់​គណបក្ស​សាធារណ​រដ្ឋ​ចំពោះ​ការ​កំណត់​ណា​មួយ​លើ​អាវុធ​ក្ដី​។​

​​ប៉ុន្មាន​​សប្តាហ៍​​​ថ្មី​ៗ​​​នេះ​ ក្រុម​​អ្នក​​ចរចា​​ព្រឹទ្ធ​សភា​​ទ្វេ​ភាគី​​មួយ​​ក្រុម​​បាន​​ប្តេជ្ញា​​ថា​​នឹង​​សម្រេច​លើ​​កិច្ច​ព្រម​ព្រៀង​​មួយ​​ទោះ​បី​​ពួក​គេ​​មិន​ទាន់​​ឈាន​ដល់​​កិច្ច​ព្រម​ព្រៀង​​ក្ដី​។​ កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​គឺ​ផ្តោត​លើ​ការ​ផ្លាស់​ប្តូរ​តិច​តួច​ ដូច​ជា​ការ​លើក​ទឹក​ចិត្ត​រដ្ឋ​នានា​ឱ្យ​អនុម័ត​ច្បាប់​ «Red Flag»​ ដែល​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​រក្សា​ទុក​កាំភ្លើង​ពី​បុគ្គល​ដែល​ចាត់​ទុក​ថា​មាន​គ្រោះថ្នាក់​។​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ ចូ ​បៃដិន​ Joe Biden ​ដែល​បាន​បង្ហាញ​ពី​ការ​គាំទ្រ​ចំពោះ​បាតុ​កម្ម​កាល​ពី​ថ្ងៃ​សៅរ៍​ ​កាល​ពី​ដើម​ខែ​នេះ​ បាន​ជំរុញ​ឱ្យ​សភា​ហាម​ឃាត់​អាវុធ​វាយ​ប្រហារ​ ពង្រីក​​ការ​​ត្រួត​​ពិនិត្យ​សាវតា​នៃ​អ្នក​កាន់​កាំភ្លើង​ និង​អនុវត្ត​វិធានការ​ផ្សេង​ៗ​ទៀត​។​

ក្នុង​​ឆ្នាំ​ ២០២០ ​កាំភ្លើង​បាន​ក្លាយ​ជា​មូលហេតុ​នាំ​មុខ​គេ​នៃ​ការ​ស្លាប់​ក្នុង​ចំណោម​មនុស្ស​អាយុ​ចន្លោះ​ពី​ ១ ​ឆ្នាំ​ដល់​ ១៩ ​ឆ្នាំ​នៅ​សហរដ្ឋ​អាមេរិក​ ច្រើន​ជាង​គ្រោះ​ថ្នាក់​ចរាចរណ៍​ ការ​ប្រើ​គ្រឿង​ញៀល​ជ្រុល​ ឬ​ជំងឺ​មហារីក​។​ យោង​តាម​អ្នក​ផ្ដល់​ទិន្នន័យ​ស្ដី​ពី​អំពើ​ហិង្សា​កាំភ្លើង​ Gun Violence Archive ​គិត​ត្រឹម​តែ​ឆ្នាំ​​ ២០២២ ​នេះ​តែ​ឯង​ ការ​បាញ់​ប្រហារ​ទ្រង់​​ទ្រាយ​ធំ​នៅ​សហរដ្ឋ​អាមេរិក​ បាន​កើត​ឡើង​ចំនួន​ ២៥៤ ​ករណី​ និង​ជា​រួម​សម្លាប់​មនុស្ស​ជាង​ ១៩ ៣០០ ​នាក់​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner