សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ នៅប្រទេសសឹង្ហបុរី

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់បណ្ឌិត ចន ឈឹបមែន អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិ សម្រាប់សិក្សាយុទ្ធសាស្ត្រ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមភូមិន្ទ ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ (កិច្ចសន្ទនាសាំងគ្រីឡា) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទិ១២ ខែមិថុនា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី។

អញ្ជើញអមសម្តេចពិជ័យសេនា ចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី១៩ នៅប្រទេសសឹង្ហបូរីនាឱកាសនោះរួមមាន ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ វង្ស ពិសេន អគ្គមេបញ្ជាការ ខភម នាយត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា អគ្កនាយក អគ្គនាយកដ្ឋាននយោបាយ និង កិច្ចការបរទេស និង ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរង កងទ័ពជើងគោក ។

ថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី ៤ នៃកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៩ ក្រោមប្រធានបទ ទំនើបកម្មយោធា និង សមត្ថភាពការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ៖ ការធ្វើទំនើបកម្មផ្នែកយោធានិងការកសាងសមត្ថភាពក្នុងវិស័យការពារជាតិ គឺជាកាតព្វកិច្ចសម្រាប់ប្រទេសជាតិនីមួយៗ ដោយអនុលោមទៅតាមបរិស្ថានសន្តិសុខរបស់ប្រទេសខ្លួន របស់តំបន់ និងពិភពលោក។ កត្តាកំណត់សំខាន់បំផុត គឺការការពារប្រកបដោយបុព្វហេតុត្រឹមត្រូវនិងយុត្តិធម៌ នូវអធិបតេយ្យនិងបូរណ ភាពទឹកដីរបស់យើងរៀងៗខ្លួន ។

ទាក់ទងទៅនិងការធ្វើទំនើបកម្មនៅមូលដ្ឋានកងទ័ពជើងទឹករាម សម្តេចពិជ័យសេនា បានសង្កត់ធ្ងន់ថា៖ កម្ពុជាជារដ្ឋមួយដែលមានឯករាជ្យភាព អធិបតេយ្យ និងសិទ្ធិពេញលេញ ក្នុងការចាត់ចែងវាសនាប្រទេសជាតិរបស់ខ្លួន ដូចមានចែងនៅក្នុងមាត្រា៥៣ នៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានខ្លឹមសារ “ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតិឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មិនអនុញាតិឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ។

ព្រះរាជាណាចក្រកម្ពុជា រក្សាសិទ្ធិទទួលជំនួយបរទេស ជាសម្ភារៈយោធា អាវុធ គ្រប់រំសេវ ការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ និងជំនួយផ្សេងៗទៀត ដើម្បីការពារខ្លួន និងធានាសណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈនៅផ្ទៃក្នុងប្រទេស”។ តែគួរឲ្យស្តាយ កម្ពុជាទទួលរងការចោទប្រកាន់ឥតឈប់ឈរថាកំពុង ផ្តល់ភាពផ្តាច់មុខដល់បរទេស ដើម្បីគ្រប់គ្រងមូលដ្ឋាននេះ។ សម្តេចពិជ័យសេនា បញ្ជាក់បន្ថែមថា ៖ ការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈបង្កើតបញ្ហាបែបនេះ គឺជាការមាក់ងាយដល់សមត្ថកិច្ច និងអភិបាលកិច្ចរបស់កម្ពុជា យ៉ាងពេញទី។

សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ៖ កម្ពុជាគឺនៅតែជាម្ចាស់នៃមូលដ្ឋានកងទ័ពជើងទឹករាមជាដរាប ហើយការអភិវឌ្ឍន៍មូលដ្ឋាននេះទៀតសោត មិនមែនជាការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេស ឬតំបន់ណាមួយ ទោះជិតក្តី ឬឆ្ងាយក្តី នោះឡើយ។ យើងចាត់ទុកការចោទប្រកាន់សព្វបែបយ៉ាងនេះ ជាលេសដើម្បីបំផ្លាញផលប្រយោជន៍របស់កម្ពុជា។

សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើការបញ្ជាក់ឡើងវិញថា៖ ការអភិវឌ្ឍន៍សមត្ថភាពកងយោធពលខេមរភូមិន្ទ មិនមែនមានត្រឹមតែការធ្វើទំនើបកម្មនៅមូលដ្ឋានរាមប៉ុណ្ណោះទេ។ យើងនឹងបន្តធ្វើឲ្យកងយោធពលខេមរភូមិន្ទ មានសមត្ថភាពកាន់តែខ្ពស់ មិនត្រឹមតែអាចធានាដល់ការការពារអធិបតេយ្យនិងបូរណភាពទឹកដីរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងអាចបំពេញបាននូវករណីកិច្ចដទៃទៀត ប្រកបដោយជោគជ័យ ដូចជាការប្រឆាំងអំពើភេរវកម្មនិងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការជួយសង្គ្រោះ ប្រតិបត្តិការរក្សាសន្តិភាព ជាដើម។ កម្ពុជានឹងបន្តលើកកម្រិតសមត្ថភាពកងទ័ពជើងទឹក កងទ័ពជើងអាកាស និងប្រព័ន្ធការពារអាកាស ដែលមានលទ្ធភាពអាចគ្រប់គ្រងដែនសមុទ្រ និងដែនអាកាស របស់កម្ពុជាបាន។ ទន្ទឹមនឹងនេះ កងទ័ពជើងគោកកំពុងទទួលបាននូវសម្ភារសឹកធុនធ្ងន់ និងទំនើប ជាបន្តបន្ទាប់ សម្រាប់ពង្រឹងសមត្ថភាពរបស់ខ្លួន ស្របតាមតម្រូវការចាំបាច់ ៕ ប្រភព៖ កងទ័ព

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner