គ.ជ.ប នឹងចាត់វិធានការតាមច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត

ភ្នំពេញ៖ មានបុគ្គល ឬគណបក្សនយោបាយមួយចំនួនតូចនៅបន្តចោទប្រកាន់ និងរិះគន់ គ.ជ.ប ដោយគ្មានមូលដ្ឋាន។ ជាក់ស្តែង លោក សុន ឆ័យ បាននិយាយដដែលជាដដែល ដូចក្នុងកម្មវិធីនៃកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអនឡាញ Cambodia Daily កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ ដោយដៃទទួលយកអាសនៈ រីឯមាត់ចោទថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់នេះ មិនត្រឹមត្រូវ និងមិនយុត្តិធម៌ ហើយលោកអះអាងទៀតថា ការដែលគណបក្សភ្លើងទៀន ទទួលយកអាសនៈ គឺជាការគោរពឆន្ទៈអ្នកបោះឆ្នោត។ បើដូចនេះមែន លោក សុន ឆ័យ ក៏ត្រូវតែគោរពឆន្ទៈរបស់ប្រជាពលរដ្ឋជាច្រើនទៀតដែរ ដែលមិនបានបោះឆ្នោតឱ្យគណបក្សភ្លើងទៀន ហើយលោក សុន ឆ័យ ប្រាកដជាដឹងថានេះជាគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ ព្រមជាមួយគ្នានេះដែរ ការបោះឆ្នោតគឺជាស្នូលនៃលទ្ធិប្រជាធិបតេយ្យ។ លោក សុន ឆ័យ និយាយទៀតថា ”លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋទេ វាមានការបំភ័យ វាមានការទិញ វាមានការលួច បាននៅសល់ប៉ុណ្ណឹង ”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប សង្កាត់ធ្ងន់ថា ការថ្លែងបែបនេះ គ.ជ.ប មិនអាចទទួលយកបានទេ ហើយជាការមាក់ងាយ និងប៉ះពាល់ ដល់តម្លៃរបស់ម្ចាស់ឆ្នោតដែលបានអញ្ជើញទៅបោះឆ្នោតយ៉ាងច្រើនកុះករ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ គ.ជ.ប ដែលជាស្ថាប័នចែងក្នុងរដ្ឋធម្មនុញ្ញ ព្រមទាំងធ្វើឱ្យមានការភាន់ច្រឡំ និងបាត់ទំនុកចិត្តលើការបោះឆ្នោត ដែលបានចែងក្នុងមាត្រា ១៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនឹងត្រូវផាកពិន័យជាប្រាក់ពី ១០លានរៀលដល់ ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។

ដើម្បីភាពស្អាតស្អំ ការរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ថាប័ន គ.ជ.ប នឹងចាត់វិធានកា រតាមច្បាប់ ចំពោះការចោទប្រកាន់ទាំងឡាយណាដែលផ្ទុយពីការពិត។ គ.ជ.ប បានបន្តថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានប្រពឹ្រត្តទៅដោយរលូនដូចការគ្រោងទុក និងមានការទទួលស្គាល់ ទទួលយកលទ្ធផលពីគ្រប់ភាគី ព្រមទាំងមានការវាយតម្លៃខ្ពស់ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិថាការបោះឆ្នោតកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ បានប្រពឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ហើយប្រជាពលរដ្ឋខ្មែរជាង ៨០% បានទៅបោះឆ្នោតសម្ដែងឆន្ទៈរបស់ខ្លួនគួរឱ្យកត់សម្គាល់។

ជាគោលការណ៍ច្បាប់ស្តីពីការបោះឆ្នោត គ.ជ.ប បើកសិទ្ធិឱ្យគណបក្សនយោបាយ ប្តឹងជុំវិញ ភាពមិនប្រក្រតីណាមួយដែលខ្លួនបានសង្កេតឃើញនៅគ្រប់ដំណាក់កាលបោះឆ្នោត ពិសេសនៅថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ ក្នុងន័យនេះ គ.ជ.ប មានយន្តការដាក់ ទទួល និងដោះស្រាយបណ្តឹងតាមឋានានុក្រមពីថ្នាក់ឃុំ សង្កាត់ ថ្នាក់រាជធានី ខេត្ត និងថ្នាក់ គ.ជ.ប ជាពិសេស ការប្តឹង ឬការដោះស្រាយពាក្យបណ្តឹងក្នុងដំណាក់កាលនៃការឃោសនាបោះឆ្នោត ដំណាក់កាលមួយ ថ្ងៃមុន ថ្ងៃបោះឆ្នោត និងដំណាក់កាលបិទផ្សាយលទ្ធផលបណ្តោះអាសន្ននៅឃុំ សង្កាត់ ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាធរមាន ហើយគួរចៀសវាងថ្លែងជាការប្រមាថ បរិហារកេរិ៍តជាសាធារណៈ និងញុះញង់ដែលអាចនាំឱ្យមានការចោទប្រកាន់ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌត្រង់មាត្រា៣០៥ និង ៣០៦ ពាក់ព័ន្ធនឹងបទបរិហារកេរិ៍តជាសាធារណៈ ដូចជាតាមសម្តី ទោះជាប្រភេទណាក៏ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងសាលប្រជុំ… និងការបរិហារកេរិ៍តដែលប្រព្រឹត្តតាមសារព័ត៌មាន និងដែលត្រូវស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីរបបសារព័ត៌មាន។ បច្ចុប្បន្ននេះ គ្រប់យន្តការនៃ គ.ជ.ប បានទទួលពាក្យបណ្តឹង និងកំពុងដោះស្រាយបណ្តឹងរហូតដល់ចប់ មុននឹងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥៕
ដោយ៖ពលជ័យ

ads banner