កូរ៉េខាងត្បូង​ប្រាប់អន្តរជាតិ​ថា​ខ្លួន​នឹង​បង្កើន​សមត្ថភាព​ឆ្លើយតប​នុយក្លេអ៊ែររបស់កូរ៉េ​ខាងជើង​ និង​បង្កើន​ទំនាក់​ទំនង​​សន្តិសុខ​អាស៊ាន

ប្រឈម​ការ​​គំរាម​កំហែង​​​ផ្នែកសន្តិសុខ​កាន់តែ​ខ្លាំង​ឡើង​ៗ​ពីសំណាក់​ប្រទេសកូរ៉េ​ខាងជើង ដែល​​ជា​ប្រទេស​បងប្អូន​គូ​​សត្រូវ​ញែក​ជាពីរ​ដោយ​ការ​ប្រកាន់របប​នយោបាយ​កុម្មុយនីស​​ និង​សេរី ប្រទេសកូរ៉េ​ខាងត្បូង​ដែល​ប្រកាន់​របប​ដឹកនាំ​ប្រទេស​តាម​បែបលទ្ធិ​ប្រជា​ធិបតេយ្យ ​បាន​អះអាង​ប្រាប់​​សហគមន៍​អន្តរជាតិ ពី​ការ​បង្កើន​សមត្ថភាព​​​​ឆ្លើយ​តប​​​​​ឲ្យ​បាន​ខ្លាំងក្លា​​ចំពោះ​​ការ​ធ្វើតេស្ត​អាវុធ​របស់កូរ៉េ​ខាងជើង។

ក្នុង​អំឡុងសម័យប្រជុំកំពូល​​របស់​រដ្ឋមន្ត្រីការពារជាតិ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក នៅ​ប្រទេស​សិង្ហបុរី​ដែល​បាន​បិទបញ្ចប់​កាលពីថ្ងៃអាទិត្យ​១២មិថុនា លោក លី ជុងស៊ុប (Lee Jong-sup) រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាន​និយាយ​​ថា ​កូរ៉េ​ខាងត្បូង​​គ្រោងនឹង​បង្កើន​សមត្ថភាព​​ឆ្លើយតបឲ្យ​បាន​ខ្លាំងក្លា​ ដើម្បី​រារាំង​ការសាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េខាងជើង​ ខណៈ​កូរ៉េ​ខាងត្បូង​ដើរតួនាទី​​ជា«រដ្ឋស្នូលសកល» នៅក្នុងទិដ្ឋភាព​សន្តិសុខ​របស់អាស៊ី។ ​

តាម​ការ​ចុះ​ផ្សាយ​របស់បណ្តាញ​សារព័ត៌មាន​​ល្បីឈ្មោះ The Straitstimes របស់សិង្ហបុរី ​ លោក លោក បាននិយាយ​​​ក្នុងកិច្ច​ពិភាក្សា​​​​នៅក្នុងកិច្ច​ប្រជុំ​នោះថា «ការគំរាម​កំហែង​នុយក្លេអ៊ែរ និងកាំជ្រួច​របស់​កូរ៉េខាងជើង បាន​ក្លាយ​ជា​ការគំរាមកំហែងដ៏សាមញ្ញមួយ ចាប់ពីរយៈចម្ងាយខ្លី រហូតដល់កាំជ្រួចអន្តរទ្វីប។ ការធ្វើតេស្តម៉ីស៊ីល​​ម្តងហើយម្តងទៀតរបស់​កូរ៉េ​ខាងជើង​​​កំពុង​ធ្វើ​ឲ្យ​មាន​ទំនើប​កម្ម​​ទាំង​​បរិមាណ​និ​ងគុណភាព»។

ប្រមុខ​ការពារ​ប្រទេសកូរ៉េ​ខាងត្បូង​រូបនេះ​ បានពិពណ៌នា អំពី​ភាពតានតឹង​​កើត​មាន​នៅ​លើ​ឧបទ្វីបកូរ៉េថា «ខ្ពស់ជាង​កន្លែង​ផ្សេង​ទៀត​នៅ​ក្នុង​ពិភពលោក» ​ដោយ​បាន​អះអាង​ថា៖​«រដ្ឋាភិបាល​​របស់​យើង…នឹង​បង្កើន​​​សមត្ថភាព​ឆ្លើយ​តប​​​ឲ្យ​ខ្លាំង​ក្លា ចំពោះ​​​​យោធា​​សាធារណៈរដ្ឋ​កូរ៉េ​ ដើម្បីបង្អាក់​​​​ការ​គំរាមកំហែង​​នុយក្លេរអ៊ែរ​​​និង​ម៉ីស៊ីល​​របស់​កូរ៉េ​ខាងជើង»។

បណ្តាញ​ព័ត៌មាន​​​ CNN ​​របស់អាមេរិក​​កាល​ពី​ថ្ងៃ​ចន្ទ​​កន្លងទៅ​ បានផ្សាយ​ថា អាមេរិក​និង​​កូរ៉េខាងត្បូង​​រួម​គ្នា បាន​​​​​​​បាញ់​បង្ហោះ​មីស៊ីល​​៨​គ្រាប់​​​​ ដោយ​១គ្រាប់​បាញ់​ដោយ​​យោធា​អាមេរិក និង​៧​គ្រាប់ផ្សេង​ទៀត​បាញ់​ដោយ​យោធាកូរ៉េ​ខាងត្បូង ចូល​​ទៅកាន់​សមុទ្រ​​នៅ​ភាគ​ខាង​កើត​ឧបទ្វីប​​កូរ៉េ​​​ ដើម្បី​បញ្ជាក់​ប្រាប់​កូរ៉េ​ខាងជើង​ថា ​ប្រសិន​បើ​កូរ៉េ​ខាង​ជើង​​បង្ក​ហេតុអ្វី​មួយ​​  មីស៊ីល​នឹង​ត្រូវ​បាញ់ចេញ​ពីច្រើនទីតាំង​​​​​ផ្សេងគ្នា​ ដែលគ្រប់គ្រង​ដោយ​អាមេរិក​និង​កូរ៉េ​ខាងត្បូង។

​​កាលពីថ្ងៃអាទិត្យ​​កន្លងមក CNN បានបន្ត​ថា កូរ៉េខាងជើង​បាន​បាញ់មីស៊ីល​ផ្លោងរយៈចម្ងាយ​ខ្លីចំនួន៨​គ្រាប់ពីទីតាំងជាច្រើនក្នុងប្រទេស ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ។

​​ អគ្គសេនាធិការចម្រុះ​​នៃ​ប្រទេស​កូរ៉េ​ខាងត្បូង​​បានហៅសកម្មភាព​បាញ់​​មីស៊ីល​​​នេះថាជា «ការបង្កហេតុដ៏ធ្ងន់ធ្ងរដែលបំផ្លាញសន្តិភាព និងស្ថិរភាពមិនត្រឹមតែប៉ុណ្ណោះទេ។ ឧបទ្វីបកូរ៉េ ប៉ុន្តែក៏សហគមន៍អន្តរជាតិផងដែរ»។

​អ្នក​ជំនាញ​​យោធា​ បាន​លើក​ឡើង​ថា ​ការ​បាញ់​​​មីស៊ីល​ដើម្បី​កំញើញ​គ្នា​នេះ​​​គឺ​នៅ​ចំពេល​មាន​ការព្រួយ​បារម្ភកាន់តែខ្លាំងឡើងថា «ទីក្រុងព្យុងយ៉ាងកំពុងរៀបចំការសាកល្បងនុយក្លេអ៊ែរ»។

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានដក​ស្រង់​សម្តី​មេដឹក​នាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន ដូច​ដែល​​បានប្រាប់គណបក្សនយោបាយរបស់គាត់ ដោយ​និយាយថា លោកនឹងប្រើ «អំណាចដើម្បីអំណាច (Power for power)​» ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ដល់​អធិបតេយ្យភាពរបស់ប្រទេស​កូរ៉េ​ខាងជើង​។

​បណ្តាញ​សារព័ត៌មាន VOA ជា​ភាសា​អង់គ្លេស​បាន​ផ្សាយ​ថា ការសាកល្បង​​ កាំភ្លើងធំ​របស់​កូរ៉េខាងជើង​ទាក់ទាញការយកចិត្តទុកដាក់ពីខាងក្រៅតិចជាងការបាញ់មីស៊ីលរបស់​​ប្រទេស​នេះ ប៉ុន្តែកាំភ្លើងធំ​រយៈចម្ងាយ​ឆ្ងាយ​ដែល​ដាក់​ពង្រាយ​ទៅមុខ​គឺជា​ការគំរាមកំហែង​សន្តិសុខ​យ៉ាងធ្ងន់ធ្ងរ​ដល់​តំបន់​ទីប្រជុំជនដែលមានប្រជាជនកូរ៉េខាងត្បូងដែលមានចម្ងាយត្រឹមតែ៤០-៥០​គីឡូម៉ែត្រ​ពីព្រំដែនជាមួយកូរ៉េខាងជើង។

បើ​តាម​ VOA មន្ត្រីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បាននិយាយថា ប្រទេសកូរ៉េ​ខាងជើង ស្ទើរតែ​បាន​បញ្ចប់ការ​ត្រៀម​លក្ខណៈ​សម្រាប់​ការសាកល្បងនុយក្លេអ៊ែរ​ជាលើកដំបូង​របស់ខ្លួនក្នុងរយៈពេលប្រហែល៥​ឆ្នាំ។ កាលពីខែមីនា ប្រទេសកូរ៉េខាងជើង​បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបដែលមានសមត្ថភាពបាញ់ដល់ទឹកដីសហរដ្ឋអាមេរិក ដោយបំពានលើការផ្អាក​​ការសាកល្បង​មីស៊ីល​​​​​​ដែល​បានធ្វើ​ឡើង​កាល​ពី​ឆ្នាំ២០១៨។

​រដ្ឋមន្ត្រីការពារជាតិ​​កូរ៉េ​ខាងត្បូង​​ដែល​បាន​ចូលកាន់តួនាទីនយោបាយ​កាលពីមួយខែមុន បាននិយាយថា រដ្ឋាភិបាលថ្មី​របស់​ប្រធានាធិបតី យ៉ូន ស៊ុក យ៉ូល (Yoon Suk-yeol) នឹង «អនុវត្តតាម​ផែនការ​​ដ៏អង់អាច ដែល​អាច​ផ្តល់​នូវការកែ​លម្អ​ជា​មូលដ្ឋាន​សម្រាប់​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងជើង និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ» និងស្វែងរកពង្រឹង​សមយុទ្ធ​ឆ្លើយតប​នឹង​កាំជ្រួច​​ជាមួយ​​ជប៉ុន ដែល​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ដល់​ការ​លុបបំបាត់​នុយក្លេអ៊ែ​រ​​របស់​​ក្រុង​ព្យុងយ៉ាង។ លើស​ពីនេះ​ទៀត លោកបានបន្ថែមថា កូរ៉េខាងត្បូង​នឹង​សម្លឹង​មើល​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ត្រីភាគី​ជាមួយ​ប្រទេសជប៉ុន និង​សហរដ្ឋអាមេរិក​ ដើម្បី​ឆ្លើយតប​ទៅនឹង​ការគំរាម​កំហែង​នុយក្លេអ៊ែរ​ និងមីស៊ីលរបស់កូរ៉េខាងជើង៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner