រដ្ឋមន្ត្រីការបរទេសកម្ពុជា និងមន្ត្រីជាន់ខ្ពស់ការបរទេសអូស្រ្តាលី ប្តេជ្ញាចិត្តបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អបច្ចុប្បន្ន

ភ្នំពេញ៖ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងលោកជំទាវ Kathryn Campbell រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី បានសម្តែងការពេញចិត្តចំពោះមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អក្នុងអំឡុងពេល៧០ឆ្នាំកន្លងមកនេះ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានឯកភាពប្តេជ្ញាចិត្តបន្តមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះ។ ការពេញចិត្ត និងការប្តេជ្ញាចិត្តទាំងនេះ ត្រូវបានសម្តែងចេញនៅក្នុងជំនួបនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកជំទាវ Kathryn Campbell នៅកម្ពុជា ពីថ្ងៃទី១២-១៤ ខែមិថុនា ឆ្នាំ២០២២។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងសាជាថ្មីនូវការវាយតម្លៃរបស់កម្ពុជាចំពោះការគាំទ្រ និងជំនួយរបស់អូស្ត្រាលីដល់ដំណើរការសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ជាពិសេស នៅលើវិស័យអប់រំ សុខាភិបាល ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការពារជាតិនិងសន្តិសុខ និងបានកត់សម្គាល់អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ឧត្តមមន្រ្តីលើកទី៣ នៅទីក្រុងកង់បេរ៉ា។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានចែករំលែកជាមួយលោកជំទាវរដ្ឋលេខាធិការ Kathryn Campbell អំពីការវិវត្តនៃសភាពការណ៍នៅមីយ៉ាន់ម៉ា ដោយគូសបញ្ជាក់ពីភាពស្មុគស្មាញនៃវិបត្តិ និងការប្រឈមមុខនានាក្នុងការស្វែងរកដំណោះស្រាយសមស្របមួយ ដែលតម្រូវឱ្យមានការយោគយល់គ្នា ភាពអត់ធ្មត់ និងការអត់ឱនពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរួម ឯកភាព និងសាមគ្គីភាព ក្នុងចំណោមរដ្ឋជាសមាជិកអាស៊ាន និងគ្រប់ភាគីទាំងអស់។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានស្ដីពីមីយ៉ាន់ម៉ា រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដម ក្នុងការរៀបចំការងារជាមូលដ្ឋាន ក្នុងអំឡុងពេលនៃទស្សនកិច្ចលើកទីមួយរបស់ឯកឧត្តមទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២១-២២ ខែមីនា ឆ្នាំ២០២២ សម្រាប់អាទិភាពបន្ទាន់ចំនួន៣ រួមមាន៖ (១) ការបញ្ឈប់អំពើហឹង្សា (២)ការធានាឱ្យបាននូវការផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលាដោយគ្មានការរើសអើង និង (៣) ការកសាងបរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនានយោបាយប្រកប ដោយបរិយាប័ន្ន ដើម្បីដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។ ឯកឧត្ដម ក៏បានគូសបញ្ជាក់ផងដែរអំពីលទ្ធផលសំខាន់ៗចំនួនបីដែលសម្រេចបានក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌សម្រាប់មីយ៉ាន់ម៉ា ដែល កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ រួមមាន៖ ១) ក្របខ័ណ្ឌនៃការរៀបចំការផ្តល់ជំនួយមនុស្សធម៌អាស៊ាន ២)ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងប្រតិបត្តិការនៃការផ្តល់ជំនួយមនុស្សធម៌ និង ៣) ក្របខ័ណ្ឌសម្រាប់ការគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា។

ឯកឧត្ដម ឧបនាយករដ្ឋមន្រី្ត បានជម្រាបជូនផងដែរអំពីការរៀបចំដំណើរទស្សនកិច្ចជាលើកទីពីររបស់ឯកឧត្ដមទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលគ្រោងធ្វើនៅចុងខែនេះ ដោយសង្កត់ធ្ងន់ថា ការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ គឺស្ថិតក្នុងចំណោមការផ្ដោតការយកចិត្តទុកដាក់របស់ឯកឧត្ដមនាពេលនោះ ស្របតាមអាណត្តិរបស់ប្រេសិតពិសេស។

លោកជំទាវរដ្ឋលេខាធិការ Kathryn Campbell បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងការស្វែងរកដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្ននៅមីយ៉ាន់ម៉ា និងបានអះអាងអំពីការគាំទ្ររបស់អូស្ត្រាលីសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ads banner