សម្ដេចតេជោ ហ៊ុន សែន នឹងទទួលស្វាគមន៍ និងលើកពាន World Cup ដែលដង្ហែមកដល់កម្ពុជា នាព្រឹកស្អែក នៅវិមានសន្តិភាព មុននាំពាននេះ ទៅដាក់តាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ

ភ្នំពេញ៖ ពានរង្វាន់ FIFA World Cup Trophy Tour នឹងដង្ហែមកដល់ព្រះរាជាណាចក្រកម្ពុជា នាម៉ោង ១០ព្រឹក ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ តាមយន្ដហោះពិសេស «Private Jet» ក្រោមការរៀបចំ និងការពារសុវត្ថិភាពខ្ពស់បំផុត។ បន្ទាប់មក នឹងដង្ហែពាននេះ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ទៅវិមានសន្ដិភាព ដែលនឹងទទួលស្វាគមន៍ និងលើកពាននេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា មុននាំពាននេះ ទៅដាក់តាំង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដើម្បីទទួលស្វាគមន៍ភ្ញៀវចូលទស្សនា និងថតរូបជាមួយពានចាប់ពីម៉ោង ១រសៀលដល់ម៉ោង ១០យប់ថ្ងៃដដែល។

សូមជម្រាបថា ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក “FIFA World Cup-Trophy Tour” លើកទី៥ ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា នឹងផ្តល់ឱកាសឱ្យអ្នកគាំទ្រកម្ពុជា ទទួលបានបទពិសោធមើលឃើញដោយផ្ទាល់នូវពានបាល់ទាត់ពិភពលោក ដែលក្រុមបាល់ទាត់ជម្រើសជាតិគ្រប់ប្រទេសចង់បានបំផុតនេះ។

លោក Leonardo Garcia នាយប្រតិបត្តិនៃក្រុមហ៊ុនកូកា-កូឡា ប្រចាំប្រទេសវៀតណាម និងកម្ពុជា បានលើកឡើងថា៖ ឆ្នាំនេះ យើងមានក្តីរំភើប ក្នុងការនាំយកពានបាល់ទាត់ពិភពលោកដ៏ល្បីឈ្មោះ ធ្វើដំណើរទេសចរណ៍ទៅកាន់ប្រទេសចំនួន៥១ ដែលផ្តល់ឱកាសឱ្យអ្នកគាំទ្រឱ្យទទួលបានបទពិសោធដ៏អស្ចារ្យពិតប្រាកដ តាមរយៈជំនឿ និងក្តីសុបិន្តរួមគ្នាចំពោះការប្រកួតកីឡាដ៏ធំនេះ»។

លោកបន្ថែមថា៖ «ព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោកដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា កម្ពុជា នេះ នឹងលើកស្ទួយអ្នកគាំទ្រគ្រប់ជំហាននៃដំណើរឆ្ពោះទៅកាន់ព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោក ហើយយើងពិតជារំភើបក្នុងការនាំយកពានបាល់ទាត់ពិភពលោកមកកាន់ប្រទេសកម្ពុជា។

លោក Romy Gai ប្រធានផ្នែកធុរកិច្ចរបស់សហព័ន្ធបាល់ទាត់ពិភពលោកបានថ្លែងថា៖ ពានបាល់ទាត់ពិភពលោកគឺជានិមិត្តរូបដ៏អស្ចារ្យបំផុតមួយនៅក្នុងវិស័យកីឡា។ ការនាំយកពាននេះមកធ្វើដំណើរទេសចរណ៍ផ្តល់ឱ្យយើងនូវឱកាសពិសេសមួយ ដើម្បីបង្ហាញពាននេះទៅកាន់សហគមន៍នៅជុំវិញពិភពលោកដែលចូលចិត្តកីឡាបាល់ទាត់។ ដំណើរទេសចរណ៍ពានរង្វាន់នេះ ដែលនឹងត្រូវបញ្ចប់នៅក្នុងប្រទេសកាតាដែលជាម្ចាស់ផ្ទះរៀបចំកីឡាបាល់ទាត់ពិភពលោក បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការធ្វើឱ្យវិស័យកីឡាបាល់ទាត់មានលក្ខណៈជាសាកល នៅពេលដែលយើងបានសម្រេចបានក្តីសុបិន្តរបស់អ្នកគាំទ្ររបស់យើង និងនាំមកនូវក្តីរីករាយនិងភាពរំភើបដោយការនាំយកពានបាល់ទាត់ពិភពលោកមកដល់ប្រទេសរបស់ពួកគេតែម្តង តាមរយៈការជួយជ្រោមជ្រែងពីដៃគូយូរអង្វែងរបស់យើងគឺ ក្រុមហ៊ុន កូកា-កូឡា ។

នេះជាលើកទីមួយហើយ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះទទួលព្រឹត្តិការណ៍ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក ដែលនាំមកជូនដោយក្រុមហ៊ុន កូកា-កូឡា។ ដើម្បីបង្កើនភាពរំភើបរីករាយ អ្នកគាំទ្រនឹងទទួលបានភាពរីករាយពីព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះ ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន កូកា-កូឡា និងសហព័ន្ធបាល់ទាត់ពិភពលោកក្នុងការបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់សង្គម តាមរយៈគំនិតផ្តួចផ្តើមដែលផ្តោតសំខាន់ចំពោះអ្នកគាំទ្រ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner