សម្ដេចក្រឡាហោម ស ខេង ណែនាំដល់សិស្សនគរបាលជ័យលាភីទាំងអស់ត្រូវយកចំណេះដឹងជំនាញទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាពនិងការពារសង្គមជាតិយើងដើម្បីរក្សាបាននូវភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ
ខេត្តកំពង់ឆ្នាំង ៖ ពិធីបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលដល់សិស្សនាយនគរបាល និងសិស្សនាយនគរបាលរង ជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រារព្ធធ្វើឡើង នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ដ្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិតសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្តុះបណ្តាល បានជម្រាបជូនឲ្យដឹងថា នៅក្នុងឆ្នាំ ២០២២នេះ សាលានគរបាលជាតិភូមិភាគ៦ បានបណ្តុះបណ្តាលសិស្សនាយ នគរបាលជំនាន់ទី១៥ លើកទី១ ចំនួន ១៨០នាក់ នារី ២១នាក់ ជាសិស្សនគរបាលមកពីស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដែលបានប្រឡងជាប់ក្របខណ្ឌក្នុងឆ្នាំ២០២០ ដែលនេះជាចំនួនមួយក្នុងចំណោមសិស្ស នគរបាលសរុបចំនួន ១១០៨នាក់ នារី ១៤៣នាក់ ដែលបានបណ្តុះបណ្តាលនៅសាលាគរបាលជាតិភូមិភាគទាំង៦ ។
វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ មានរយៈពេល ៤ខែ ដែលបានចាប់ផ្តើមពីថ្ងៃទី ១៧ ខែមករា និងបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២នេះ ។ ជាលទ្ធផលនៃការបណ្តុះបណ្តាល សិស្សនគរបាលជ័យលាភីសរុបចំនួន ១៦០នាក់ នារី ១៨នាក់ ដែលត្រូវទទួលបានវិញ្ញាបនបត្រសិក្សាក្នុងពិធីនេះ។ ក្នុងនោះសិស្សបានទទួលនិទ្ទេស A ល្អប្រសើរ ចំនួន ១នាក់ និទ្ទេស B ល្អណាសចំនួន ៧នាក់, និទ្ទេស B ល្អចំនួន ៣១នាក់ និទ្ទេស C ល្អបង្គួរ ចំនួន ៦២នាក់ និទ្ទេស D មធ្យមចំនួន ៥៩នាក់។
សម្តេចក្រឡាហោម បានថ្លែងនូវការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ បណ្ឌិត្យសភានគរបាលកម្ពុជា អង្គភាពពាក់ព័ន្ធ និងសាលានគរបាលជាតិភូមិភាគ៦ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឱ្យដំណើរការបានល្អ និងសម្រេចបានជោគជ័យតាមកម្មវិធី សិក្សាដែលបានកំណត់។ ហើយសូមចូលរួមអបអរសាទរដល់ក្មួយៗជាសិស្សនគរបាលជ័យលាភីទាំងអស់, ដែលបានខិតខំសិក្សារៀនសូត្រតស៊ូ ហ្វឹកហាត់ និងគោរពវិន័យសាលាបានល្អ រហូតទទួលបានជោគជ័យក្នុងការសិក្សា ស្របតាមបំណងប្រាថ្នា របស់ខ្លួននិងតម្រូវការរបស់ក្រសួងមហាផ្ទៃ ។
សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ផងដែរថា ក្រសួងមហាផ្ទៃបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន ដោយផ្អែកលើគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងសមត្ថភាពនិងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំងនគរ បាលជាតិ ក្នុងការបំពេញភារកិច្ចលើវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈ និងសុវត្ថិភាពសង្គមប្រកប ដោយ ប្រសិទ្ធភាពខ្ពស់ ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាន៍លើកឡើងបន្តទៀតថា ក្រសួង មហាផ្ទៃ ត្រូវការធនធានមនុស្ស ដែលមានលក្ខណសម្បត្តិ និងគុណវុឌ្ឍសមស្រប ទាំងជំនាញរឹង ទាំងជំនាញទន់ តាមរយៈការបណ្តុះបណ្តាលដ៏ត្រឹមត្រូវ និងមានគុណភាព ដើម្បីបំពេញ ភារកិច្ចទទួលខុសត្រូវនៅតាម អង្គភាពសាមីរបស់ខ្លួនឱ្យបានល្អប្រសើរ ។
ចំណុចនេះ សម្ដេចក្រឡាហោម ក៏បានបញ្ចាក់ផងដែរថា«បើក្មួយៗ មិនចេះជំនាញនគរបាល តើក្មួយៗធ្វើការងារ នគរបាលដោយរបៀបណា?” ហេតុនេះទោះបីក្នុងកាលៈទេសៈ ណាក៏ដោយ ក្រសួងមហាផ្ទៃ បានដាក់កាតព្វកិច្ចដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវតែឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញនគរបាលជាដាច់ខាត ដោយគ្មានការលើកលែងនោះទេ។
សម្ដេចក្រឡាហោម សខេង ក៏បានផ្តល់នូវអនុសាសន៍ណែនាំដល់សិស្សជ័យលាភីទាំងអស់ត្រូវយកចំណេះដឹងនិងជំនាញ ទៅប្រើប្រាស់ ឲ្យមានប្រយោជន៍ដល់អង្គភាព ការពារប្រជាជនក្នុងសង្គមជាតិយើង ព្រមទាំងគោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពច្បាប់ត្រូវមានអត្តចរិតល្អ ដើម្បីធ្វើជាមន្ត្រីនគរបាលល្អរបស់ប្រជាជនយើងក្នុងការបម្រើសេវាសាធារណៈ រក្សាបាននូវសន្តិសុខ សុវត្ថិភាពសង្គម និងភាពសុខសាន្តជូនដល់ប្រជាពលរដ្ឋ ៕ ដោយ-រ៉ាវុធ