ការ​សិក្សា​ថ្មី​និយាយ​ថា​ ការ​បំពុល​ខ្យល់​កាត់​បន្ថយ​អាយុ​សង្ឃឹម​រស់​លើស​ពី​២​ឆ្នាំ​

ការ​សិក្សា​មួយ​របស់​វិទ្យាស្ថាន​គោល​នយោបាយ​ថាមពល​នៃ​សាកល​វិទ្យាល័យ​ឈីកាហ្គោ​ (EPIC) ​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​និយាយ​ថា​ ការ​បំពុល​ខ្យល់​រ៉ាំរ៉ៃ​កាត់​បន្ថយ​អាយុ​សង្ឃឹម​រស់​សកល​ជា​មធ្យម​លើស​ពី​ ២ ​ឆ្នាំ​ក្នុង​មនុស្ស​ម្នាក់​ ដែល​ផល​ប៉ះ​ពាល់​នេះ​អាច​ប្រៀប​ធៀប​ទៅ​នឹង​ការ​ជក់​បារី​ ហើយ​អាក្រក់​ជាង​មេរោគ​អេដស៍​/​ជំងឺ​អេដស៍​ ឬ​អំពើ​ភេរវកម្ម​ទៅ​ទៀត​។​

EPIC ​និយាយ​ក្នុង​សន្ទស្សន៍​ជីវិត​គុណភាព​ខ្យល់​ចុង​ក្រោយ​របស់​ខ្លួន​​ ដែល​​​ប្រើ​ប្រាស់​ទិន្នន័យ​ផ្កាយ​​រណប​ដើម្បី​វាស់​កម្រិត​​កំហាប់​​ភាគ​ល្អិត​និចល​ PM2.5 ​​​​ថា​ ​ច្រើន​ជាង​ ៩៧ ​ភាគ​រយ​នៃ​ចំនួន​ប្រជា​ជន​ពិភព​លោក​ រស់​នៅ​ក្នុង​តំបន់​ដែល​​ការ​បំពុល​ខ្យល់​លើស​ពី​កម្រិត​​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ (WHO)​។​ ​

វិទ្យាស្ថាន​​ដដែល​​និយាយ​ថា​ ប្រសិន​​បើ​កម្រិត​ PM2.5 ​សកល​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម​ ៥​ ​មីក្រូ​ក្រាម​​ក្នុង​​ ១ ​​ម៉ែត្រ​គុប​ ដែល​​អង្គការ​សុខភាព​ពិភព​លោក​បាន​ណែ​នាំ​ នោះ​អាយុ​សង្ឃឹម​រស់​ជា​មធ្យម​នឹង​កើន​ឡើង​ជា​មធ្យម​ ២,២​ ឆ្នាំ​។​

ការ​សិក្សា​ព្រមាន​ថា​ ការ​បំពុល​ខ្យល់​មិន​ត្រូវ​បាន​គេ​​យក​ចិត្ត​ទុក​ដាក់​ថា​ជា​បញ្ហា​សុខភាព​សាធារណៈ​នោះ​ទេ​ ដោយ​ការ​ផ្តល់​មូលនិធិ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តែ​មិន​គ្រប់​គ្រាន់​។​ លោក​ Christa Hasenkopf ​នាយក​នៃ​សន្ទស្សន៍​ជីវិត​គុណភាព​ខ្យល់​របស់​ EPIC ​​និយាយ​ថា​​៖ ​«​ឥឡូវ​នេះ​ការ​យល់​ដឹង​របស់​យើង​អំពី​ផល​ប៉ះ​ពាល់​នៃ​ការ​បំពុល​បាន​ប្រសើរ​ឡើង​។​ មាន​ករណី​កាន់​តែ​ខ្លាំង​សម្រាប់​រដ្ឋាភិបាល​ក្នុង​ការ​កំណត់​អាទិភាព​វា​ជា​បញ្ហា​គោល​នយោបាយ​បន្ទាន់​»។​​

ការ​សិក្សា​និយាយ​ថា​ ប្រជាជន​អាស៊ី​ខាង​ត្បូង​បាត់​បង់​អាយុ​ជីវិត​ប្រមាណ ​៥ ​ឆ្នាំ​ដោយ​សារ​ផ្សែង​អ័ព្ទ​ ដោយ​ប្រទេស​ឥណ្ឌា​មាន​ចំនួន​ប្រហែល​ ៤៤ ​ភាគ​រយ​នៃ​ការ​កើន​ឡើង​​បំពុល​ខ្យល់​របស់​ពិភព​លោក​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣​។​

ប្រជាជន​ចិន​អាច​រស់​នៅ​ជា​មធ្យម​យូរ​ជាង​ ២,៦ ​ឆ្នាំ​ ប្រសិន​បើ​សម្រេច​បាន​ស្តង់ដារ​ WHO ​​ខណៈ​អាយុ​សង្ឃឹម​រស់​ចិន​ប្រសើរ​ឡើង​ប្រហែល​ ២ ​ឆ្នាំ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៣ ​នៅ​ពេល​ដែល​ប្រទេស​នេះ​បាន​ចាប់​ផ្តើម​ «​សង្រ្គាម​នឹង​ការ​បំពុល​»​ ដែល​កាត់​បន្ថយ​កម្រិត​ PM2.5 ​ប្រហែល​ ៤០ ​ភាគ​រយ​។​

ការ​គណនា​របស់​ EPIC ​​ផ្អែក​លើ​ការ​សិក្សា​ពី​មុន​ដែល​បង្ហាញ​ថា​ ​ការ​រស់​នៅ​ក្នុង​បរិយាកាស​ដែល​មាន​កម្រិត​ PM2.5 ​ចំនួន​ ១០ ​មីក្រូ​ក្រាម​​ក្នុង​​ ១ ​​ម៉ែត្រ​គុប​ ​នឹង​កាត់​បន្ថយ​អាយុ​សង្ឃឹម​រស់​ជិត​១​ឆ្នាំ​។ ​យោង​តាម​ការ​ស្ទង់​​ទិន្នន័យ​បំពុល​ដែល​​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​នេះ​ មិន​មាន​ប្រទេស​ណា​មួយ​គ្រប់​គ្រង​បាន​តាម​ស្តង់ដារ​ ៥ ​មីក្រូក្រាម​របស់​អង្គការ​សុខភាព​ពិភព​លោក​ក្នុង​ឆ្នាំ​ ២០២១ នោះ​ទេ​។

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner