​រុស្ស៊ី​បិទ​អ្នក​សារព័ត៌មាន​​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ឥស្សរជន​ការពារ​ជាតិ​អង់គ្លេស​រាប់​សិប​នាក់​​

ក្រសួង​​ការ​​បរទេស​​រុស្ស៊ី​​​និយាយ​​ថា​ ទីក្រុង​​ម៉ូស្គូ​​​ហាម​ប្រាម​​អ្នក​​កាសែត​​ តំណាង​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ ​និង​​ឥស្សរជន​​ការពារ​​ជាតិ​អង់គ្លេស​​រាប់​​សិប​​នាក់​​ មិន​​ឱ្យ​​ចូល​​ក្នុង​​ប្រទេស​របស់​ខ្លួន​។​

ក្រសួង​​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ នៅ​ក្នុង​សកម្មភាព​​ឆ្លើយ​តប​ទៅ​នឹង​​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច​ និង​ «​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​រុស្ស៊ី​»​ អ្នក​កាសែត​ ២៩ ​នាក់​ និង​សមាជិក​នៃ​អង្គការ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អង់គ្លេស​ត្រូវ​ហាម​ឃាត់​ដោយ​ផ្ទាល់​។​

បញ្ជី​ឈ្មោះ​អ្នក​ដែល​ត្រូវ​ហាម​ប្រាម​នោះ​ រួម​មាន​បណ្ដា​អ្នក​កាសែត​ល្បី​ឈ្មោះ ​អ្នក​និយាយ​តាម​ទូរ​ទស្សន៍​​ អ្នក​កែ​សម្រួល​ និង​អ្នក​គ្រប់​គ្រង​ជាន់​ខ្ពស់​នៅ​ស្ថាប័ន​ព័ត៌មាន​ធំ​ៗ​ដូច​ជា​ ប៊ីប៊ីស៊ី​ និង​ទូរ​ទស្សន៍​ស្កាយញូវស៍​ និង​និពន្ធ​នាយក​នៃ​កាសែត​ឌឹថែមស៍​ ​ដាយ៍លី​តេឡេក្រាហ្វ​ ​អ៊ិនឌីផិនដិន​ ​​ហ្គាតឌៀន ​រួម​ទាំង​ស្ថានប័ន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ទៀត​។​  ​

ក្រសួង​ការ​បរទេស​​និយាយ​ថា​៖​ «​អ្នក​កាសែត​អង់គ្លេស​ដែល​រួម​បញ្ចូល​ក្នុង​បញ្ជី​ គឺ​ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​ដោយ​ចេតនា​នៃ​ព័ត៌មាន​មិន​ពិត​ និង​លំអៀង​អំពី​រុស្ស៊ី​ និង​ព្រឹត្តិការណ៍​នៅ​អ៊ុយក្រែន​ និង​​តំបន់​ដុនបាស​»​។ ​ក្រសួង​បន្ត​ថា​៖​ «​ជាមួយ​នឹង​ការ​វាយ​តម្លៃ​លំអៀង​របស់​ពួក​គេ​ ពួក​គេ​ក៏​រួម​ចំណែក​ក្នុង​ការ​ជំរុញ​ឱ្យ​មាន​ការ​ស្អប់​រុស្ស៊ី​នៅ​ក្នុង​សង្គម​អង់គ្លេស​»​​។  ​

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​កាសែត​ហ្គាតឌៀន​ និយាយ​ថា​៖​ «​នេះ​គឺ​ជា​ទង្វើ​ដ៏​ខក​ចិត្ត​មួយ​របស់​រដ្ឋាភិបាល​រុស្ស៊ី ​និង​ជា​ថ្ងៃ​អាក្រក់​សម្រាប់​សេរីភាព​សារព័ត៌មាន​។​ សារព័ត៌មាន​ត្រឹម​ត្រូវ​ និង​គួរ​ឱ្យ​ទុក​ចិត្ត​ ​មាន​សារៈ​សំខាន់​ជាង​ពេល​ណា​ៗ​ទាំង​អស់​ ហើយ​បើ​ទោះ​បី​ជា​មាន​ការ​សម្រេច​ចិត្ត​នេះ​ យើង​នឹង​បន្ត​រាយ​ការណ៍​យ៉ាង​សកម្ម​អំពី​រុស្ស៊ី​ និង​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​»​។​

អ្នក​កាសែត​បរទេស​ជា​ច្រើន​នាក់​​ចាក​ចេញ​ពី​​រុស្ស៊ី​ បន្ទាប់​ពី​អាជ្ញាធរ​នៅ​ម៉ូស្គូ ​ចេញ​ច្បាប់​​​ដាក់​​ទោស​ឱ្យ​ជាប់​គុក​រហូត​ដល់​ ១៥ ​ឆ្នាំ​ សម្រាប់​ការ​ផ្សព្វផ្សាយ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ «​ព័ត៌មាន​ក្លែង​ក្លាយ​​​» ​អំពី​កង​ទ័ព​រុស្ស៊ី​។​ ក្រុង​ម៉ូស្គូ​ក៏​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ពាក្យ​ដូច​ជា​ «​សង្រ្គាម​»​ និង​ «​ការ​លុក​លុយ​»​ ហើយ​ពិពណ៌នា​អំពី​ការ​វាយ​ប្រហារ​របស់​ខ្លួន​លើ​អ៊ុយក្រែន​ថា​ជា​ «​ប្រតិបត្តិការ​យោធា​ពិសេស​»​។​

​លើស​ពី​នេះ​ ក្រសួង​ការ​បរទេស​រុស្ស៊ី​ក៏​ចេញ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ចូល​ប្រទេស​ទៅ​លើ​ឥស្សរ​ជន​​ដែល​មាន​ទំនាក់​ទំនង​ក្នុង​វិស័យ​ការពារ​ជាតិ​អង់គ្លេស​ចំនួន​ ២០ ​នាក់​ ​ដែល​មាន​ទំនួល​ខុស​ត្រូវ​​ចំពោះ​ការ​ផ្គត់​ផ្គង់​អាវុធ​របស់​បស្ចិម​លោក​ដល់​អ៊ុយក្រែន​។​

​រដ្ឋាភិបាល​ទីក្រុង​ឡុងដ៍​ ​ផ្តល់​ការ​គាំទ្រ​ផ្នែក​យោធា​ដល់​អ៊ុយក្រែន​ រួម​ទាំង​ការ​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ មីស៊ីល​ប្រឆាំង​រថក្រោះ ​និង​គ្រាប់​បែក​ប្រភេទ​ផ្សេង​ៗ​រាប់​ពាន់​គ្រាប់​  រថពាស​ដែក​រាប់​រយ​គ្រឿង​ និង​ឧបករណ៍​ផ្សេង​ៗ​ទៀត​។​

FILE PHOTO: Pedestrians pass Broadcasting House, the traditional headquarters of radio broadcasting for the British Broadcasting Corporation (BBC) in central London October 31, 2008. REUTERS/Toby Melville/File Photo

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner