អ៊ីរ៉ង់សង្ស័យអ៊ីស្រាអែលសម្លាប់អ្នកវិទ្យាសាស្ត្ររបស់ខ្លួន២នាក់ដោយបំពុលអាហារ ខណៈភាពតានតឹងកើនឡើង
អ៊ីរ៉ង់សង្ស័យថាអ៊ីស្រាអែលជាអ្នកសម្លាប់អ្នកវិទ្យាសាស្ត្ររបស់ខ្លួន២នាក់កាលពីប៉ុន្មានសប្តាហ៍មុន ដោយការបំពុលអាហាររបស់ពួកគេ ខណៈភាពតានតឹងរវាងទីក្រុងតេអេរ៉ង់ និងហ្សេរ៊ុយសាឡឹមកំពុងផ្ទុះឡើងចំពេលដែលអ៊ីរ៉ង់បង្កើនសកម្មភាពកម្មវិធីនុយក្លេអ៊ែរ ហើយមនុស្សរបស់ខ្លួនស្លាប់ជាបន្តបន្ទាប់។
អ្នកវិទ្យាសាស្ត្រទាំង២ រួមមានលោក Ayoob Entezari ដែលជាវិស្វករអវកាស និងលោក Kamran Aghamolaei ដែលជាអ្នកភូគព្ភសាស្ត្រ បានស្លាប់នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នាក្រោមកាលៈទេសៈដែលអ៊ីរ៉ង់សង្ស័យអ៊ីស្រាអែលជាអ្នកដាក់គោលដៅសម្លាប់។ នេះបើតាមការរាយការណ៍របស់កាសែតញូវយ៉កថែមស៍កាលពីថ្ងៃចន្ទ ដែលស្រង់សម្ដីមន្ត្រីអ៊ីរ៉ង់ម្នាក់ និងប្រភពអ៊ីរ៉ង់២ផ្សេងទៀត។
ទោះយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃការងារ ស្ថានភាពនៃការស្លាប់ និងទំនាក់ទំនងរបស់អ្នកវិទ្យាសាស្រ្តទាំង២ជាមួយរដ្ឋាភិបាលអ៊ីរ៉ង់នៅតែមិនទាន់បញ្ជាក់នៅឡើយទេ។ កាសែតញូវយ៉កថែមស៍រៀបរាប់អ្នកទាំង២នាក់ថានៅក្មេង និងមានសុខភាពល្អ ប៉ុន្តែក៏ធ្លាក់ខ្លួនឈឺនៅចុងខែឧសភារហូតបញ្ជូនទៅបន្ទប់ ICU នៅមន្ទីរពេទ្យឆ្ងាយពីគ្នាជាង ៦០០ គីឡូម៉ែត្រ ហើយក៏ស្លាប់ប៉ុន្មានថ្ងៃកៀកគ្នា។
ដោយរួមបញ្ចូលទាំងអាថ៌កំបាំងនៅពីក្រោយការស្លាប់ ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗរបស់អ៊ីស្រាអែល និងអ៊ីរ៉ង់ រាយការណ៍ថា លោក Aghamolaei វ័យ ៣១ ធ្វើការនៅរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ Natanz ប៉ុន្តែមិត្តភក្តិលោកបដិសេធ ហើយថាលោកធ្វើការឱ្យក្រុមហ៊ុនស្រាវជ្រាវភូគព្ភសាស្ត្រឯកជនមួយ។
ចំណែកលោក Entezari វ័យ ៣៥ ឆ្នាំ រៀនចប់បណ្ឌិតផ្នែកវិស្វកម្មអវកាស និងធ្វើការលើគម្រោងទាក់ទងនឹងមីស៊ីល និងទួរប៊ីនយន្តហោះឱ្យមជ្ឈមណ្ឌលអវកាសរដ្ឋាភិបាលក្នុងទីក្រុង Yazd ចម្ងាយជាង ៦០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីតេអេរ៉ង់។ ប៉ុន្តែអាជ្ញាធរអ៊ីរ៉ង់បានច្រានចោលព័ត៌មាននេះ ខណៈសាកលវិទ្យាល័យរបស់លោកនិយាយថាពិតជាវិស្វកម្មអវកាស ហើយមានរូបភាព និងវិឌីអូបង្ហាញថា លោក Entezari ធ្លាប់បានជួបជាមួយអតីតប្រធានាធិបតីអ៊ីរ៉ង់លោក ហាសសាន រ៉ូហានី (Hassan Rouhani) ក្នុងឆ្នាំ ២០១៩។
យោងតាមបុគ្គលិកមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ លោក Entezari មានអការៈពុលអាហារ ក្រោយចូលរួមកម្មពិធីជប់លៀងញ៉ាំអាហារពេលល្ងាចមួយនៅក្រុង Yazd មុនស្លាប់នៅថ្ងៃទី ៣១ ឧសភា។ មកទល់ពេលនេះ ម្ចាស់កម្មពិធីកំពុងបាត់ខ្លួន ហើយសមត្ថកិច្ចអ៊ីរ៉ង់កំពុងតាមស្វែងរក។ ស្រដៀងគ្នានេះដែរ លោក Aghamolaei ដែលទើបត្រឡប់ពីក្រុងTabriz ភាគពាយ័ព្យ ទៅក្រុងតេអេរ៉ង់ មានអាការចង្អោរ និងរាគខ្លាំង ដែលកាន់តែយ៉ាប់ទៅ រហូតដល់សរីរាង្គរបស់លោកមិនដំណើរការ ហើយស្លាប់នៅថ្ងៃទី ០២ ខែមិថុនា។
ការសង្ស័យថ្មីលើអ៊ីស្រាអែល ត្រូវបានរាយការណ៍ឡើងចំពេលដែលមានការស្លាប់ដ៏អាថ៌កំបាំងនៃមនុស្សសំខាន់ៗរបស់អ៊ីរ៉ង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ហើយធ្វើភាពតានតឹងរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់កើនឡើងមួយកម្រិតទៀត។
កាលពីថ្ងៃទី ២២ ឧសភា ខ្មាន់កាំភ្លើងមិនស្គាល់មុខ២នាក់ជិះម៉ូតូបាញ់សម្លាប់មន្រ្តីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមលោក Hassan Sayyad Khodaei នៅកណ្ដាលក្រុងតេអេរ៉ង់ ដែលជាឃាតកម្មលើមន្រ្តីអ៊ីរ៉ង់កំពូលសំខាន់មួយរូបចាប់តាំងពីឃាតកម្មលើលោក Mohsen Fakhrizadeh ដែលជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់ប្រទេសនៅខែវិច្ឆិកាឆ្នាំ ២០២០។
ខណៈក្រុងតេអេរ៉ង់ចោទប្រកាន់ថាអ៊ីស្រាអែលជាអ្នកធ្វើរាល់ពេលកន្លងមក រដ្ឋាភិបាលក្រុងហ្សេរ៊ុយសាឡឹមមិនបានចេញមុខបដិសេធ ឬទទួលខុសត្រូវនោះឡើយ រួមទាំងការស្លាប់របស់អ្នកវិទ្យាសាស្ត្រទាំង២រូបចុងក្រោយនេះ។ យ៉ាងណាមិញ អ៊ីស្រាអែលតែងធ្វើការដោយសម្ងាត់អស់ជាច្រើនឆ្នាំមកហើយ ដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែរ និងអាវុធរបស់អ៊ីរ៉ង់ដែលខ្លួនព្រមាន ដោយការដាក់គោលដៅសម្លាប់អ្នកជំនាញពាក់ព័ន្ធនឹងការកិច្ចខិតខំប្រឹងប្រែងទាំងនោះ តាំងពីឥស្សរជនជាន់ខ្ពស់ រហូតដល់បុគ្គលិកយោធា និងអ្នកវិទ្យាសាស្ត្រកម្រិតទាប។
ប៉ុន្តែសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ នៅតែបន្ថែមការបំពានលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយគំរាមកំហែងសងសឹកអ៊ីស្រាអែលដោយចោទប្រកាន់លើករណីឃាតកម្ម ឬដាក់គោលដៅផ្សេងៗ។ ថ្មីៗនេះ ដោយមានការភ័យខ្លាចលើសុត្ថិភាពក្រៅស្រុក អ៊ីស្រាអែលបានព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅតួកគី ឬគេចចេញពីក្រុងអ៊ីស្តង់ប៊ុលតាមដែលឆាប់អាចធ្វើទៅបាន ចំពេលមានរបាយការរាយការណ៍ជាបន្តបន្ទាប់អំពីការប៉ុនប៉ងធ្វើឃាត ឬចាប់ពង្រត់របស់អ៊ីរ៉ង់ ដែលដាក់គោលដៅលើជនជាតិអ៊ីស្រាអែលក្នុងប្រទេសនេះ។
ជម្លោះរវាងអ៊ីស្រាអែល ត្រូវបានគេសង្កត់ធ្ងន់ទៅនឹងកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់អ៊ីរ៉ង់។ អ៊ីស្រាអែលប្រឆាំងយ៉ាងដាច់អហង្ការចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយ ទោះបីជាមានការរអាក់រអួលដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោកក្ដី។ តាមរយៈកិច្ចព្រមព្រៀងនេះ អ៊ីរ៉ង់ទទួលបានការបន្ធូបន្ថយទណ្ឌកម្មសេដ្ឋកិច្ច ជាថ្នូរនឹងការកម្រិតសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។
ប៉ុន្តែអ៊ីស្រាអែលមានអារម្មណ៍ថា កិច្ចព្រមព្រៀងនេះមិនកំណត់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឱ្យបានគ្រប់គ្រាន់ទេ ខណៈមានការព្រួយបារម្ភយ៉ាងខ្លាំងនាពេលនេះថា អ៊ីរ៉ង់កំពុងឈានជិតដល់នៃលទ្ធភាពដែលអាចផលិតអាវុធនុយក្លេអ៊ែរបាន ដោយសកម្មភាពចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់ខ្លួន។
ទោះយ៉ាងណាក្ដី ក្រុមអ្នកគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរនិយាយថា កិច្ចព្រមព្រៀងនឹងកំណត់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ អនុញ្ញាតឱ្យអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បន្តការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ និងកាត់បន្ថយការគំរាមកំហែងរបស់អ៊ីរ៉ង់ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។
ខណៈអ៊ីរ៉ងនិយាយថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនធ្វើឡើងក្នុងផ្លូវសន្តិភាព អ្នកវិភាគមើលឃើញថា ប្រសិនបើការស្ដារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដួលរលំ ហើយអ៊ីរ៉ង់បង្កើនល្បឿនសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ឬកាត់បន្ថយកិច្ចសហប្រតិបត្តិការជាមួយអ្នកឃ្លាំមើលអង្គការសហប្រជាជាតិ អ្វីដែលគេហៅថា «សង្គ្រាមសម្ងាត់» ជាមួយអ៊ីស្រាអែលនឹងប្រថុយនឹងផ្ទុះឡើងជាជម្លោះបើកចំហ។
ល្បឿននៃការវាយប្រហារនៅអ៊ីរ៉ង់ ដែលធ្វើឡើងរួមជាមួយនឹងការអត្ថាធិប្បាយថ្មីៗរបស់មេដឹកនាំអ៊ីស្រាអែល បង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់អ៊ីស្រាអែល។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណាហ្វថាលី បេនណិតថ៍ (Naftali Bennett) និយាយកាលពីថ្ងៃអង្គារក្នុងកិច្ចប្រជុំនៃគណៈកម្មាធិការកិច្ចការបរទេស និងការពារជាតិ និងកិច្ចការបរទេសរបស់សភាថា៖ «ឆ្នាំកន្លងទៅគឺជាឆ្នាំនៃការផ្លាស់ប្តូរនៅក្នុងយុទ្ធសាស្ត្ររបស់អ៊ីស្រាអែលទល់នឹងអ៊ីរ៉ង់។ យើងកំពុងធ្វើសកម្មភាពគ្រប់ពេលវេលា និងទីកន្លែង ហើយយើងនឹងបន្តធ្វើដូច្នេះ»។

ប្រភព៖ New York Times