សហភាពអឺរ៉ុបចុះកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នជាមួយអ៊ីស្រាអែល និងអេហ្ស៊ីប ដើម្បីជំនួសការនាំចូលពីរុស្ស៊ី

គែរ ៖ មេដឹកនាំអឺរ៉ុប អ៊ីស្រាអែល និងអេហ្ស៊ីបបានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្គត់ផ្គង់ឧស្ម័នត្រីភាគី ខណៈដែលប្លុកនេះស្វែងរកការធ្វើពិពិធកម្មជំនួសការនាំចូលឧស្ម័នពីរុស្ស៊ី ។

ក្រសួងថាមពលអ៊ីស្រាអែលបានបញ្ជាក់ថា កិច្ចព្រមព្រៀងដែលបានបញ្ចប់នៅថ្ងៃពុធសប្តាហ៍នេះ នៅឯសន្និសីទថាមពលតំបន់មេឌីទែរ៉ាណេខាងកើត នៅទីក្រុងគែរ នឹងអនុញ្ញាតឱ្យមានការនាំចេញឧស្ម័ន “ដ៏សំខាន់” របស់អ៊ីស្រាអែលទៅកាន់អឺរ៉ុបជាលើកដំបូង។

នាឱកាសនោះដែរ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរសូឡា វ៉ុនឌែរ ឡេយិន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយជាមួយរដ្ឋមន្ត្រីថាមពលអេហ្ស៊ីប និងអ៊ីស្រាអែល ថា នេះពេលវេលាដ៏ពិសេសមួយ… ខ្ញុំស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ។

លោកស្រីថា អ៊ីស្រាអែល និងអេហ្ស៊ី គឺជាអ្នកផ្គត់ផ្គង់ដ៏គួរឲ្យទុកចិត្តសម្រាប់សហភាពអឺរ៉ុប ខណៈដែលប្លុកមួយនេះព្យាយាមបញ្ចប់ការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលរបស់រុស្ស៊ី។ បន្ថែមលើនេះ លោកស្រីបានបង្ហោះសារនៅលើ Twitter ថា កិច្ចព្រមព្រៀងខាងលើនេះ ក៏នឹងរួមចំណែកដល់សន្តិសុខថាមពលរបស់សហភាពអឺរ៉ុបផងដែរ។ នៅក្រោមកិច្ចព្រមព្រៀងនេះ ឧស្ម័នរបស់អ៊ីស្រាអែលនឹងត្រូវបញ្ជូនទៅអេហ្ស៊ីបតាមបំពង់បង្ហូរប្រេង និងពង្រាវវានៅទីនោះសម្រាប់នាំចេញទៅកាន់អឺរ៉ុប។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន សហភាពអឺរ៉ុបបាននាំចូលប្រហែល ៤០ភាគរយនៃឧស្ម័នរបស់ខ្លួនពីប្រទេសរុស្ស៊ី។ បណ្តាប្រទេសនានាកំពុងតស៊ូលើការកាត់បន្ថយការពឹងផ្អែកនោះ ដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការលុកលុយជាបន្តបន្ទាប់លើអ៊ុយក្រែន៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner