សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា បញ្ជូនអត្តពលិក និងអាជ្ញាកណ្តាល ទៅចូលរួមវគ្ និងការប្រកួតជើងឯកអាស៊ី

ប្រតិភូ កីឡាករ និងអាជ្ញាកណ្តាល កីឡាចំបាប់កាច់ដៃកម្ពុជា៣រូប បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញហើយ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចូលរួមវគ្គចៅក្រុម អាជ្ញាកណ្តាល និងការប្រកួតជើងឯកអាស៊ី នៅប្រទេសម៉ាឡេស៊ី ។

ថ្លែងមុនចេញដំណើរឯកឧត្តម មាស សារិន ប្រធានប្រតិភូ បានមានប្រសាសន៍ថា នេះជាលើកទី១ ដែលសហព័ន្ធ បញ្ជូនប្រតិភូ កីឡាករទៅចូលរួម វគ្គអាជ្ញាកណ្តាល និងការប្រកួតកីឡាកាច់ដៃកម្រិតអាស៊ី នៅម៉ាឡេស៊ី ទីក្រុងកូឡាឡាំពួរ ពីថ្ងៃទី១៦ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ។

ប្រតិភូដឹកនាំរូបនេះ បញ្ជាក់ថា ការចូលរួមលើកដំបូងនេះ មិនសង្ឃឹមដណ្តើមបានមេដាយនោះទេ ប៉ុន្តែអ្វីដែលយើងចង់បានគឺបទពិសោធន៍ ចំណេះដឹងយកមកអនុវត្ត ដើម្បីអភិវឌ្ឍកីឡាមួយនេះ អោយមានការរីកចម្រើននៅកម្ពុជា ។ ឯកឧត្តម មាស សារិន បានអោយដឹងថា ជាការពិតសហព័ន្ធកីឡាចំបាប់កាច់ដៃ ត្រូវបានទទួលស្គាល់ពីគណកម្មការជាតិអូឡាំពិកម្ពុជា ប៉ុន្តែការចេញទៅលើកនេះ សហព័ន្ធប្រើថវិកាផ្ទាល់ខ្លួន ដោយសារយើងថ្មី យើងត្រូវបង្ហាញសមត្ថភាព ស្នាដៃ និងសក្តានុពលជាមុនសិន ។

កីឡាករ លី ម៉េងឡេង បានអោយដឹងថា គ្រាន់តែដឹងដំណឺងពីការចេញទៅចូលរួមប្រកួត ខ្លួនបានចាប់ផ្តើមហ្វឹកហាត់ សម្រកគីឡូអោយត្រូវតាមស្តង់ដាប្រកួតមុន ២ខែ ដើម្បីប្រកួតក្នុងប្រភេទទម្ងន់៨៦គីឡូក្រាម ដោយប្រើដៃស្តាំ ។ លី ម៉េងឡេង មិនហ៊ានបង្ហាញក្តីសង្ឃឹមខ្ពស់ពេកនោះទេ ដោយសារការចូលរួមនេះ មាន២០ប្រទេសចូលរួម ហើយកីឡាករសុទ្ធសឹងតែមានបទពិសោធន៍ជាច្រើនឆ្នាំ ដូច្នេះដាក់ក្តីសង្ឃឹមត្រឹម៧០ភាគ ក្នុងការប្រជែងមេដាយប៉ុណ្ណោះ ។

សូមបញ្ជាក់ថា សហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា បានបញ្ជូនប្រតិភូកីឡាករសរុប៣រូប ទៅចូលរួមការប្រកួត កម្រិតអាស៊ី នៅប្រទេសម៉ាឡេស៊ី ដោយមាន២០ប្រទេសចូលរួម ៕ សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner