កម្ពុជាធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំ ខណៈក្រុមអ្នកអភិរក្សបន្តកិច្ច ខិតខំប្រឹងប្រែងដើម្បីអភិរក្សសត្វត្មាតកម្ពុជាឱ្យបានគង់វង្ស

ក្រចេះ៖ក្រុមការងារអភិរក្សសត្វកម្ពុជាបានចាប់ផ្តើមដំណើរការ ជំរឿន សត្វត្មាត ប្រចាំឆ្នាំរបស់ខ្លួនស្ថិតក្នុងក្របខណ្ឌនៃការធ្វើជំរឿន ប្រចាំឆ្នាំចំនួន ៥ ដងដើម្បីតាមដានលើទិន្នន័យវត្តមានរបស់ សត្វត្មាត និងការត្រៀមរៀបចំផែនការបន្តក្នុងការការពារ ថែរក្សានិងអភិរក្សប្រភេទសត្វស្លាបកម្រនេះឱ្យ បានគង់វង្ស។

គួរបញ្ជាក់ថាទីតាំងជំរឿនចំនួនបួនកន្លែងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានបើកក្នុងពេលដំណាលគ្នាក្នុងការធ្វើជំរឿនេះ គឺ ទី១-ដែនជម្រកសត្វព្រៃសម្បូណ៌ក្នុងខេត្តក្រចេះ ទី២-ដែនជម្រក សត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង ទី៣-ដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះវិហារ និង ទី៤-ដែនជម្រកសត្វព្រៃស្រែពក នៅក្នុង ខេត្តមណ្ឌលគិរី។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានចូ ល រួមការធ្វើជំរឿនសត្វត្មាតលើកទី៣ ប្រចាំឆ្នាំ២០២២ នេះនៅ តំបន់ដែនជម្រកសត្វព្រៃសម្បូណ៌ ដោយមានការ អញ្ជើញ ចូលរួមពី តំណាង អង្គការ WWF និងអង្គការអភិរក្សអន្តរជាតិ CI។ ទិន្នន័យរួម ចុងក្រោយមួយនឹងត្រូវបូកសរុបបន្ទាប់ពីប្រមូលបានទិន្នន័យពីទីតាំងជំរឿននានា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបាន គូស បញ្ជាក់ ថា ការធ្វើជំរឿនសត្វត្មាតប្រចាំឆ្នាំនេះគឺដើម្បីដឹងពី ការវិវត្ត នៃចំនួនសត្វត្មាតនៅកម្ពុជាដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងដាក់ ចុះវិធានការផ្សេងៗក្នុងបំណងការពារឱ្យបាននូវប្រភេទ សត្វដ៏កម្រនេះ។ បើតាមទិន្នន័យជំរឿនសត្វត្មាតកាលពីឆ្នាំ២០២១ កន្លងទៅបង្ហាញថា សត្វត្មាតបី ប្រភេទដែលមាននៅប្រទេស កម្ពុជាគឺត្មាតភ្លើង ត្មាតត្នោត និងត្មាតកសផេះ មានវត្តមាន សរុបចំនួន ១២១ ក្បាល នៅក្នុងអាហារដ្ឋានត្មាតចំនួនបួន កន្លែងនៅតំបន់ការពារធម្មជាតិកម្ពុជាក្នុងនោះមានត្មាតភ្លើង ២០ ក្បាលត្មាតផេះ ៦៦ ក្បាល និងត្មាតត្នោត ៣៥ ក្បាល។

ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាលទ្ធផល នៃការរាប់ចំនួនសត្វត្មាតដោយអាហារដ្ឋានត្មាត នៅដែនជម្រក សត្វព្រៃសម្បូណ៌នៃតំបន់ទេសភាពព្រៃលិចទឹកមេគង្គកាលពីឆ្នាំ២០២១ កន្លងទៅមានចំនួន ៤១ ក្បាល និងបានបង្ហាញថា ចំនួនសត្វ ត្មាតសរុបទាំងបី ប្រភេទបញ្ចូលគ្នាបានកើនឡើងទ្វេដង សម្រាប់ តំបន់នេះពោលគឺពីចំនួន ២០ ក្បាលដល់ចំនួន ៤១ ក្បាលសម្រាប់ ចន្លោះចុងខែមិថុនាដល់ចុងខែសីហាឆ្នាំ ២០២១ កន្លងទៅ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា កម្ពុជាគឺជាក្តីសង្ឃឹមចុងក្រោយសម្រាប់ប្រភេទសត្វត្មាតទាំងនេះនៅក្នុងតំបន់អាស៊ី អាគ្នេយ៍ ប៉ុន្តែចំនួននេះបានធ្លាក់ចុះពាក់កណ្តាលក្នុង រយៈពេល ១០ ឆ្នាំកន្លងមក។ ដើម្បីការពារនិងអភិរក្សសត្វត្មាតឱ្យ បានគង់វង្ស សកម្មភាពសិក្សាស្រាវជ្រាវ និងអភិរក្សសត្វត្មាតនៅ ប្រទេស កម្ពុជា បានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០០៤ ដែលនៅ ពេលនោះចំនួនសត្វត្មាតដែលបានកត់ត្រាពេលធ្វើជំរឿន មានចំនួន ១៦២ ក្បាល ដែលជាទិន្នន័យធ្វើជំរឿនលើកដំបូង។ ទិន្នន័យជំរឿនឆ្នាំ ២០១០ ចំនួនសត្វត្មាតបានកើនដល់ ២៨៩ ក្បាល។ ក៏ប៉ុន្តែចាប់ពីឆ្នាំ ២០១១ ដល់ ២០១៤ ចំនួនសត្វត្មាតមាន ការថយចុះគួរឱ្យបារម្ភ។ ចាប់ពីពាក់កណ្តាល ឆ្នាំ ២០១៤ រហូតដល់បច្ចុប្បន្ន ចំនួនសត្វត្មាតទាំងបី ប្រភេទមានចន្លោះពី ១២០ ទៅ ១៤០ ក្បាល។ ដោយឡែកចំនួនសម្បុកដែលបានរកឃើញ និងការពារក៏មានការធ្លាក់ចុះពី ២៧ សម្បុក នៅក្នុងឆ្នាំ ២០១៥ មកសល់ត្រឹម ១៤ សម្បុកក្នុងឆ្នាំ ២០២១។ សត្វត្មាតទាំង ៣ ប្រភេទនេះ សុទ្ធសឹងតែត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិត ផុត ពូជបំផុតក្នុងបញ្ជីក្រហមនៃអង្គការ IUCN។

លោក អៀម សំអ៊ន់ អ្នកគ្រប់គ្រងផ្នែកស្រាវជ្រាវ និងតាមដាន ជីវៈចម្រុះ របស់អង្គការ WWF បានថ្លែងថាជំរឿនសត្វត្មាត ប្រចាំឆ្នាំគឺធ្វើឡើងចំនួន ៥ ដងគឺក្នុងខែមីនា ខែមិថុនា ខែកញ្ញា និងខែធ្នូ។ សម្រាប់ ខែមិថុនាត្រូវធ្វើជំរឿនពីរដងដើម្បីទទួលបាន ព័ត៌មានច្បាស់លាស់ដោយសារតែរដូវពងកូននិងញាស់របស់សត្វត្មាតគឺនៅអំឡុងខែមេសា និងខែឧសភា។

លោក អៀម សំអ៊ន់ បានកត់សម្គាល់ថានៅក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ចំនួនសត្វត្មាតមានចំនួនថេរ និងមិនទាន់មាន សញ្ញានៃការកើនឡើងច្រើននៅឡើយ ហើយសកម្មភាពនៃការ អភិរក្សសត្វត្មាតនេះត្រូវបន្តដើម្បីការពារប្រភេទសត្វស្លាបកម្រនេះឱ្យ បាន។មានបញ្ហាប្រឈមជាច្រើនក្នុងការអភិរក្ស សត្វត្មា ក្នុងនោះកត្តាចំណីអាហារដែលបច្ចុប្បន្នមានការកាត់បន្ថយដោយសារតែចំនួនសត្វព្រៃ និងសត្វស្រុកដែលស្លាប់ក្នុងព្រៃកាន់តែថយ ដែលតម្រូវឱ្យក្រុមការងារអភិរក្សត្រូវផ្តល់ចំណីបន្ថែមជាប្រចាំខែ។

លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានថ្លែងថា ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តំបន់ដែនជម្រកសត្វព្រៃ សម្បូណ៌ មានវត្តមានសត្វត្មាតចុះមកនារដូវវស្សា និងសន្និដ្ឋាន ថាតំបន់នេះ ដែលស្ថិតក្រោមការអភិរក្ស ការពារនិងតាមដាន ជាប្រចាំមានសុវត្ថិភាពសម្រាប់ពួកសត្វត្មាតរស់នៅ ទើបពួកគេ បានមករស់នៅតំបន់នេះ។

លោកបានថ្លែងថាតាមរយៈការផ្តល់ចំណីបន្ថែមនេះបានធ្វើឱ្យ ទីតាំង នៅដែនជម្រកសត្វព្រៃសម្បូណ៌កាន់តែមានការទាក់ទាញ សត្វត្មាតបន្ថែមទៀត។

ជាមួយកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វត្មាត រដ្ឋលេខាធិការ ក្រសួង បរិស្ថានបានថ្លែងថា ស្ថានភាពសត្វត្មាតកម្ពុជាមាន សញ្ញាណ វិជ្ជមាន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្ស សត្វត្មាតកម្ពុជា តែទាមទារបង្កើនកិច្ចការពារបន្ថែមទៀត។ ជាមួយលទ្ធផលរាប់បាននៅខែចុងក្រោយនេះ យើងឃើញថា អាហារដ្ឋានត្មាតនៅដែនជម្រកសត្វព្រៃសំបូរ មានការកើន ឡើងនូវចំនួនសត្វត្មាតគួរឱ្យកត់សម្គាល់។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែង កោតសរសើរចំពោះក្រុមការងារស្រាវជ្រាវនៃក្រសួងបរិស្ថាន និងអង្គការដៃគូទាំងអស់នៃក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាក៏ដូចជាមន្ត្រីឧទ្យានុរក្សទាំងអស់ ដែលកំពុងបំពេញ ភារកិច្ចរបស់ខ្លួននៅ តាមតំបន់ការពារធម្មជាតិនានា ដើម្បីការពារ និងអភិរក្សទីជម្រក ធម្មជាតិ នៃដែនជម្រកសត្វព្រៃ ដែលមានវត្តមានសត្វត្មាត៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner