ឯកឧត្តម សាយ សំអាល់ កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ សមាជិកគណបក្ស ដែលនាំមកនូវលទ្ធផលយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់កន្លងមក

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ ក្នងនាមសម្តេចតេជោប្រធានគណបក្ស និងសម្តេច លោកជំទាវអនុប្រធានគណបក្ស ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារ សមាជិក សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ទូទាំងខេត្តព្រះសីហនុ ដែលបាននាំមកនូវលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២កន្លងទៅថ្មីៗនេះ។

ឯកឧត្តមបានលើកឡើងទៀតថា លទ្ធផលដ៏ត្រចះត្រចង់ដែលយើងទាំងអស់គ្នាបានឃើញនេះ គឺជាសច្ចធម៌ប្រវត្តិសាស្ត្រមួយ និងចាត់ទុកថា លទ្ធផលនេះគឺបានឆ្លើយតបទៅនឹងបេសកកម្មដ៏ឧត្តុង្គឧត្តមដែលគណៈគម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានដាក់មកឱ្យយើង ក្នុងការបម្រើនូវឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ឱ្យដឹងថា កម្ពុជាជាប្រទេសដែលពិសេស និងដោយឡែក គឺមិនមានប្រទេសណាដូចកម្ពុជានោះទេ ដែលបានធ្លាក់ខ្លួនដល់ចំណុចសូន្យ ហើយស្តារខ្លួនឯងត្រឡប់មកវិញ ជាមួយនឹងការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ អ្វីទាំងអស់នេះ គឺ យុទ្ធជនរបស់យើង កម្មាភិបាលរបស់យើង ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីនាំសន្តិភាពឱ្យកម្ពុជា ហើយយើងបានឆ្លើយតបទៅវិញ ដោយបន្តកាច់ចង្កូតដឹកនាំនាវាកម្ពុជាឱ្យរីកចម្រើនរុងរឿងទៅមុខ ដូចអរិយប្រទេសដទៃផងដែរ។

ឯកឧត្តមប្រធានក្រុមការងារ បានឱ្យដឹងទៀតថា ការបោះឆ្នោតគាំទ្រពីសំណាក់សមាជិក សមាជិកគណបក្ស ក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសយ៉ាងច្រើនលើសលុបជូនគណបក្សប្រជាជន ក្នុងចំណោម១៧គណបក្សនយោបាយ ដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៥ ឆ្នាំ២០២២ គឺបង្ហាញអំពីការជឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រធានគណបក្សប្រជាជន ដើម្បីបន្តដឹកនាំប្រទេសឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ហើយបង្ហាញថា ប្រជាពលរដ្ឋបានចូលរួមអនុវត្តន៍សិទ្ធិរបស់ខ្លួន នោះគឺសិទ្ធិជ្រើសរើសមេដឹកនាំដែលខ្លួនពេញចិត្ត។

ជាចុងក្រោយ ឯកឧត្តមបានគូសបញ្ជាក់ថា ពិតណាស់ ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០២២នេះ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់គណបក្សយើង បន្តឈានទៅដណ្តើមភាពឈ្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ នៅឆ្នាំ២០២៣ និងឆ្នាំ២០២៤។ ទោះជាយ៉ាងណា ក៏នៅមានបញ្ហាជាច្រើនដែលត្រូវបន្តដោះស្រាយ និងកែលម្អបន្ថែមទៀត ដូច្នេះក្រុមការងារគណបក្សគ្រប់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះ ឱ្យបានកាន់តែល្អប្រសើរ សំដៅថែ រក្សាការគាំទ្រ និងការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើគណបក្សប្រជាជនកម្ពុជា នៅក្នុងបុព្វហេតុដើម្បី បន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ឆ្ពោះទៅកាន់ដំណាក់កាលថ្មីតាមផែនការកំណត់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner