អ្នកជំនាញបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម អះអាងថា ទោះបីរងវិបត្តិ ដែលកំពុងប្រឈមដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏អាជីវកម្មខ្លះនៅក្នុងប្រទេសកម្ពុជា មិនប៉ះពាល់នោះទេ

ភ្នំពេញ៖ អ្នកជំនាញបណ្ដុះបណ្ដាលផ្នែកអាជីវកម្ម អះអាងថា ទោះបីរងវិបត្តិដែលកំពុងប្រឈមដោយសារសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ក៏អាជីវកម្មខ្លះនៅក្នុងប្រទេសកម្ពុជា មិនប៉ះពាល់នោះទេ ព្រោះពួកគាត់ ធ្លាប់មានបទពិសោធន៍លើការគ្រប់ គ្រងអាជីវកម្មរបស់ខ្លួន ក្នុងពេលរងផលប៉ះពាល់ដោយវិបត្តិកូវីដ19 កន្លងមក។

នេះជាការបញ្ជាក់របស់លោក កឹម អឿន ស្ថាបនិក និងជាអគ្គនាយក Home-Ducation ក្នុងពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកអាជីវកម្ម (ជំនាន់១, ២ និង៣) និងពិធីប្រគល់ងារកិត្តិយសជូនដល់គ្រូឧទ្ទេសរបស់ហូម-ឌូខេសិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចសង្ឃ ឈឹង ប៊ុនឈា អនុប្រធានថេរសភា នៃព្រះរាជាណាចក្រកម្ពុជា ជាអគ្គាធិការនៃពុទ្ធិកសិក្សាជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសង្ឃរាជ ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា, លោកតា បណ្ឌិត កុល ផេង ប្រធានសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកគ្រូតា ចាន់ សេរី ទីប្រឹក្សា Home-Ducation និងជាអតីតគណៈប្រធាននាយកប្រតិបត្តិ អភិបាលកិច្ចធនាគារអេស៊ីលីដា, វាគ្មិនមកចែករំលែកបទពិសោធន៍ ៥រូប និងវាគ្មិនផ្ដល់កិត្តិយស ចូលរួមជាង ២០រូប និងឱកាសកសាងទំនាក់ទំនង រវាងម្ចាស់អាជីវកម្មប្រមាណ ២៧០នាក់ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារភ្នំពេញ ។

លោក កឹម អឿន បានមានប្រសាសន៍ថា ពិធីនេះរៀបចំឡើងក្នុងគោល បំណង ផ្តល់គោរមងារជាធម្មទានាចារ្យ និងធម្មទានាចារ្យនី ដល់គ្រូឧទ្ទេស និងវាគ្មិនដែលមានចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានចែករំលែកនៅហូម-ឌូខេសិន ជាពិសេស នៅក្នុងអំឡុងCovid-19, លើកទឹកចិត្តដល់សិក្ខាកាមជាម្ចាស់អាជីវកម្ម ដែលបានខិតខំប្រឹងប្រែងរៀនសូត ប្រកបដោយឆន្ទៈមោះមុត ដើម្បីដឹកនាំអាជីវកម្មរបស់ខ្លួនឱ្យឆ្លងផុតពីព្យុះនៃរលក Covid-19នាពេលកន្លងមក, បង្កើនទំនាក់ទំនងរវាងសិក្ខាកាម ដែលជាម្ចាស់អាជីវកម្មអោយកាន់តែមានភាពស្អិតរមួត ដើម្បីឈានទៅរកការសហការ និងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន និងទទួលបានការចែករំលែកបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនកិត្តិយស និងគណៈធិបតីរបស់យើង។

លោក កឹម អឿន បានបន្តថា នៅក្នុងសម័យកូវីដ-១៩ គ្រូឧទេស បានចំណាយទាំកកម្លាំងកាយ-ចិត្ត ពេលវេលានៅក្នុងការជួយចែករំលែកនូវបទពិសោធន៍ ដូច្នេះហើយបានជាយើង ទូលសុំសម្ដេចសង្ឃ ដើម្បីផ្ដល់គោរមងារ ដែលមានឈ្មោះថា ធម្មទានាចារ្យ សម្រាប់គ្រូឧទ្ទេសបុរស និងធម្មទានាចារ្យានី សម្រាប់គ្រូឧទេសស្ត្រី ដែលសក្តិសមទៅនឹងអ្វីដែលជាការលះបង់របស់គាត់ ក្នុងការផ្ដល់នូវចំណេះដឹងដោយក្ដីស្រឡាញ់ ដោយមិនគិតពីការតបស្នងមកវិញដែលមិនរំពឹងទុក។

លោកអគ្គនាយក ហូម-ឌូខេសិន បានបន្ថែមថា ការផ្ដល់ក្រុមការងារនេះ គឺជាការលើកទឹកចិត្ត និងជំរុញឱ្យគ្រឧទ្ទេស រឹតតែផ្ដល់នូវបទពិសោធន៍ និងចង់ចែករំលែក ហើយក៏នឹងធ្វើឲ្យសង្គមជាតិរបស់យើង សម្បូរទៅដោយអ្នកចែករំលែកច្រើនទៅៗផងដែរ ។

លោកថា ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ សិក្ខាកាមដែលបានចូលសិក្សាតាមវគ្គនីមួយៗរបស់ Home-Ducation គឺពួកគាត់មានស្មារតីរឹងមាំ ព្រោះថា ពួកគាត់មិនបាក់ទឹកចិត្តដោយមានការខិតខំប្រឹងប្រែងកាន់តែខ្លាំង ដែលធ្វើឲ្យពួកគាត់ មានសមត្ថភាពក្នុងការដឹកនាំក្រុម។ ជាមួយគ្នានេះ សិក្ខាកាម ក៏មានយុទ្ធសាស្ត្រផ្នែកខាងរៀបចំទុកដាក់អាជីវកម្មរបស់ពួកគាត់ ឱ្យដំណើរការបានប្រសើរជាងមុនផងដែរ ទាំងស្មារតី ទាំងយុទ្ធសាស្ត្រ ដែលពួកគាត់ អាចទទួលបានយ៉ាងហោចណាស់ ទប់ទល់ជាមួយនឹងបញ្ហាប្រឈមនៅក្នុងសម័យកូវីដ ហើយក៏មានសេវាកម្មខ្លះទៀត ទទួលបានជោគជ័យ នៅក្នុងសម័យកូវីដនេះទៅទៀត ។

លោក កឹម អឿន បានបញ្ជាក់ថា ក្នុងដំណាក់កាលវិបត្តិដែលកំពុងប្រឈម ជាពិសេស សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន គឺអាចនឹងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្មខ្លះនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែដោយសារតែការប្រឈមនៃវិបត្តិកូវីដ19 កន្លងមក គឺធ្វើឱ្យពួកគាត់ មានបទពិសោធន៍ក្នុងការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន ដែលមិនងាយនឹងប៉ះពាល់នោះទេ ។

លោក ឈឹង សង្ហា នាយកបណ្ដុះបណ្តាល ហូម-ឌូខេសិន បានឱ្យដឹងដែរថា៖ Home-Ducation ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមដោះស្រាយ បញ្ហាប្រឈមធំៗរបស់អាជីវកម្ម គឺ “មនុស្ស” “ទីផ្សារ និងការលក់” និង “ហិរញ្ញវត្ថុ” ព្រមទាំងបង្កើតឱកាសសម្រាប់អាជីវកម្មគ្រប់ប្រភេទ ដោយផ្តោតលើអាជីវកម្មខ្នាតតូច និងមធ្យម។ លោកបានបញ្ជាក់ថា Home-Ducation កែប្រែបញ្ហាអោយទៅជាឱកាសដំណើរពីអាជីវកម្មជាម្ចាស់ ទៅជាម្ចាស់អាជីវកម្ម ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner