ពិព័រណ៍ការងារនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៣-២៤ ខែមិថុនា នៅទីតាំង អគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងរៀបចំ ព្រឹត្តិការណ៍ពិព័រណ៍ការងារ២ថ្ងៃពោលគឺចាប់ពីថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ នៅទីតាំងអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ក្រសួងការងារបានបញ្ជាក់ដល់ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់ ការអប់រំ បណ្ដុះបណ្តាល អ្នកស្វែងរកការងារ សិស្ស-និសិ្សត និង សាធារណជនឱ្យជ្រាបថា ទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ និងឧបត្ថម្ភ គាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) នឹងរៀបចំកម្មវិធី «ពិព័រណ៍ការងារ ” ដែលនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពី ថ្ងៃទី២៣-២៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៨ព្រឹក ដល់ម៉ោង ១៧ ល្ងាច នៅទីតាំងអគារ Kampus ជិតស្ពានអាកាសក្បាលថ្នល់ ។

ក្រសួងបានបន្តឱ្យដឹងថា កម្មវិធីពិព័រណ៍ការងារនេះ ត្រូវបានរៀបចំ ឡើងជាវេទិកាជួបជុំគ្នាដោយងាយស្រួលនៅមួយកន្លែងរវាងនិយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងអ្នកស្វែងរកការងារ ដើម្បី ផ្សព្វផ្សាយ ព័ត៌មានឱកាសការងារ ជ្រើសរើសកម្លាំងពលកម្ម ដាក់ពាក្យស្នើសុំការងារ និងព័ត៌មានស្តីពីការបណ្តុះបណ្តាលជំនាញ ព្រមទាំងសិក្ខាសាលាចែករំលែកបទពិសោធន៍ ការ ប្រឹក្សាយោលបល់ការងារ អាជីព និងត្រៀមខ្លួនចូលការងារ ដោយវាគ្មិនដែលមានបទពិសោធន៍ជ្រាលជ្រៅក្នុងទីផ្សារការងារ។

ក្នុងព្រឹត្តិការណ៍ពិព័រណ៍ការងារនេះ នឹងមានក្រុមហ៊ុនធំៗចំនួន ២២ ចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំង ពលកម្មប្រមាណ ៣,២០០កន្លែង ហើយសង្ឃឹមថា នឹងទាក់ទាញអ្នកចូលរួម និងដាក់ ពាក្យ រកការងារដែលជាយុវជន និងកម្លាំងពលកម្មវ័យក្មេង រាប់ពាន់នាក់៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner