ការប្រារព្ធព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ «ខ្មុកខោល» ដ៏ធំបំផុតនៅពាក់កណ្តាលឆ្នាំ២០២២

ភ្នំពេញ៖ ក្រៅពីការប្រកបអាជីវកម្មដើម្បីស្វែងរកប្រាក់ចំណូលនៅ កម្ពុជាហើយនោះ លោក ប៊ែន លី(Ben Li )ដែលជាស្ថាបនិកគម្រោង Urban Village និង Factory Phnom Penh បានចំណាយថវិកា ជាច្រើន ក៏ដូចជាទីតាំងរៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ «ខ្មុកខោល»។ការរៀបចំនេះក្នុងគោលបំណងបំផុសការចូលរួម របស់ យុវជន ឲ្យ ស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈបុរាណ ជាពិសេស ល្ខោនខោលខ្មែរ ដើម្បីបន្តសាមគ្គីគ្នាថែរក្សា និងការពារឲ្យបានស្ថិតស្ថេរ គង់វង្សតរៀងទៅ ព្រមទាំងស្វែងរកមូលនិធិគាំទ្រ ១.០០០រៀល ដើម្បីរៀបចំកម្មវិធីព្រឹត្តិការណ៍សម្តែងល្ខោនខោលដ៏អស្ចារ្យនាចុងឆ្នាំ ២០២២។

លោក Ben Li ដែលជាវិនិយោគិនមកពីហុងកុងបានមានប្រសាសន៍ថា កម្មវិធីនេះបានខកខានជាងពីរឆ្នាំហើយ ក្នុងកំលុងការរាតត្បាត នៃ ជំងឺកូវីដ១៩នៅកម្ពុជា។ លោកថា នៅ Factory Phnom Penh យើងគាំទ្រការបង្កើតអាជីវកម្មថ្មីៗ ដែលមាន Start Up (អ្នកប្រកប អាជីវកម្មថ្មីៗ) ជាង១០០ ហើយយើងក៏គាំទ្រ សិល្បករ-សិល្បការនី និងតន្ត្រីករខ្មែរផងដែរ។ លោកបន្តថា ក្រុមការងារកម្មវិធី ខ្មុកខោល បានធ្វើការងារយ៉ាងល្អសំរាប់វប្បធម៌ប្រពៃណីខ្មែរ ហើយ Urban Village និង Factory Phnom Penh នឹងនៅតែបន្តគាំទ្រ កិច្ចការងារ សិល្បៈ ហើយយើងបន្តរក្សា និងមិនធ្វើអោយសិល្បៈខ្មែរបាត់បង់ទេ។

នាឱកាសនោះដែរ លោក ស៊ុប ស័ក្ខរា នាយកសាលាសិល្បៈហ៊្វូណន ដែលជាអ្នករៀបចំកម្មវិធី បានបញ្ជាក់ថា តាមរយៈកម្មវិធីបង្ហាញ សិល្បៈជាច្រើនលើក គឺមានសារៈសំខាន់ណាស់ក្នុងការ ផ្សព្វផ្សាយ ទាំងរូបភាព និងខ្លឹមសារដល់អ្នកដែលចូលរួមដោយផ្ទាល់និងទស្សនា តាមបណ្ដាញសង្គមផ្សេងៗ ឲ្យយល់កាន់តែច្បាស់អំពីតម្លៃនៃសិល្បៈខ្មែរ ហើយចូលរួមទាំងអស់គ្នាក្នុងការថែរក្សា និងលើកតម្កើងសិល្បៈ បុរាណ ឲ្យកាន់តែមានប្រជាប្រិយភាព និងស្ថិតក្នុងបេះដូងប្រជាជនខ្មែរ គ្រប់រូប។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ «ខ្មុកខោល» មានកម្មវិធីជាច្រើនដូចជាកម្មវិធីសិក្ខាសាលាអំពីទម្រង់ល្ខោនខោល និងរបាំបុរាណ រួមទាំងការហាត់រៀន និងគ្រោងឈុតល្ខោនខោល និងរបាំបុរាណពីសំណាក់តារាកិត្តិយសផ្សេងៗ។ បន្ថែមពីលើនេះ ក៏មានការប្រគំតន្រ្តីទសវត្សរ៍ទី៦០ដោយសាលាសិល្បៈតន្ត្រី ការតាំង បង្ហាញ មុខខ្មុកល្ខោនខោលចំនួន១១១ខ្មុក និងសម្ភារៈផ្សេងៗ ការបង្ហាញក្បាច់គុនល្បុក្កតោ ការសម្តែងចាប៉ីដងវែង និងល្ខោនខោល ដើម្បីលើកកម្ពស់ និងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឱ្យ កាន់តែទូលំទូលាយ៕
ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner