ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៖”ខ្ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឲ្យវៀតណាមសូម្បីមួយមីល្លីម៉ែត្រហើយខ្ញុំក៏មិនចង់បានដីវៀតណាមសូម្បីមួយមីល្លីម៉ែត្រ”
ត្បូងឃ្មុំ៖ ក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧–២០មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិ សាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅមុខសមភាគី វៀតណាមនិងបណ្តាអង្គទូតបរទេសដោយច្បាស់ៗថា ខ្ញុំគ្មានសិទ្ធិដើម្បីប្រគល់ដីឱ្យវៀតណាម សូម្បីមួយមីល្លីម៉ែត្រ ហើយខ្ញុំក៏មិនចង់បានដីវៀតណាម សូម្បីមួយមីល្លីម៉ែត្រ សូមឲ្យតែត្រូវទៅតាមក្បួនខ្នាតដែលអាណានិគមនិយមបារាំង បានផ្ដល់បន្សល់ទុកទៅបានហើយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្តថារយៈពេល ៤៣ឆ្នាំនៃការគ្រប់គ្រងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា យើងបានដោះស្រាយបញ្ហាព្រំដែនបាន ៨៤ ភាគរយនៃខ្សែព្រំដែនហើយដែលកំពុងចរចាដោះស្រាយបញ្ហាចំនួន ១៦ ភាគ រយទៀតដែលក្នុងនោះ ៦% កំពុងចរចាបញ្ចប់ ។
សម្តេចបញ្ជាក់ថា”នៅទីនេះចំពោះមុខប្រជាពលរដ្ឋកម្ពុជាទាំងនៅក្នុងប្រទេសនិងក្រៅប្រទេសនិងមានស្ថានទូតទាំង អស់កំពុងស្តាប់ហើយបញ្ជាក់ជូនចំពោះមកនាយករដ្ឋមន្ត្រីវៀតណាមខ្ញុំមិនមានសិទ្ធិដើម្បីប្រគល់ដីឲ្យវៀតណាមសូម្បីមួយមីលីម៉ែត្រហើយខ្ញុំក៏មិនចង់បានដីពីរវៀតណាមសូម្បីមួយមីលីម៉ែត្រដែរ។សូមឲ្យតែត្រូវទៅតាមក្បួនខ្នាតដែលអាណានិគមនិយមបារាំងបានផ្ដល់បន្ស ល់ទុកទៅបានហើយ ហើយវៀតណាម ក៏មិនត្រូវការយកដីយើង ហើយយើងក៏មិនត្រូវការយកដីវៀតណាមដែរ។ ជា មួយនឹងព្រះរាជាណាចក្រថៃនឹងឡាវក៏ដូចគ្នា ។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា ក្រោយពេលអនុវត្តដោយជោគជ័យនយោបាយឈ្នះឈ្នះ សម្តេចបានដាក់ចេញនូវទិសដៅពីសំខាន់ ដែលទី១. ប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍។ គោលដៅទី២ ប្រែក្លាយខ្សែបន្ទាត់ព្រំដែនជាមួយនឹងប្រទេសជិតខាងទាំងអស់ ឲ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ៕ ដោយ វណ្ណលុក