សម្តេចតេជោ ហ៊ុន សែន ៖ ខ្ញុំត្រូវតែធ្វើបើទោះបីជាការធ្វើដំណើរឆ្ពោះទៅសង្រ្គោះជាតិ មានសង្ឃឹមតែ ១ភាគរយក៏ដោយ មិនត្រូវបណ្តោយឱ្យប៉ុល ពត បន្តសម្លាប់ពលរដ្ឋទៀតទេ
ត្បូងឃ្មុំ៖ ក្នុងពិធីអបអរសាទរខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០មិថុនា១៩៧៧–២០មិថុនា ២០២២) និងសម្ពោធសមិទ្ធផលនានានៅតំបន់ប្រវត្តិ សាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងថា បើទោះបីជាការធ្វើដំណើរឆ្ពោះទៅសង្រ្គោះជាតិ មានសង្ឃឹមតែ ១ភាគរយ ក៏ខ្ញុំត្រូវតែធ្វើដែរ មិនត្រូវបណ្តោយឱ្យប៉ុល ពត បន្តសម្លាប់ពលរដ្ឋយើងបន្តទៀតទេ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា ខ្ញុំមិនចង់រំលឹករឿងអតីតកាលនោះទេ ព្រោះវាឈឺចាប់ពេក។ តែយ៉ាងណា ក៏ត្រូវតែរំលឹកអំពីការឆ្ពោះទៅសង្រ្គោះជាតិនេះ ។ សម្តេចថ្លែងថា “ការចាកចេញពីប្រពន្ធដែលមានផ្ទៃពោះ ៥ខែ ដែលខ្ញុំជាយុវជនអាយុ ២៥ឆ្នាំ មិនមែនជារឿងធម្មតានោះទេ តែបើទោះបីជាការធ្វើដំណើរឆ្ពោះទៅសង្រ្គោះជាតិ មានសង្ឃឹមតែ ១ភាគរយ ក៏ខ្ញុំត្រូវតែធ្វើដែរ មិនត្រូវបណ្តោយឱ្យប៉ុល ពត បន្តសម្លាប់ពលរដ្ឋយើងបន្តទៀតទេ។”
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា មុនពេលឈានជើងចូលក្នុងទឹកដីវៀតណាម ខ្ញុំបានបែរមុខមកខាងទឹកដីកម្ពុជាទាំងទឹកភ្នែក ដោយនិយាយក្នុងចិត្តថា អាយុ ១៣ឆ្នាំបែកពីស្រុកកំណើតដោយអត់សាលារៀន អាយុ ២៥ឆ្នាំបែកពីប្រទេសដោយពួកឃាតក ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា មានអ្នកខ្លះចោទហ៊ុន សែន ថា បាននាំកងទ័ពវៀតណាមមកសម្លាប់ប្រជាជនខ្មែរ។ សម្តេចតេជោ ចោទជាសំនួរថា បើចង់ដឹងច្បាស់សួរអង្គការសហប្រជាជាតិ។ សម្តេចតេជោក៏បានរំលឹកថា វៀតណាមបានចេញអន្តរាគមន៍បានទាន់ពេលវេលាក្នុងការជួយសង្រ្គោះកម្ពុជាពីប្រល័យពូជសាសន៍ ប៉ុល ពត ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជោគជ័យ នៃការកាត់ទោសខ្មែរក្រហម ជាការទាមទាររកយុត្តិធម៌ ៕ ដោយ វណ្ណលុក