ឯកឧត្តម វ៉ាត់ ចំរើន ៖ កម្ពុជា នឹងយកកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បង្ហាញពីបដិសណ្ឋារកិច្ច ប្រកបដោយភាពកក់ក្តៅ

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ថ្លែងសារគន្លឹះសំខាន់ៗ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកទី២ នៅរាជធានីភ្នំពេញ ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២។ នេះជាការបញ្ជាក់ក្រោយកិច្ចប្រជុំពិសេស របស់គណៈអចិន្ត្រៃយ៍ CAMSOC ក្រោមការដឹកនាំ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ ។

ឯកឧត្តម វ៉ាត់ ចំរើន អះអាងប្រកបដោយភាពជឿជាក់ថា សម្រាប់ពិធីបដិសណ្ឋារកិច្ច កម្ពុជានឹងធ្វើឲ្យ ប្រទេសអាស៊ីអាគ្នេយ៍ទាំងមូលទទួលបាននូវភាពកក់ក្តៅជាទីបំផុត នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ពីព្រោះកម្ពុជាធ្វើកន្លងមកធ្លាប់ទទួលបានជោគជ័យ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីអាស៊ានជាបន្តបន្ទាប់ផងដែរ ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន ដែលមានបទពិសោធន៍ខ្ពស់ បានពិនិត្យយ៉ាងយកចិត្តទុកដាក់ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឲ្យកិច្ចប្រជុំនេះដំណើរការដោយរលូន នៃដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង ឲ្យទទួលបានជោគជ័យ។ ក្រៅពីផ្តល់ភាពកក់ក្តៅ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា ក្នុងនាមម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺធ្វើយ៉ាងណាជំរុញឲ្យខ្លួនឯងអាចធ្វើបាន និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសមាជិកទាំងមូល ។

ឯកឧត្តម អគ្គលេខាធិការ បន្ថែមថា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC បានរៀបចំកិច្ចប្រជុំពិសេស ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ដើម្បីត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលកិច្ចប្រជុំទាំង២នេះ នឹងត្រូវរៀបចំបញ្ជូលគ្នា។ កាលពីខែមេសា ឆ្នាំ២០២២ នៅខេត្តសៀមរាប កម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ម្តងរួចហើយ ហើយគម្រោងកិច្ចប្រជុំនេះនឹងធ្វើឡើងជាលើកទី២ ដើម្បីអនុម័តចុងក្រោយនូវប្រភេទកីឡា និងវិញ្ញាសា សម្រាប់ការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ នៅកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ទៀតថា សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន គណៈកម្មាធិការជាតិ CAMSOC តែងតែផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ក្នុងការណែនាំឲ្យពន្លឿនគ្រប់ផែនការសកម្មការងារទាំងអស់។ មានន័យថា ទាំងកិច្ចការបច្ចេកទេស ទាំងការងារការទូតកីឡាជាមួយនឹងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់ត្រូវបានសម្តេចពិជ័យសេនាជំរុញឲ្យយើងធ្វើយ៉ាងណា ឲ្យដំណើរការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២២ ទទួលបានការគាំទ្រឲ្យបានច្បាស់លាស់ពីសមាជិកស៊ីហ្គេម និងសមាជិកអាស៊ានប៉ារ៉ាហ្គេមទាំងអស់»។

ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន បន្តថា កម្ពុជាធ្វើជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដើម្បីសមាជិកអាស៊ានទាំងមូលស្រុះស្រួលគ្នា ក្នុងការឯកភាពគ្នាជាឯកច្ឆ័ន ដោយមិនឲ្យសមាជិកណាមួយមានបញ្ហា និងមិនផ្តល់ការគាំទ្រនោះឡើយ។ ក្រៅពីការទទួលនូវខ្លឹមសារសំខាន់ៗតម្រង់ទិសឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏នឹងមានការត្រួតពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធកីឡាសំខាន់ៗ លើកទី១ របស់សមាជិកអាស៊ីអាគ្នេយ៍ និងសមាជិកអាស៊ានប៉ារ៉ាហ្គេមផងដែរ ៕ ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner