សហរដ្ឋអាម៉េរិក មានផែនការដាក់ពង្រាយកងទ័ពថែមទៀតនៅអារ៉ាប៊ីសាអូឌីត ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់អ៊ីរ៉ង់
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ម៉ាក អេសភើ នៅថ្ងៃសុក្រនេះ បានសម្រេចអនុញ្ញាតឱ្យមានការដាក់ពង្រាយកម្លាំងយោធាថែមទៀតនៅអារ៉ាប៊ីសាអូឌីត ក្នុងគោលបំណងលើកកម្ពស់ការការពារជាតិក្នុងប្រទេសមួយនេះ។
យ៉ាងណាមិញ គេនៅពុំទាន់ដឹងច្បាស់ពីចំនួនពិតប្រាកដនៃកងទ័ពដែលទីក្រុងវ៉ាស៊ីនតោនត្រៀមដាក់ពង្រាយថែមទៀតនៅឡើយទេ ប៉ុន្តែបើតាមប្រភពពីមន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិអាម៉េរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា គឺមានចំនួនប្រមាណ១,៨០០នាក់ រួមទំាងគ្រឿងបរិក្ខាការពារជាតិទំនើបៗផ្សេងទៀតផងដែរ។ សេចក្តីថ្លែងការណ៍មួយបានកត់សម្គាល់ថា ប្រមុខដឹកនំាមន្ទីរបញ្ចកោណនៅថ្ងៃសុក្រនេះ ក៏បានជូនដំណឹងដល់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត និងរដ្ឋមន្រ្តីការពារជាតិអារ៉ាប៊ីសាអូឌីត លោក ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់ ផងដែរ អំពីការដាក់ពង្រាយកងទ័ពចុងក្រោយនេះ គឺដើម្បីធានា និងបង្កើនសមត្ថភាពការពារជាតិរបស់អារ៉ាប៊ីសាអូឌីត។
សូមបញ្ជាក់ថា ផែនការរបស់សហរដ្ឋអាម៉េរិកខាងលើនេះ បានកើតមានឡើងស្របពេលភាពតានតឹងរវាងសហរដ្ឋអាម៉េរិក និង អ៊ីរ៉ង់ កាន់តែរីករាលដាលធំឡើងៗក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈមានការព្រួយបារម្ភអំពីលទ្ធភាពនៃការប៉ះទង្គិចគ្នាដោយកម្លំាងយោធាទៀតផង៕ម.ន