ចិន ជំរុញឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិ បំពេញកាតព្វកិច្ចហិរញ្ញវត្ថុ ឲ្យបានពេញលេញ
ចិន៖ ឆ្លើយតបនឹងឱនភាពហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ ប្រទេសចិននៅថ្ងៃសុក្រនេះ បានចេញមុខអំពាវនាវឱ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ ត្រូវបំពេញកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនឲ្យបានពេញលេញ។
អ្នកនាំពាក្យក្រសួងបរទេសចិន លោក ហ្គេង ស័ង បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា ក្នុងនាមជាអ្នកចូលរួមវិភាគទានធំទី២ របស់អង្គការសហប្រជាជាតិ ប្រទេសចិនបានបង់ប្រាក់ពេញលេញនៃថ្លៃសមាជិកប្រចាំឆ្នាំរបស់ខ្លួន។ អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ថ្លៃសមាជិកភាពគ្រប់គ្រាន់ និង មានស្ថេរភាព គឺជាការចំាបាច់ដើម្បីធានាដល់ប្រតិបត្តិការ និងដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់អង្គការសហប្រជាជាតិ។
ការកត់សម្គាល់បែបនេះរបស់ប្រទេសចិន ត្រូវបានធ្វើឡើងក្រោយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានប្រកាសថា ស្ថាប័នអន្តរជាតិកំពូលមួយនេះ ប្រហែលជានឹងអស់កញ្ចប់ថវិកាសម្រាប់ផ្គត់ផ្គង់នៅចុងខែតុលានេះហើយ៕ម.ន