អាជ្ញាធរជប៉ុនជម្លៀសខ្លួនប្រជាជនទៅកាន់ទីសុវត្ថិភាពជាបន្ទាន់ ខណៈព្យុះទីហ្វុង Hagibis ជាព្យុះយក្សធំបំផុតកំពុងសំដៅមកវាយប្រហារប្រទេសជប៉ុន
ជប៉ុន៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបានសម្រេចផ្អាករាល់ជើងហោះហើរទាំងអស់នៅក្នុងស្រុក ដែលគ្រោងនឹងចាកចេញពីអាកាសយានដ្ឋានទីក្រុងតូក្យូ រីឯសេវាកម្មធ្វើដំណើរ និង ដឹកជញ្ជូនតាមរថភ្លើងក៏ត្រូវផ្អាកសកម្មភាពជាបណ្ដោះ អាសន្នផងដែរ ខណៈព្យុះទីហ្វុង ហាជីប៊ីស កំពុងសំដៅមកវាយប្រហារប្រទេសជប៉ុននាចុងសប្ដាហ៍នេះ ។
ទន្ទឹមគ្នា អាជ្ញាធរជប៉ុនក៏បានសម្រេចចិត្តលុបចោលការប្រកួតបាល់អោបពិភពលោក រួមទាំងការប្រកួតប្រណាំងរថយន្ដ Formula One ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ ។ ដោយឡែកអាជ្ញាធរឧតុនិយមជប៉ុនក៏បានព្រមានដែរថាព្យុះទីហ្វុង ហាជីប៊ីស អាចនឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត ដែលនឹងវាយប្រហារលើទីក្រុងតូក្យូ គិតចាប់តាំងពីឆ្នាំ១៩៥៨ ដែលកាលណោះជប៉ុនពិតរងគ្រោះធ្ងន់ធ្ងរណាស់ ដោយសារព្យុះទីហ្វុងឈ្មោះ អ៊ីដា ព្រោះប្រជាជនសរុបចំនួន១,២៦៩នាក់បានស្លាប់ និង បាត់ខ្លួន ខណៈផ្ទះសម្បែងជាង១ម៉ឺន៦ពាន់ខ្នងត្រូវបំផ្លាញ ។
បើតាមអាជ្ញាធរឧតុនិយមជប៉ុននោះ ព្យុះទីហ្វុង ហាជីប៊ីស ត្រូវបានគេរំពឹងថា នឹងវាយប្រហារតំបន់ភាគខាងលិច និង ភាគខាងកើតនៃប្រទេសជប៉ុន ចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ជាមួយល្បឿនខ្យល់បក់បោកប្រមាណ២២៥គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងអាចបង្កជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដីទៀតផង ៕