បណ្តារដ្ឋមន្ត្រីក្រសួងការពារជាតិអាស៊ានបញ្ជាក់ពីការគាំទ្រកម្ពុជា ខណៈធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
ភ្នំពេញ៖បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានបានបញ្ជាក់អំពីការគាំទ្រនិងអបអរសាទរចំពោះភាពជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក្នុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ឥស្សជនជាន់ខ្ពស់ទាំងនេះក៏បានបង្ហាញអំពីការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជាថែមទៀត។ ការបញ្ជាក់អះអាងនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារដាច់ដោយឡែកៗពីជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ។

នៅក្នុងជំនួបពិភាក្សាការងារខាងលើរដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃបានប្តេជ្ញាគាំទ្រចំពោះកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន សំដៅលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ថៃ ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព ជាបងប្អូន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទាំងនយោបាយសន្តិសុខ សេដ្ឋកិច្ច និងសង្គមវប្បធម៌។
ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិឡាវបានសម្តែងនូវការគាំទ្រនិងអបអរសាទរចំពោះភាពជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅកម្ពុជាហើយបានវាយតម្លៃខ្ពស់ និងការពេញចិត្តចំពោះវឌ្ឍនភាពកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលទទួលបានលទ្ធលល្អប្រសើរ បើទោះបីស្ថិតក្នុងបរិបទកូវីដ១៩។ក៏ដោយ
រីឯរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ីបានប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅកម្ពុជា។ រដ្ឋមន្ត្រីការពារជាតិទាំងពីរបានឯកភាពពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជាម៉ាឡេស៊ី លើវិស័យបណ្តុះបណ្តាលធនធានមនុស្ស វិស័យប្រតិបត្តិការរក្សាសន្តិភាព និងវិស័យសំខាន់ៗ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈជុំវិញស្ថានការណ៍តំបន់ និងពិភពលោកផងដែរ។

ចំណែករដ្ឋមន្ត្រីក្រសួងការពារប្រទេសជប៉ុន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការនាពេលកន្លងមក ទទួលបានលទ្ធផលជាផ្លែផ្កាលើវិស័យកងទ័ពជើងគោក ជើងទឹក កងរក្សាសន្តិភាព ដែលបានពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន រួមចំណែកយ៉ាងសំខាន់ក្នុងការកសាងចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ និងវិបុលភាពថែមទៀត ។ ជាមួយគ្នានេះ ក៏បានពិភាក្សាផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់អំពីការពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ឱ្យកាន់តែប្រសើរឡើងថែមទៀត សំដៅលើកកម្ពស់ពង្រឹងសមត្ថភាពយោធា រួមមាន ការទទួលសិក្ខាកាមកម្ពុជាទៅបណ្តុះបណ្តាលនៅឥណ្ឌូនេស៊ី ការបញ្ជូនយោធាចារ្យឥណ្ឌូនេស៊ីមកបណ្តុះបណ្តាលសិក្ខាកាមនៅកម្ពុជា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចគណៈប្រតិភូទៅវិញទៅមក ការចូលរួមលំហាត់ហ្វឹកហ្វឺនរក្សាសន្តិភាព និងការផ្តល់បរិក្ខារ សម្ភារៈយោធាជូនកងយោធពលខេមរភូមិន្ទ។
ចំណែករដ្ឋមន្រ្តីការពារប្រទេសវៀតណាមបានប្តេជ្ញាគាំទ្រចំពោះកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ សំដៅលើកកម្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងនិងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលជាកត្តាគន្លឹះបម្រើឲ្យផលប្រយោជន៍ទៅវិញទៅមក។

សូមជម្រាបថា កម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ថា នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ នេះសម្តេចពិជ័យសេនា ទៀ បាញ់ ឧបបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន ឥណ្ឌូនេស៊ី ថៃ ឡាវ ដើម្បីដើម្បីពង្រឹងទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងការពារប្រទេសទាំងពីរផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិផងដែរ៕ ដោយៈ ពលជ័យ


