នាយករដ្ឋមន្រ្តីហុងគ្រីប្រាប់លោក ហ្សេលេនស្គី ថា ហុងគ្រីគាំទ្រអ៊ុយក្រែនក្នុងការដេញថ្លៃជាបេក្ខភាពសមាជិកសហភាពអឺរ៉ុប
ប៊ុយដាប៉ែស ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីហុងគ្រី លោក វីគតឺ អ័របាន នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការដេញថ្លៃរបស់ទីក្រុងកៀវ ដើម្បីចូលរួមជាមួយសហភាពអឺរ៉ុប (EU)។
ប្រធានសារព័ត៌មានរបស់មេដឹកនាំហុងគ្រីលោក Bertalan Havasi បានបញ្ជាក់ថា លោក អ័របាន បានបញ្ជាក់ពីការគាំទ្ររបស់ប្រទេសរបស់ខ្លួនចំពោះឋានៈបេក្ខជនសហភាពអឺរ៉ុបរបស់អ៊ុយក្រែន។ លោក អ័របាន បើតាមសេចក្តីរាយការណ៍បាននិយាយថា អឺរ៉ុបគួរតែដកចេញនូវឧបសគ្គខាងការិយាធិបតេយ្យចំពោះការចូលសហភាពអឺរ៉ុបរបស់អ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយថា លោកមានបំណងលើកយករឿងនេះទៅពិភាក្សានៅក្នុងកិច្ចប្រជុំកំពូល EU ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ និង២៤ ខែមិថុនាខាងមុខ។
លោក អ័របាន បន្ថែមថា ប្រទេសហុងគ្រីក៏ត្រៀមខ្លួនជាស្រេចដើម្បីជួយអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួនតាមរយៈផ្លូវដែកផងដែរ។ ក្នុងនាមប្រជាជនអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងអំណរគុណដល់ប្រជាជនហុងគ្រីសម្រាប់ជំនួយរបស់ពួកគេ។ ការសន្ទនាតាមទូរស័ព្ទខាងលើនេះត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ជាសញ្ញានៃការបន្ធូរបន្ថយភាពតានតឹងរវាងមេដឹកនាំទាំងពីរ ខណៈពីមុន លោក ហ្សេលេនស្គី បានរិះគន់លោក អ័របាន ចំពោះការខ្វះខាតភាពជាក់ស្តែងរបស់ខ្លួនចំពោះប្រទេសដែលកំពុងប្រយុទ្ធ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា


