តួកគីអូសបន្លាយពេលដាក់ពង្រាយកងទ័ព នៅលីប៊ី ១៨ខែទៀត
អង់ការ៉ា ៖ សភាតួកគី នៅថ្ងៃអង្គារសប្តាហ៍នេះ បានបន្តអាណត្តិដាក់ពង្រាយកងទ័ពនៅក្នុងទឹកដីលីប៊ីរយៈពេល ១៨ខែបន្ថែមទៀត ស្ថិតក្រោមហេតុផលហានិភ័យ និងការគំរាមកំហែងនៅតែបន្តកើតចេញពីប្រទេសនេះសម្រាប់តំបន់ទាំងមូលរួមទាំងប្រទេសតួកគីផងដែរ ។
សំណើនេះត្រូវបានគាំទ្រដោយគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ដែលកំពុងកាន់អំណាច គណបក្សចលនាជាតិនិយម និងគណបក្សល្អ ខណៈដែលគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យប្រជាមានិតបានជំទាស់នឹងសំណើនេះ។ ក្នុងឆ្នាំ ២០១៩ រដ្ឋាភិបាលទីក្រុងអង់ការ៉ា និងប្រទេសលីប៊ីដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៃកិច្ចព្រមព្រៀងជាតិ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួនពីរ ស្តីពីកិច្ចសហប្រតិបត្តិការយោធា និងព្រំដែនសមុទ្រនៅសមុទ្រមេឌីទែរ៉ាណេខាងកើត។
អាណត្តិនៃការដាក់ពង្រាយទ័ពរបស់តួកគីបានចូលជាធរមានក្នុងខែមករា ឆ្នាំ ២០២០ បន្ទាប់ពីមានកិច្ចព្រមព្រៀង។
ការគាំទ្រផ្នែកយោធាតួកគីបានជួយរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី ទទួលបានឥទ្ធិពលប្រឆាំងនឹងកងកម្លាំងដែលស្មោះត្រង់នឹងមេបញ្ជាការយោធាភាគខាងកើតនៃប្រទេសលីប៊ី Khalifa Hifter ។
ប្រទេសអាហ្វ្រិកខាងជើងមួយនេះបានរងនូវអំពើហិង្សា និងអស្ថិរភាពនយោបាយកាន់តែខ្លាំងឡើងចាប់តាំងពីការដួលរលំរបស់មេដឹកនាំចុងក្រោយលោក Muammar Gaddafi ក្នុងឆ្នាំ ២០១១ ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា




