សន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ គណៈកម្មការរៀបចំបោះឆ្នោតខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅសាលាខេត្តសៀមរាប ក្នុងគោលបំណងធ្វើការបូកសរុបលទ្ធផល វាយតម្លៃ និងស្វែងយល់ពីចំណុចខ្លាំងនិងចំណុចខ្សោយ នៃការអនុវត្តការងារបោះឆ្នោតនាពេលកន្លងមក សម្រាប់ជាបទពិសោធដើម្បីធ្វើការកែលម្អក្នុងការបោះឆ្នោតក្រោយៗទៀត ឲ្យទទួលបានលទ្ឋផលកាន់តែជោគជ័យ ពោលគឺសំដៅទៅលើការរៀបចំការបោះឆ្នោតឲ្យប្រព្រឹត្តិទៅមានលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌និងមានតម្លាភាព ហើយគ្រប់ភាគីចូលរួមអាចទទួលយកបាននូវលទ្ឋផលនៃការបោះឆ្នោត ព្រមទាំងមានការអបអរសាទរនិងទទួលស្គាល់ពីមជ្ឈដ្ឋានជាតិនិ ងអន្តរជាតិ ។

សន្និបាតនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត និង វត្តមានចូលរួមពី មេបញ្ជាការ មេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងអភិបាលក្រុង ស្រុក ឃុំ សង្កាត់ ស្មៀនឃុំសង្កាត់ តំណាងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ព្រមទាំងប្រធាន អនុប្រធាននិងមន្ត្រី លេខាធិការដ្ឋាន នៃគណៈកម្មការរៀបចំបោះឆ្នោត ។

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការៀបចំការបោះឆ្នោតខេត្តសៀមរាប បានបកស្រាយបំភ្លឺ នូវរាល់សំណួរ និងសំណូមពរជូនអង្គសន្និបាទ ហើយចំណុចសំនួរ និង សំណូមពរណាដែលមិនមាននៅក្នុងនិតិវិធីនៃការបោះឆ្នោត និងកត់ត្រា ដើម្បីដាក់ជូនទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។

លោកបានមានប្រសាសន៍ថា ជាទូទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នំ២០២២កន្លងមកថ្មីៗនេះ បានដំណើរការទៅដោយរលូន គ្មានការគំរាមកំហែង គ្មានអំពើហិង្សានិងដោយគ្មានការភ័យខ្លាចនោះឡើយ ហើយត្រូវបានមតិជាតិនិងអន្តរជាតិភាគច្រើនបានវាយតម្លៃថា បានប្រព្រឹត្តិទៅក្នុងបរិយាកាសសន្តិសុខ និងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានតម្លាភាព សេរី ត្រឹមត្រូវយុត្តិធម៌ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយបើប្រៀបធៀបទៅនឹងការបោះឆ្នោតមុនៗ ការបោះឆ្នោតលើកនេះមានភាពល្អប្រសើរច្រើនឡើងៗ ទាំងលើទិដ្ឋភាពច្បាប់ និងទិដ្ឋភាពបច្ចេកទេស ។

ឯកឧត្តម គុជ លីណា បានសម្តែងនូវការកោតសរសើរចំពោះគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភាគីពាក់ព័ន្ឋព្រមទាំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមអនុវត្តនិងគោរពច្បាប់បោះឆ្នោត បទបញ្ជា និតិវិធី និង ក្រមសីលធម៌សម្រាប់ការបោះឆ្នោតប្រកបដោយស្មារតីទទួលខុសត្រូវ និង ភាពថ្លៃថ្នូរដែលធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់សម្រាប់អាណត្តិទី៥នេះ ទទួលបានលទ្ឋផលល្អប្រសើរទាំងលើទិដ្ឋភាពច្បាប់ និង ទិដ្ឋភាពបច្ចេកទេសក្រោមបរិយាកាសសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយគ្មានការគំរាមកំហែងនិងគ្មានអំពើហិង្សានោះឡើយ ។

ឯកឧត្តម បន្តទៀតថា ឆ្លងតាមការបោះឆ្នោតដោយផ្ទាល់និងមិនផ្ទាល់តាមគោលការណ៍នៃលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្សទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំង២០លើកកន្លងមកនេះ បានផ្តល់មេរៀននិងបទពិសោធជាច្រើនសម្រាប់យើងទាំងអស់គ្នានោះគឺ (សន្តិភាព លទ្ឋិប្រជាធិបតេយ្យ ការបោះឆ្នោតនិងការអភិវឌ្ឍន៍សង្គម ) ជាដំណើរការដែលមានទំនាក់ទំនងផ្សារភ្ជាប់និងជះឥទ្ឋិពលឲ្យគ្នាទៅវិញទៅមកមិនអាចកាត់ផ្តាច់បានឡើយសម្រាប់សេចក្តីថ្លៃថ្នូរ ភាពរុងរឿងនិងផលប្រយោជន៍ដ៍ឧត្តុង្គឧត្តមនៃប្រទេសជាតិនិងប្រជាជនយើង ។

ឯកឧត្តមលើកឡើងថា នៅពេលខាងមុខនេះ ប្រទេសយើងនឹងរៀបចំការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧ ឆ្នាំ២០២៣ ហើយខេត្តសៀមរាប មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាឲ្យដំណើរការនៃយន្តការទាំងនេះ ឲ្យប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌និងមានសុវត្ថិភាព ហេតុនេះសូមអំពាវនាវដល់អ្នកពាក់ព័ន្ឋទាំងអស់ បន្តចូលរួមនៅក្នុងកិច្ចដំណើរការនៃការបោះឆ្នោតនាពេលខាងមុខប្រកបដោយភាពស្មោះត្រង់និងការទទួលខុសត្រូវខ្ពស់សំដៅលើកកម្ពស់ដំណើរការនៃលទ្ឋិប្រជាធិបតេយ្យនិងការបោះឆ្នោតនៅកម្ពុជា រក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ដោយឈរលើស្មារតីតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ ៕ ដោយ ៖ សុខារិទ្ធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner