សម្ដេចតេជោ ហ៊ុន សែន អរគុណឥណ្ឌូនេស៊ី ដែលផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា បង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា និងគាំទ្រចំពោះការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ

ភ្នំពេញ ៖ មានប្រសាសន៍ក្នុងជំនួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Brabowo Subianto) រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែអំណរគុណឥណ្ឌូនេស៊ី ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា និងបង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា ហើយសម្ដេច ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម ប្រាបូវ៉ូ បានគោរពនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះមកកាន់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ឯកឧត្តម ប្រាបូវ៉ូ បានមានប្រសាសន៍ថា ឯកឧត្តម បានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពី ៥ឆ្នាំមុន ហើយពេលនេះ កម្ពុជា បានប្រែក្លាយទៅជាប្រទេសអភិវឌ្ឍន៍ដ៏ស្រស់បំព្រងមួយ។

លើសពីនោះទៀត ឯកឧត្តម ប្រាបូវ៉ូ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានជួបជាមួយឯកឧត្តមអគ្គមេបញ្ជាការកងទ័ពពិសេស ៩១១ និងបានពិភាក្សាលើកិច្ចសហប្រតិបត្តិការដែលក្នុងនោះ ឯកឧត្តម បានសម្រេចផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅសាលាការពារជាតិឥណ្ឌូនេស៊ី លើវិស័យពេទ្យ, វិស័យវិស្វកម្ម និងវិស័យគណិតសាស្ត្រ និងវិទ្យាសាស្ត្រ ។

ឯកឧត្តម ប្រាបូវ៉ូ ក៏បានជួបពិភាក្សាជាមួយឯកឧត្តម ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជាផងដែរ ហើយក៏បានចុះអនុស្សរណៈយោគយល់គ្នា ក្នុងការបង្ហាត់កីឡាបញ្ចសីលាដល់កម្ពុជា និងកម្ពុជា បង្ហាត់កីឡាល្បុក្កតោដល់ឥណ្ឌូណេស៊ី ក្នុងន័យនេះ ឯកឧត្តម ប្រាបូវ៉ូ សូមគោរពសុំការគាំទ្រពីសម្ដេចតេជោ នាយករដ្ឋមន្ត្រី ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីជូនចំពោះសម្ដេច ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពឥណ្ឌូនេស៊ី និងកម្ពុជា ហើយសម្ដេច បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាបូវ៉ូ ដែលបានផ្ដល់អាហារូបករណ៍ដល់សិស្សទាហានកម្ពុជា ទៅសិក្សានៅឥណ្ឌូនេស៊ី និងបង្ហាត់ក្បាច់បញ្ចសីលាដល់កីឡាករកម្ពុជា ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគាំទ្រចំពោះការបង្ហាត់ក្បាច់ល្បុក្កតោកម្ពុជា ជូនដល់កីឡាករឥណ្ឌូនេស៊ី ផងដែរ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា នេះជាវប្បធម៍នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ កម្ពុជា-ឥណ្ឌូនេស៊ី ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner