ឯកឧត្តម សាយ សំអាល់ ៖ ជាមន្ត្រីរាជការ ក្រសួងបរិស្ថាន ត្រូវតែពង្រឹងចំណេះដឹងឲ្យខ្ពង់ខ្ពស់ និងបង្កើនសមត្ថភាពលើការគ្រប់គ្រងបរិស្ថានបន្ថែមទៀត ជាពិសេសជៀសឱ្យឆ្ងាយពីសារធាតុញៀនគ្រប់ប្រភេទ
ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ក្នុងនាមជាមន្ត្រីរាជការ ក្រសួងបរិស្ថាន ត្រូវតែពង្រឹងចំណេះដឹងឲ្យបានខ្ពស់ និងសមត្ថភាពលើការគ្រប់គ្រងបរិស្ថា បន្ថែមទៀត ជាពិសេសជៀសឱ្យឆ្ងាយពីសារធាតុញៀនគ្រប់ប្រភេទ ដូចជា ផលិតផលថ្នាំជក់នេះ ដើម្បីអនាគតខ្លួនឯង និងសង្គមជាតិ ចូលរួមទាំងអស់គ្នាឱ្យវិស័យបរិស្ថានកាន់តែរីកចម្រើន លើការងាររដ្ឋបាលសាធារណៈ មុខងារសាធារណៈ កិច្ចគាំពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងការតាក់តែងនូវគោលនយោបាយនានាក្នុងវិស័យបរិស្ថាន។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ក្នុងការអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ២០២១-២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធជាច្រើននាក់ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ។
ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ការកាត់បន្ថយការបញ្ឈប់ និងមិនប្រើប្រាស់ផលិតផលថ្នាំជក់ ដែលជាសារធាតុញៀន មិនត្រឹមតែជួយដល់សុខភាពខ្លួនឯង ក្រុមគ្រួសារ អ្នកដ៏ទៃ និងថវិកា ប៉ុណ្ណោះទេ គឺជាការជួយដល់សេដ្ឋកិច្ចជាតិថែមទៀតផង។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់បំផុតដាក់ចេញនូវគោលនយោបាយ និងណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ឱ្យធ្វើការណែនាំបញ្ជ្រាបពីការយល់ដឹងពីផលប៉ះពាល់នៃសារធាតុញៀនគ្រប់ប្រភេទ ក្នុងនោះមានផលិតផលថ្នាំជក់ ដែលបង្កហានិភ័យខ្ពស់ដល់សុខភាពសាធារណៈ។
ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងនូវងំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងនិងទទួលបានជោគជ័យ លើវិស័យថែទាំសុខភាពសាធារណៈជាច្រើនជូនប្រជាពលរដ្ធ និងរាជរដ្ឋាភិបាល ដូចជាការការបន្ថយការស្លាប់ម្តាយនិងទារក ការបន្ថយនូវជំងឺគ្រុនចាញ់ អត្រាស្លាប់និងឆ្លងនៃជម្ងឺអេដស៍ -ល- ដែលជាការងារយ៉ាងសំខាន់ក្នុងការការពារអាយុជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ធ ។
សូមបញ្ជាក់ថា ការប្រើប្រាស់ផលិតផលថ្នាំជក់មានគ្រោះហានិភ័យដ៏ធំដល់សុខភាពសាធារណៈ ដោយថ្នាំជក់មានផ្ទុកនូវសារធាតុគីមីជាង ៤០០០ប្រភេទ ដែលភាគច្រើននៃសារធាតុគីមីគឺជាសារធាតុពុលដែលបង្កជាជំងឺ មិនឆ្លងនានាដូចជាជំងឺសរសៃឈាមបេះដូង ជំងឺសួត និងប៉ះពាល់ដល់កោសិការនិងសរីរាង្គទាំងមូល ហើយក្នុងនោះសារធាតុគីមីគ្រោះថ្នាក់ដែលបង្កឱ្យមានជំងឺមហារីកធ្ងន់ធ្ងរមាន៦៩ប្រភេទ ។ ក្នុងឆ្នាំ២០១៤ ប្រទេសកម្ពុជាមានអ្នកប្រើប្រាស់ផលិតផលថ្នាំជក់ ប្រមាណ ២លាននាក់ ក្នុងនោះ១.៦លាននាក់គឺជាអ្នក ជក់បារី។
ប្រជាជនកម្ពុជាចំណាយក្នុងការទិញផលិតផលថ្នាំជក់ជាង ២០១.៥លាន ដុល្លារក្នុងមួយឆ្នាំស្មើ នឹងប្រហែល១៤១.៩លានកញ្ចប់ ឬ ២,៨៣៨លានដើម ដែលជាប្រភពបង្កើតនូវការសាយភាយនូវសារ ធាតុសរីរាង្គមិនងាយបំបែកធាតុ (ហៅកាត់ថាប៉ុប “POPs”) ជាប្រភេទសារធាតុ ដោយអុកស៊ីន និងហ្វូរ៉ាន (Dioxin/Furan) ។ ទន្ទឹមនឹងនេះផលប៉ះពាល់ដល់អ្នកប្រើប្រាស់ផលិតផលថ្នាំជក់ ជាពិសេសអ្នកជក់បារី បានបន្សល់នូវកន្ទុយបារីជាច្រើនបំពុលបរិស្ថាន (ទឹក និងដី) ។ រីឯការចំណាយបណ្តាលមកពីការប៉ះពាល់ សុខភាពដោយសារការជក់បារីប្រមាណ១៦២.៧លានដុល្លារនៅឆ្នាំ២០១៣ ។ ថ្នាំជក់បានសម្លាប់អ្នកជក់ បារីជាង ៨លាននាក់ក្នុងមួយឆ្នាំៗទូទាំងពិភពលោក ក្នុងនោះចំនួន៩សែននាក់ ស្លាប់ដោយសារការស្រូប ផ្សែងបារីដោយអចេតនា ៕