ក្រសួងការងារជូនដំណឹងពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបន្ត សម្របសម្រួលវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍។ ប្រភពខាងលើនេះបានបញ្ជាក់ថាបើតាមមតិរបស់តំណាងភាគីកម្មករនិយោជិតគឺនៅតែ ឈរលើឆន្ទៈរបស់កូដករដែលរក្សាជំហរដដែល ភាគីតំណាងកម្មករនិយោជិតនៅតែសំណូមពរដូចជា៖ស្នើឱ្យកម្មករនិយោជិត ២០០នាក់ ដែលបានបញ្ឈប់ពីការងារឱ្យចូលធ្វើការងារវិញ ដោយធ្វើការ ដោះដូរជាមួយកម្មករនិយោជិតដែលកំពុងបម្រើការងារហើយស្ម័គ្រចិត្តលាឈប់ជំនួសប្រហែល ៣០០នាក់ និង ធ្វើការខែទី១ ចំនួន ៥០ភាគរយ ខែទី២ ចំនួន ៧០ភាគរយ រហូតដល់មានវេនធ្វើការពេញវិញជាដើម។

ដោយឡែកតំណាងក្រុមហ៊ុនណាហ្គាវើលដ៍វិញបានសំណូមពរដូចជា៖ចំនួនបុគ្គលិកដែលបានបញ្ឈប់ពីការងាររួមដែលនៅសេសសល់ត្រឹមតែ ១៧២នាក់ និងសូម អំពាវនាវឱ្យកម្មករដែលនៅសេសសល់ទាំងនេះ គួរតែទទួលយកការសម្របសម្រួលពីក្រសួងការងារ ឬជំនួយក្នុង ការបកស្រាយបន្ថែមអំពីកញ្ចប់បញ្ចប់កិច្ចសន្យាដោយការព្រមព្រៀង។

បន្ទាប់ពីស្តាប់មតិយោបល់របស់ភាគីទាំងពីរ អធិការការងារបានពន្យល់អំពីគោលការណ៍ និងខ្លឹមសារនៃ មាត្រា៩៥ នៃច្បាប់ស្តីពីការងារ ជូនភាគីទាំងពីរជាថ្មីម្តងទៀត។

ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាពគ្នាដូចជា៖ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ។ កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។

ក្រសួងការងារបានឱ្យដឹងដែរថាបើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner