NOCC បន្តបញ្ជ្រាបគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំទិវាអូឡាំពិក នៅខេត្តកែប នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះដើម្បីបញ្ជា្របគុណតម្លៃអូឡាំពិក និងបានបន្តការផ្សព្វផ្សាយពីគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ជូនដល់សិស្សានុសិស្សដែលចូលរួម។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលជាវាគ្មិននៅក្នុងព្រឹត្តិការណ៍បានគូសបញ្ជាក់ថា កម្មវិធីនេះបានធ្វើឡើងនៅវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានីចរិយាវង្ស និងវិទ្យាល័យហ៊ុន សែន ប៊ុន រ៉ានីចំការដូង ក្នុងខេត្តកែប ដោយចូលរួមផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយពីដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផង។ បញ្ជ្រាបចំណេះដឹង ក្នុងកម្មវិធីនេះដល់សិស្សានុសិស្សចូលរួមចំនួន៧០នាក់។

ទីប្រឹក្សារូបនេះបន្ថែមទៀតថា ក្រៅពីកម្មវិធីផ្សព្វផ្សាយគោលដៅនៃគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ក្រុមការងារ NOCC ក៏បាននាំសិស្សានុសិស្សលេងកម្សាន្តកីឡានានា។ លោកអះអាងថា កម្មវិធីនេះមានសិស្សានុសិស្ស ដែលចូលរួមបានស្វែងយល់ពីផលប្រយោជន៍នៃការលេងកីឡា និងឲ្យពួកគេយល់ថា កីឡាបង្កើតនូវសាមគ្គីភាព មិត្តភាព និងភាពស្មោះត្រង់។

លោក ប៊ុយ សុភ័ណ្ឌ បានឲ្យដឹងទៀតថា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំកម្មវិធីជិះកង់កម្សាន្ដ ដើម្បីអបអរសាទរទិវាអូឡាំពិកនេះដែរ និងបញ្ជ្រាបការផ្សព្វផ្សាយពីស៊ីហ្គេមឆ្នាំ២០២៣ នៅជុំវិញក្រុងកែបដោយចេញដំណើរពីមុខសាលាខេត្តកែបទៅដល់សេះស និងត្រឡប់មកមុខសាលាខេត្តកែបវិញ។

លោកពន្យល់ថា មូលហេតុដែលបង្កើតព្រឹត្តិការណ៍ជិះកង់នេះដោយសារតែស៊ីហ្គេមឆ្នាំ២០២៣ ខេត្តកែបក៏ជាម្ចាស់ផ្ទះនៃការប្រកួតលើប្រភេទកីឡាទ្រីយ៉ាត្លុង។ ដូច្នេះការរៀបចំកម្មវិធីជិះកង់កម្សាន្ដនេះ ក៏ដើម្បីរួមចំណែកផ្សព្វផ្សាយ ពីការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាទឹកដីខេត្តជាប់មាត់សមុទ្រនេះដែរ។

គួរបញ្ជាក់ថា កម្មវិធីជិះកង់នេះនឹងមានអ្នកចូលរួមជាង៥០នាក់ ក្នុងនោះក៏មានកីឡាករ-កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជាចូលរួមដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner