អធិការបតីអាល្លឺម៉ង់ អំពាវនាវឱ្យមានដាក់សម្ពាធកាន់តែខ្លាំងលើរុស្ស៊ី ជុំវិញការឈ្លានពាន នៅអ៊ុយក្រែន
ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ សូលស៍ បានអំពាវនាវជាថ្មី ឱ្យសហគមន៍អន្តរជាតិបង្កើនសម្ពាធលើរុស្ស៊ី ជុំវិញការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។
លោក សូលស៍ បានថ្លែងបែបនេះទៅកាន់សភាជាន់ទាបរបស់ប្រទេសអាល្លឺម៉ង់ Bundestag នៅថ្ងៃពុធសប្តាហ៍នេះ មុនកិច្ចប្រជុំកំពូលសំខាន់ៗជាបន្តបន្ទាប់។ ប្រទេសអាល្លឺម៉ង់នឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល នៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 នៅសប្តាហ៍ក្រោយ។
លោក សូលស៍ បាននិយាយថា អាល្លឺម៉ង់ និងដៃគូត្រូវតែបន្តធ្វើបាតុកម្មទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបង្ហាញថា ពួកយើងនឹងខិតខំប្រឹងប្រែងរក្សាសណ្តាប់ធ្នាប់ដោយនីតិរដ្ឋ។ លោកថា វាជារឿងសំខាន់ក្នុងការបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ក៏ដូចជាផ្តល់អាវុធ និងជំនួយហិរញ្ញវត្ថុដល់អ៊ុយក្រែន រហូតដល់ទីបំផុត លោក ពូទីន ទទួលស្គាល់នូវកំហុសដ៏ធំរបស់ខ្លួន។
លោក សូលស៍ ក៏បានអះអាងដែរថា មេដឹកនាំ G7 នឹងពិភាក្សាអំពីការគាំទ្រការកសាងឡើងវិញសម្រាប់អ៊ុយក្រែន ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏គ្រោងនឹងចូលរួមកិច្ចប្រជុំនេះតាមអ៊ីនធើណិតផងដែរ។ ជាមួយគ្នានេះ ដោយកត់សម្គាល់ថា ការកសាងអ៊ុយក្រែនឡើងវិញនឹងត្រូវការពេលវេលា រួមទាំងថវិកាដ៏ច្រើនសម្បើមនោះ លោក សូលស៍ បានអំពាវនាវឱ្យមានការគាំទ្ររួមពីសហគមន៍អន្តរជាតិ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា


