ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា នឹងខិតខំបន្តសហការ និងគាំទ្រឲ្យអស់លទ្ធភាព និងជាពិសេសនឹងពិនិត្យពិចារណាលើគម្រោងថ្មីៗ ដែលអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម MIKAMI Masahiro ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមវេង សាខុន បានធ្វើការអបអរសាទរជូនដល់ឯកឧត្តម MIKAMI Masahiro  ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតថ្មីនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ហើយតាមរយ:ឯកឧត្តមឯកអគ្គរាជទូត លោកក៏បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរាជរដ្ឋាភិបាលជប៉ុន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនតាមរយ:គម្រោងអភិវឌ្ឍន៍លើគ្រប់វិស័យ រួមទំាងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍សំខាន់ៗដូចជា៖ ស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដែលរចនាសម្ព័ន្ធទាំងអស់នោះគឺជាសរសៃឈាម រុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងបន្តរក្សាកំណើរនេះឲ្យមាននិរន្តរភាពនាពេលអនាគត។ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបន្តជួយឧបត្ថម្ភគាំទ្រពីរាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA លើការងារបណ្តុះបណ្តាលបច្ចេកទេស ការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ទីផ្សារកសិកម្ម និងថ្មីៗនេះបានជួយបង្កើតមជ្ឈមណ្ឌលពិសោធន៍គីមី និងវេចខ្ចប់បន្លែសុវត្ថិភាព។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា រាជរដ្ឋាភិបាលជប៉ុន តាមរយ:ឯកឧត្តមឯកអគ្គរាជទូតថ្មីនឹងបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មដោយផ្តោតជាសំខាន់លើការគាំទ្រដល់ការបង្កើនសមត្ថភាពសហគមន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ បច្ចេកវិទ្យានិងបច្ចេកទេសក្នុងការធ្វើកសិកម្មតាមបែបទំនើប លើកកម្ពស់ការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព និងស្តង់ដារ និងកៀរគរវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគ ដើម្បីអភិវឌ្ឍន៍វិស័យនេះប្រកបដោយចីរភាព និងនិរន្តរភាព។
ឯកឧត្តម ឯកអគ្គរាជទូត ពិតជារីករាយដែលមានឱកាសមកបំពេញបេសកកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផងដែរ។  ចំពោះវិស័យកសិកម្ម ឯកឧត្តម បនបញ្ជាក់បន្ថែមថា វិស័យកសិកម្មកម្ពុជាបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ច និងជាវិស័យដែលមានសក្តានុពលខ្ពស់សម្រាប់អនាគត តែក្នុងពេលបច្ចុប្បន្ននេះគឺកំពុងមានប្រឈមជាមួយនឹងបញ្ហាកង្វះខាតខាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ គឺនៅមានកម្រិត ហេតុដូច្នេះ ក្នុងអាណត្តិថ្មីនេះ លោកនឹងខិតខំបន្តសហការ និងគាំទ្រឲ្យអស់លទ្ធភាព និងជាពិសេសនឹងពិនិត្យពិចារណាលើគម្រោងថ្មីៗដែលអាចជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម ព្រមទាំងខិតខំកៀរគរវិនិយោគិនជប៉ុនមកសិក្សាពីឱកាសវិនិយោគលើវិស័យនេះ ដើម្បីបង្កើនភាពប្រកួតប្រជែងទីផ្សារ លើកកម្ពស់កម្រិតជីវភាពរបស់ប្រជាកសិករ និងជារួមអភិវឌ្ឍន៍វិស័យនេះឲ្យកាន់តែរីកចម្រើនថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ជូនថា រូបលោក និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងអស់ បានត្រៀមលក្ខណៈជាស្រេច ហើយនឹងបន្តផ្តល់កិច្ចសហការឲ្យលទ្ធភាព។ ហើយឯកឧត្តម ក៏បានជូនពរឲ្យឯកឧត្តមឯកអគ្គរាជទូត ក្នុងឱកាសស្នាក់នៅបំពេញបេសកកម្មការងារការទូត ការងារមនុស្សធម៌ និងបច្ចេកទេស នៅព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ សុខភាពល្អបវរប្រសើរ និងប្រកបដោយសុវត្ថិភាពខ្ពស់៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner