សមត្ថកិច្ចបញ្ជូនបុរសម្នាក់ទៅតុលាការក្នុងសំណុំរឿង រំលោភលើ ទំនុកចិត្ត និងប្រើប្រាសអាវុធកែឆ្នៃ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានបញ្ជូនខ្លួនបុរសជាជនសង្ស័យម្នាក់ មកកាន់សាលាដំបូងរាជ ធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២នេះ ពាក់ព័ន្ធករណី រំលោភ លើទំនុកចិត្ត និងប្រើប្រាសអាវុធកែឆ្នៃ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យឈ្មោះ វិញ ស៊ុនហួរ អាយុ ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ ក្នុងនោះ វត្ថុតាងដកហូតរួមមាន៖ អាវុធកែច្នៃមួយដើម បាញ់គ្រាប់កង់។
គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែមិថុនា កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យរូបនេះនៅមុខផ្ទះ គ្មានលេខ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីរំលោភ លើទំនុកចិត្ត និងប្រើប្រាសអាវុធកែឆ្នៃ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនមកកាន់សាលាដំបូងរាជធានី ភ្នំពេញនៅព្រឹកនេះ កំពុងតែស្ថិតនៅក្នុងដំណាក់កាលតំណាងអយ្យការ បើកការស៊ើបសួរនាំនៅឡើយ៕ ដោយ ៖ ឆៃហួត





