នាយឧត្តមសេនីយ៍ មាស សុភា អញ្ជើញទស្សនៈកិច្ចសកម្មភាពហ្វឹកហ្វឺន សុនខ និងការបង្កាត់ពូជ សុនខ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីន គ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ និងការងារវិស្វកម្មនៃកងយុទ្ធពលខេមរៈភូមិន្ទ បានថ្លែងនូវការកោតសរសើរដល់វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់អង្គការស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង ដែលមានសមត្ថភាព និងជំនាញបច្ចេកទេសនិងបង្ហាត់ ដល់សុនខ សម្រាប់ការងារមីន ក៏ដូចជា ហិតក្លិន រកមេរោគកូវីដ១៩ ផងដែរ។

មានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលឯកឧត្ដម អញ្ជើញបំពេញទស្សនកិច្ច សកម្មភាពហ្វឹកហ្វឺន សុនខហិតមីន យុទ្ធភណ្ឌសង្គ្រាម សុនខហិតរកមេរោគកូវីត១៩ និងការបង្កាត់ពូជសុនខ នៅមជ្ឈមណ្ឌលវិទ្យាស្ថានបច្ចេកទេសកំចាត់មីន ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០២២ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងបន្តថា បច្ចុប្បន្ន មជ្ឈមណ្ឌលកំចាត់មីនស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង បានឈានដល់ ដំណាក់កាលលក់ សុនខ ទៅឲ្យបរទេសវិញ សម្រាប់ការងារគ្រាប់មីន យុទ្ធភណ្ឌមិនទាន់ផ្ទុះ ខុសពីពេលមុនដែលកម្ពុជាបានទិញ សុនខ ពីបរទេសមកបម្រើឱ្យវិស័យ ដោះគ្រាប់មីន ។ ទាំងនេះ សបញ្ជាក់បានថា៖ វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់អង្គការ
ស៊ីម៉ាក់ កម្ពុជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបង្កាត់ពូជ និងបង្ហាត់ដល់សុនខ ក្នុងការងារ រុករកគ្រាប់មីន
និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៍បានផ្តាំផ្ញើដល់មន្ត្រី នៃវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់អង្គការ
ស៊ីម៉ាក់ ខេត្តកំពង់ឆ្នាំង សូមពង្រឹងជំនាញរបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យមានភាពល្បីល្បាញ ទាំងថ្នាក់ជាតិ ក៍ដូចជាអន្តរជាតិ។

នាឱកាសនោះផងដែរ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកនៃមជ្ឈ មណ្ឌលសកម្មភាព
កំចាត់មីនកម្ពុជា បានមានប្រសាសន៍ថា៖ បច្ចុប្បន្ននេះវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនរបស់អង្គការស៊ីម៉ាក់ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្ដល់ការហ្វឹកហ្វឺនជំនាញបច្ចេកទេសនិងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ក្នុងវិស័យសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ជាពិសេសបណ្ដាប្រទេសដែលទទួលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម ។

សកម្មភាពហ្វឹកហ្វឺននេះ ក៏បានជួយពង្រឹងសមត្ថភាពមន្ត្រីជំនាញ ឲ្យបំពេញកិច្ចប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងន័យចូលរួមចំណែកក្នុងការអនុវត្តអនុសញ្ញាអន្តរជាតិអូតាវ៉ា និងផែនការយុទ្ធសាស្ត្រជាតិ របស់រាជរដ្ឋាភិបាលឆ្នាំ២០២៥ កម្ពុជាអស់ការគំរាមកំហែងដោយសារគ្រាប់មីន ក៏ដូចជាឆ្លើយតបទៅនឹងផែនការយុទ្ធសាស្ត្របន្តរបស់អង្គភាពស៊ីម៉ាក់ក្រោយឆ្នាំ២០២៥ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា នាឱកាសនោះ មន្ត្រីវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន របស់អង្គការស៊ីម៉ាក់ បានធ្វើបទបង្ហាញនូវសកម្មភាពហ្វឹកហ្វឺន សុនខហិតមីននិងសំណល់យុទ្ធភណ្ឌសង្រ្គាម សុនខប្រឆាំងភារវកម្ម សុនខ ហិតរកមេរោគកូវីដ ១៩ និងការបង្កាត់ពូជសុនខ ផងដែរ ៕ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner