សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅអូស្រ្តាលីប្រមាណ ៧០០នាក់ចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

ទីក្រុងមែលប៊ន៖ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី ប្រមាណ៧០០នាក់ ដែលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីជួបជុំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) យ៉ាងឱឡារឹក និងប្រកបដោយភាពស្និទ្ធស្នាល ដោយមានការចូលរួម ក្រោមអធិបតីភាពរបស់ប្រធានគណៈកម្មាធិការគណបក្ស, ប្រធាន អនុប្រធាន ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គឹម សន្តិភាព ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស នៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ បានលើកឡើងអំពីប្រវត្តិស្នាដៃ សមិទ្ធិផលធំៗ របស់គណបក្សប្រជាជនកន្លងមក ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងអំពីតួនាទី ភារកិច្ចរបស់សាខាបក្សទាំងអស់ ដែលត្រូវមានភារកិច្ចក្នុងការអនុវត្តការងារនយោបាយ ចាត់តាំង និងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនដល់ បងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសអូស្រ្តាលីទាំងអស់ និងអ្នកដែលកំពុងមានវត្តមាននៅទីនេះ ប្រកបដោយមនោសញ្ចេតនា ស្រឡាញ់រាប់អាន និងការនឹករលឹកដ៏ជ្រាលជ្រៅបំផុត។

ឯកឧត្តម ឡាវ វ៉ាន់ ប្រធានតំបន់២ ទីក្រុងមែលប៊ន បានមានប្រសាសន៍ថាការរៀបចំពិធី “អបអរសាទរខួប លើកទី៧១ នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា” គឺបានប្រារព្ធមុនចំនួន ៥ថ្ងៃ នៃថ្ងៃកំណើតផ្លូវការ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ។ ឯកឧត្តមបន្ថែមថា ពិធីនេះរៀបចំឡើងក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាង និងបង្ហាញឱ្យឃើញពីការចូលរួមដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរួមចំណែកទាមទារឯករាជ្យពីអាណានិគមបារាំង ក្រោយបង្កើតឡើងនៅឆ្នាំ១៩៥១។

ជាពិសេស គឺគុណតម្លៃដ៏ធំធេងរបស់បក្សក្នុងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ប្រឹងប្រែងស្វះស្វែងរកសុខសន្តិភាព បិទបញ្ចប់ភ្លើងសង្គ្រាម តាមនយោបាយ ឈ្នះ ឈ្នះ និងការស្តារ អភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ។


ឯកឧត្តម ចាន់ រតនា ប្រធានគណៈកម្មាធិការគណបក្ស បានមានប្រសាសន៍ចូលរួមថា គណបក្សប្រជាជនបានរំដោះប្រទេសឱ្យចេញផុតពីការកាប់សម្លាប់ ពីរបបប្រល័យពូជសាសន៍ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំនាវាកម្ពុជាឱ្យលេចមុខ លេចមាត់នៅក្នុងតំបន់ ក៏ដូចជានៅលើឆាកអន្តរជាតិ និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

ដូច្នេះ ឯកឧត្តមបានស្នើដល់សមាជិកគណបក្សទាំងអស់ ត្រូវធ្វើជាគំរូល្អ និងមានសីលធម៌រស់នៅ ការសិក្សារៀនសូត្រ ការដើរតាមលំនាំរបស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីដណ្តើមយកសេចក្តីសុខសន្តិភាពសំរាប់ជាតិ និងប្រជាជន។ ម្យ៉ាងទៀតសមាជិក សមាជិកាទាំងអស់ ត្រូវតែចងចាំមិនភ្លេចចំពោះគុណូបការៈរបស់យុទ្ធជន យុទ្ធនារី និងយកគំរូដ៏ប្រពៃទាំងនេះ មកអនុវត្តសំរាប់ការពារជាតិមាតុភូមិ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ការពារជំនឿ សាសនា និងរាល់អ្វីៗទាំងអស់សំរាប់ភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner