បញ្ជូនទណ្ឌិតជនជាតិបារាំងទៅប្រទេសបារាំង ដើម្បីអនុវត្តន៍ទោស២១ឆ្នាំទៀត បន្ទាប់ពីបានអនុវត្តន៍ទោស៤ឆ្នាំនៅកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ នាយឧត្តសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងប្រាប់បណ្ដាសារព័ត៌មានឲ្យដឹងថា មន្ត្រីជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែន (ក10) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចូលរួមធ្វើការផ្ទេរទណ្ឌិតចំនួន១រូប ឈ្មោះ SAVARINO CHARLENE ភេទស្រី សញ្ជាតិបារាំង ដែលត្រូវកាត់ទោសចំនួន២៥ឆ្នាំ តែបានអនុវត្តន៍ទោសនៅប្រទេសកម្ពុជាបាន៤ឆ្នាំរួចហើយ នឹងត្រូវអនុវត្តបន្តទោស បន្ត២១ឆ្នាំប្រទេសបារាំងទៀត។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍បានឲ្យដឹងទៀតថា សមាសភាពចូលរួមបញ្ជូនរួមមាន មន្ត្រីក្រសួងយុត្តិធម៌ តុលាការខេត្តកណ្តាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ មន្ទីរប្រឆាំងគ្រឿងញៀន ស្ថានទូតបារាំង និងពន្ធនាគារខេត្តកណ្តាល។
គួរបញ្ចាក់ថា ទណ្ឌិតជនជាតិបារាំង ឈ្មោះ SAVARINO CHARLENEនិង Taylor Yoshe Ann ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងពេលឆែកឆេរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពេលពួកគេបម្រុងចាកចេញទៅអូស្ត្រាលី កាលពីល្ងាចថ្ងៃ ទី១៨ ខែកញ្ញា ឆ្នាំ២០១៣ ដោយរឹបអូសបានគ្រឿងញៀន ហេរ៉ូអ៊ីន២ កញ្ចប់ទម្ងន់២,២ គីឡូក្រាម។ បន្ទាប់ពីទទួលបានចម្លើយអ្នកទាំងពីរ សមត្ថកិច្ចឈានទៅចាប់ខ្លួនឈ្មោះ Pirecious Chineme Nwoko នៅផ្ទះជួលក្នុង ភូមិ២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នៅយប់ថ្ងៃដដែលនោះ ខណៈបក្ខពួក២នាក់ទៀតជាជនជាតិនីហ្សេរីយ៉ា បានរត់គេចខ្លួន។
ក្នុងជនប្រព្រឹត្តបទល្មើសទាំង៥នាក់ ត្រូវបានតុលាការផ្តន្ទាទោស ១)ឈ្មោះ NWOKO PRECIOUS CHINEME ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ពិន័យ៨០លានរៀលចូលថវិការដ្ឋ។ ២)ឈ្មោះ SAVARINO CHARLENE ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិបារាំង ដាក់ពន្ធនាគារកំណត់២៥ឆ្នាំ ពិន័យ៥០លានរៀលចូលថវិការដ្ឋ។
៣)ឈ្មោះTAYLOR YOSHE ANN ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិអូស្ត្រាលី ដាក់ពន្ធនាគារកំណត់២៣ឆ្នាំ ពិន័យ៥០លានរៀលចូលថវិការដ្ឋ។ ៤)ឈ្មោះ OJUKWU TOJUKWO MATINS ភេទប្រុស អាយុ៩៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ពិន័យ៨០លានរៀលចូលថវិការដ្ឋ និង៥)ឈ្មោះ ASEMOTA JUSTICE OSAHENI ភេទប្រុសជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ពិន័យ៨០លានរៀលចូលថវិការដ្ឋផងដែរ៕ធ.ដ