ការប្រឈមមុខនៅកាលីនីនក្រាដ អាចបង្ហាញពីការចង់បង្កើនភាពតានតឹងរបស់រុស្ស៊ី
កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន លីទុយអានីបានហាមឃាត់ការដឹកជញ្ជូនទំនិញរុស្ស៊ីមួយចំនួន កាត់ទឹកដីរបស់ខ្លួនឆ្ពោះទៅកាន់តំបន់កាលីនីនក្រាដរបស់រុស្ស៊ី ដោយនិយាយថា ធ្វើឡើងដើម្បីតម្រូវតាមទណ្ឌកម្មរបស់សហភាពអឺរ៉ុបចំពោះការឈ្លានពានអ៊ុយក្រែន។
ប៉ុន្តែជំហានរបស់លីទុយអានី ធ្វើឱ្យមានការខឹងសម្បារពីរដ្ឋាភិបាលក្រុងម៉ូស្គូ ដែលថាសកម្មភាពរបស់ក្រុងវីលនុសថាការបង្ក «អរិភាពដោយបើកចំហ» និងជាការបិទច្រកចូលទៅកាន់តំបន់។ បន្ថែមពីលើការទាមទារឱ្យដកការរឹតបណ្ដឹង រុស្ស៊ីនិយាយថាខ្លួននឹងចេញវិធានការដែលមាន «ផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ» ដល់ប្រទេសសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូមួយនេះ។
តំបន់កាលីនីនក្រាដទទួលបានការផ្គត់ផ្គង់ពីរុស្ស៊ីខាងក្នុង តាមរយៈផ្លូវដែក និងបំពង់បង្ហូរឧស្ម័នកាត់ប្រទេសលីទុយអានី ក្រោមការសម្របសម្រួលរវាងសមាជិកសហភាពអឺរ៉ុប និងអង្គការណាតូ ប៉ូឡូញ និងលីទុយអានី។
ពីមុនមក កាលីនីនក្រាដធ្លាប់ជាផ្នែកមួយនៃប្រទេសអាល្លឺម៉ង់ រហូតដល់ចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២ ដែលប្រទេសនេះត្រូវប្រគល់ឱ្យទៅសហភាពសូវៀត។ វាគឺជារដ្ឋដាច់ចេញមួយ ដែលមានប្រជាជនប្រហែល១លាននាក់រស់នៅសព្វថ្ងៃនេះ។
លើសពីនេះ តំបន់ជាប់សមុទ្របាល់ទិក ក៏ត្រូវបានគេចាត់ទុកថាជាមូលដ្ឋានយោធារបស់រុស្ស៊ីយ៉ាងសំខាន់មួយដែរ។ គេមិនទាន់ដឹងចំនួនទាហានដែលឈរជើងនៅទីនោះនៅឡើយទេ ប៉ុន្តែមានការស្មានថាមានប្រហែលពី ៩ ០០០ ទៅ ២០០ ០០០ នាក់។
កាលពីថ្ងៃសុក្រ រុស្ស៊ីបន្ទោសអាមេរិកចំពោះចំណាត់ការរបស់លីទុយអានី។ ក្រសួងការបរទេសរុស្ស៊ីនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អ្វីដែលគេហៅថា «សមូហភាពនៃលោកខាងលិច» ជាមួយនឹងការណែនាំច្បាស់លាស់របស់សេតវិមាន បានដាក់បម្រាមលើការដឹកជញ្ជូនទំនិញតាមផ្លូវដែកឆ្លងកាត់តំបន់កាលីនីនក្រាដ»។
ភាពតានតឹងចុងក្រោយដែលកំពុងកើនឡើង កំពុងជំរុញឱ្យមានការភ័យខ្លាចចំពោះច្រករបៀងផ្លូវគោក Suwałki Gap ចម្ងាយ ៨០ គីឡូម៉ែត្រ ឆ្លងកាត់ភាគអាគ្នេយ៍ប៉ូឡូញ និងលីទុយអានី ដែលមានសារៈសំខាន់ចំពោះសន្តិសុខនៃបណ្ដារដ្ឋបាល់ទិក ព្រោះវាអាចតភ្ជាប់តំបន់កាលីនីនក្រាដរបស់រុស្ស៊ី និងប្រទេសសម្ព័ន្ធមិត្តបេឡារូស។
អ្នកស្រី Agnia Grigas សហការីជាន់ខ្ពស់ និងជាអ្នកជំនាញខាងថាមពល និងភូមិសាស្ត្រនយោបាយនៅក្រុមប្រឹក្សាអាត្លង់ទិកនិយាយប្រាប់សារព័ត៌មាន Al Jazeera នៅចុងសប្ដាហ៍នេះថា ការគំរាមកំហែងរបស់រុស្ស៊ីលើលីទុយអានីគ្រាន់តែជាការបង្ហាញអំណាចរបស់វិមានក្រឹមឡាំងប៉ុណ្ណោះ «ជាជាងការបញ្ជាក់ពីសកម្មភាពណាមួយ ដែលរុស្ស៊ីនឹងធ្វើឡើង»។
ប៉ុន្តែអ្នកស្រីបន្ថែមថា៖ «អ្វីដែលជាការព្រួយបារម្ភនោះគឺថា រុស្ស៊ីធ្លាប់ប្រើពាក្យដែលថាលីទុយអានីធ្វើការ «បិទច្រក» ពីព្រោះពាក្យនេះអាចត្រូវបានគេយល់ថាជាសកម្មភាពយោធារួចហើយ ដូច្នេះ រុស្ស៊ីអាចព្យាយាមសាកល្បងបង្ហាញអំពីភាពត្រឹមត្រូវនៃសកម្មភាពយោធាផងដែរ»។
អ្នកស្រី Grigas និយាយថា រុស្ស៊ីអាចដាក់ទណ្ឌកម្មដោយខ្លួនឯងលើការលក់ទំនិញទៅលីទុយអានីរួមមានប្រេង ឧស្ម័ន និងអគ្គីសនី ប៉ុន្តែក្រុងវីលនុសបានធ្វើការសម្រេចចិត្តរួចហើយមុនជម្លោះថាខ្លួននឹងមិនទិញប្រភពថាមពលរុស្ស៊ីណាមួយឡើយ។ ជាការឆ្លើយតប ក្រុងម៉ូស្គូអាចបិទការនាំចេញជី និងទំនិញផ្សេងៗទៀត ខណៈសហភាពអឺរ៉ុបហាមឃាត់ទំនិញរុស្ស៊ីជាច្រើនរួចហើយ។
អ្នកជំនាញដដែលនិយាយថា ប្រសិនបើរុស្ស៊ីជ្រើសរើសការប្រើប្រាស់ទឹកដីបេឡារូសសម្រាប់ប្រតិបត្តិការយោធា ដូចករណីនៅអ៊ុយក្រែននោះ ពួកគេអាចបញ្ជូនកងកម្លាំងពីកាលីនីនក្រាដ ហើយកាត់ផ្តាច់ព្រំដែនលីទុយអានី និងប៉ូឡូញចេញពីគ្នា។
អ្នកស្រី Grigas និយាយថា៖ «ស្ថានភាពនៅកាលីនីនក្រាដ នឹងបង្ហាញថាតើរុស្ស៊ីមានឆន្ទៈក្នុងការបង្កើនជម្លោះនេះបន្ថែមទៀតប្រឆាំងនឹងលោកខាងលិច សហភាពអឺរ៉ុប និងអង្គការណាតូដែរឬទេ» ខណៈអង្គការណាតូ សហរដ្ឋអាមេរិក និងបណ្តារដ្ឋសហភាពអឺរ៉ុបដែលប្រុងប្រយ័ត្នខ្ពស់ក្នុងការពាក់ព័ន្ធនឹងសង្រ្គាម និយាយថាខ្លួននឹងនៅពីក្រោយ និងការពារលីទុយអានី។
អ្នកស្រីបន្តថា មានការភ័យខ្លាចយ៉ាងខ្លាំងចំពោះការកើនឡើងនៃជម្លោះជាមួយរុស្ស៊ីដោយផ្ទាល់ ដោយសារតែរុស្ស៊ីជារដ្ឋនុយក្លេអ៊ែរ និងគ្រប់គ្រងដោយបុរសម្នាក់ដែលចង់សម្រេចធ្វើអ្វីតាមតែការប្រាថ្នារបស់លោក។
យ៉ាងណាមិញ លោក Matthew Kroenig នាយករងនៃមជ្ឈមណ្ឌល Scowcroft សម្រាប់យុទ្ធសាស្ត្រ និងសន្តិសុខនៃក្រុមប្រឹក្សាអាត្លង់ទិកនិយាយថា ការប្រឈមមុខដាក់គ្នាមិនជាការព្រួយបារម្ភចំពោះការកើនឡើងនៃភាពតានតឹងប៉ុន្មាននោះទេ។ លោកនិយាយថា៖ «លោក ពូទីន ជាប់រវល់ជាមួយកងទ័ពនៅដុនបាសរបស់អ៊ុយក្រែន លោកមិនចង់រើសយកសង្រ្គាមបន្ថែមជាមួយណាតូទេ។ វិមានក្រឹមឡាំងមានភាពរកាំរកូស ដោយនិយាយថាវានឹងសងសឹក ប៉ុន្តែក៏ត្រូវសិក្សាពីស្ថានភាពជាមុនសិន»។
លោក Kroenig បន្តថា៖ «ខ្ញុំសង្ស័យថា រុស្ស៊ីនឹងមានបំណងឆ្លើយតបតាមខ្នាត ដូចជាការវាយប្រហារតាមអ៊ីនធឺណិត ឬការហាមឃាត់ការធ្វើដំណើរលើមន្ត្រីលីទុយអានី។ និយាយឱ្យខ្លី អ្វីមួយដែលលីទុយអានី និងលោកខាងលិច អាចទទួលរងខណៈរក្សាសម្ពាធសេដ្ឋកិច្ច[លើក្រុងម៉ូស្គូ]»។
ប្រភព៖ Aljazeera