​​កូនស្រី​ពៅរបស់​លោក​ថាក់ស៊ីន​​ ​កា្លយជា​ជំរើស​​នាយករដ្ឋមន្ត្រី​សម្រាប់​ការ​បោះឆ្នោត​នៅប្រទេសថៃ​

កូនស្រី​ពៅ​​របស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ​អតីត​នាយក​រដ្ឋមន្ត្រី​ថៃ​ដ៏​មាន​ប្រជាប្រិយភាព​ កំពុង​ឡើង​កូដ​ខ្លាំង​​​ក្នុង​​​​ការ​ប្រជែង​យក​ដំណែង​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ថៃ​​សម្រាប់​ការ​បោះឆ្នោត​​លើក​ក្រោយ បន្ទាប់​ពីប្រទេស​ថៃ​​​បានឆ្លង​កាត់​​ការ​ធ្វើរដ្ឋប្រហារ​ជាង​ច្រើន​លើក​​ដើម្បី​ទម្លាក់​លោក​ថាក់ស៊ីន ក៏ដូច​​​ជា​រដ្ឋាភិបាលដែលដឹក​នាំ​ដោយ​​​អ្នកស្និទ្ធ​នឹងលោក​ថាក់​ស៊ីនកន្លងមក។

ការស្ទង់មតិថ្មី​មួយ​​ដែល​ត្រូវ​បាន​ដក​ស្រង់​ដោយ​​សារព័ត៌មាន BLOOMBERG បាន​លើក​ឡើង​ថា កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃថាក់ស៊ីន ស៊ីណាវ៉ាត្រា គឺ​អ្នក​នាង Paetongtarn Shinawatra គឺជាជម្រើស​កំពូល​នៃអ្នកបោះឆ្នោត​ដើម្បី​កាច់ចង្កូត​​ព្រះរាជាណាចក្រ​ថៃ​​ បន្ទាប់​ពីថៃ​រៀបចំការបោះឆ្នោតទូទៅក្នុងរយៈពេលតិចជាងមួយឆ្នាំ។

អ្នក​នាង​ Paetongtarn ដែល​ត្រូវ​បាន​គេ​ប្រាប់​យ៉ាង​ទូលំទូលាយ​ថា​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​នៃ​​គណបក្ស​ប្រឆាំង​ធំ​បំផុត​របស់​ប្រទេស​ គឹ​បក្ស​ភឿថៃ​បាន​ទទួល​ការ​គាំទ្រ ២៥ ភាគរយ​ពី​អ្នក​ឆ្លើយ​​សំណួរ​​នៅ​ក្នុង​ការ​ស្ទង់មតិ​កាលពី​ថ្ងៃ​ទី ២០-២៣ ខែ​មិថុនា ដោយ​វិទ្យាស្ថាន​ជាតិ​​​រដ្ឋបាល​អភិវឌ្ឍន៍​ដែល​គេ​ស្គាល់​ថា Nida។

Nida បាននិយាយ​ថា ខណៈ​ពេលដែល អ្នក​នាង​ Paetongtarn ឡើង​ដល់​កំពូល​តារាង​ប្រជា​ប្រិយភាព​ពី​​ចំណាត់ថ្នាក់​ទីបី​របស់​នាង​នៅក្នុងការស្ទង់មតិកាលពីខែមីនា នាយករដ្ឋមន្ត្រី​ដែល​កំពុង​កាន់អំណាច ប្រាយុធ​ ចាន់-អូ-ចា (Prayut Chan-o-cha) បាន​ឃើញ​ការគាំទ្រ​របស់​គាត់​សម្រាប់​ត្រីមាសទី៤​ជាប់​គ្នាមក​នៅ​​តែ​​១២​ភាគរយ។

ចំនួនអ្នកចូលរួមដែលនិយាយថា​ពួកគេមិនអាចស្វែងរកបេក្ខជន​សមរម្យ​បានធ្លាក់ចុះមក ១៩ ភាគរយពី ២៨​​ភាគរយ​នៅក្នុងខែមីនា។

លោក Pita Limcharoenrat មេដឹកនាំគណបក្ស Move Forward របស់គណបក្សប្រឆាំង បាន​មើលឃើញថា ការគាំទ្ររបស់លោកមានការផ្លាស់ប្តូរតិចតួចគឺ​​នៅ​​ចំនួន​១៣​ភាគរយ។

អ្នក​នាង Paetongtarn ដែលជាកូនស្រី​ពៅក្នុងចំណោមកូនទាំងបី​របស់លោក​ថាក់ស៊ីន ដែល​​ត្រូវ​បាន​តែងតាំង​ជាប្រធានគ្រួសារ​នៃ​បក្ស​ភឿថៃ​កាល​ពីដើម​ឆ្នាំ​នេះ បាន​បង្កើន​យុទ្ធនាការ និង​​កម្មវិធី​​ផ្សព្វផ្សាយ​​ក្នុង​ប៉ុន្មាន​ខែថ្មីៗនេះ ដើម្បី​ដឹកនាំ​គណបក្ស​ឱ្យ​ទទួល​បាន​ជ័យ​ជម្នះភ្លូកទឹកភ្លូកដីនៅក្នុង​ការបោះឆ្នោតដែលអាចត្រូវ​​​គេ​ដាក់​កាលពេល​​នៅខែមីនា។

Nida បាននិយាយ​ថា អ្នក​គាំទ្រ​របស់អ្នក​នាង Paetongtarn បាន​លើកឡើង​ពី​តម្រូវការ​ក្នុង​ការផ្តល់​ឱកាស​ឱ្យក្មេងៗ​ជំនាន់ក្រោយក្នុងការគ្រប់គ្រងប្រទេស គោល​នយោបាយ​របស់​គណបក្ស​របស់នាង និង​ការងារ​អតីតកាល​របស់​គ្រួសារ​ថាក់ស៊ីន ជា​ហេតុផល​ចំពោះ​ការ​គាំទ្រ​នាង៕​

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner