តួកគី​វាយ​តម្លៃ​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​ ក្រោយ​​លោក​ Erdogan ​និយាយ​ពី​ការ​កាត់​ទោស​អ្នក​ដុត​ព្រៃ​

អ៊ីស្តង់ប៊ុល៖រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​តួកគី​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ តួកគី​នឹង​ពិចារណា​លើ​សេចក្តី​សម្រេច​ឆ្នាំ​ ២០០៤ ​ក្នុង​ការ​លុប​ចោល​ការ​កាត់​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​ ​បន្ទាប់​ពី​លោក​ប្រធានា​ធិបតី​ រេសិប ​តៃយីប ​អេរដូហ្គែន​ (Tayyip Erdogan) ​លើកឡើ​ងពី​ទោ​ស​នេះ​ពាក់​ព័ន្ធ​នឹង​មូល​ហេតុ​នៃ​ការ​ឆេះ​ព្រៃ​​។​

ការ​កាត់​ទោស​ប្រហារ​ជីវិត​ត្រូវ​បាន​ដក​ចេញ​ពី​រដ្ឋ​ធម្មនុញ្ញ​នៅ​ឆ្នាំដំបូង​ៗ​នៃ​ការ​ឡើង​កាន់​អំណាច​របស់​លោក​​ អេរដូហ្គែន​។​ ប៉ុន្តែ​ក្រោយ​មាន​ការ​សង្ស័យ​ថា​មាន​ភ្លើង​ឆេះ​ដោយ​ចេតនា​ដែល​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​ឆ្នេរ​សមុទ្រ ​Aegean ​ចំនួន​ ៤ ៥០០ ហិ​ចតា​នៅ​សប្ដាហ៍​នេះ​រួច​មក​ លោក ​អេរដូហ្គែន ​និយាយ​ថា​ ត្រូវ​ការ​ភាព​យុត្តិធ៌ម​ជាង​នេះ​។​

អាជ្ញាធរ​តួកគី​និយាយ​ថា​ ជន​សង្ស័យ​​ម្នាក់​​ដែល​​ត្រូវ​បាន​ឃាត់​ខ្លួន​​ពាក់​ព័ន្ធ​​នឹង​​ភ្លើង​ឆេះ​ព្រៃ​​សារភាព​ថា​​​គេ​ពិត​ជា​​​បង្ក​​​មែន​​​។​ ​បន្ទាប់​ពី​ចុះ​ទៅ​ដល់​កន្លែង​​កើត​ហេតុ​កាល​ពី​ថ្ងៃ​សុក្រ​ លោក ​អេរដូហ្គែន ​និយាយ​ថា​ ការ​ដាក់​ទណ្ឌកម្ម​ចំពោះ​ការ​ដុត​ព្រៃ​គួរ​តែ​ជា​ «​ការ​បំភិត​បំភ័យ​ ហើយ​ប្រសិន​បើ​អាច​កាត់​ទោស​ប្រហារ​ជីវិត​ នោះត្រូវ​​កាត់ទោ​ស​ប្រហារ​ជីវិត​»​។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅ​ទី​ក្រុង​ Agri ​កាល​ពី​ថ្ងៃ​សៅរ៍​ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ Bekir Bozdag ​និយាយ​ថា​ ការ​អត្ថាធិប្បាយ​របស់​ប្រធានាធិបតី​ «​គឺ​ជា​ការ​ណែនាំ​ដល់​ពួក​យើង​»​។​

លោក​ Bozdag ​និយាយ​ថា​ «​យើង​ចាប់​ផ្តើម​ធ្វើ​ការ​លើ​វា​ក្នុង​នាម​ជា​ក្រសួង​»​ ដោយ​បន្ថែម​ថា​ ការ​ដាក់​ទណ្ឌ​កម្ម​បច្ចុប្បន្ន​សម្រាប់​ការ​បង្ក​ឱ្យ​ភ្លើង​ឆេះ​ព្រៃ​ គឺ​ត្រូវ​ជាប់​គុក ​១០ ​ឆ្នាំ ​ហើយ​អាច​ដល់​ការ​កាត់​ទោស​ឱ្យ​ជាប់​គុក​មួយ​ជីវិត​ បើ​វា​ជា​ការ​រៀប​ចំ​។​ ​

ភ្លើង​ឆេះ​ព្រៃដ៏​​ធំ​ដំបូង​នៃ​រដូវ​ក្តៅ​របស់​តួកគី​ ដែល​ចាប់​ផ្តើម​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​ រម្លឹក​ពី​ការ​ចង​ចាំ​ដែល​ប្រទេស​នេះ​ជួប​ប្រទះ​កាល​ពី​ឆ្នាំ​មុន​ពេល​ដែល​ព្រៃ​ជាង​ ១៤០ ០០០ ​ហិតតា​ ត្រូវ​បាន​ឆេះ​បំផ្លិច​បំផ្លាញ​ ដែល​ជា​កំណត់​ត្រា​អាក្រក់​បំផុត​របស់​ប្រទេស​។​ ​កាល​ពី​ថ្ងៃ​សុក្រ​ រដ្ឋ​មន្ត្រី​ក្រសួង​រុក្ខប្រមាញ់​លោក​ Vahit Kirisci ​និយាយ​ថា​ ៨៨% ​នៃ​ភ្លើង​ឆេះ​ព្រៃ​នៅ​​តួកគី​បង្ក​ឡើង​ដោយ​មនុស្ស​។​

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner