បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​​ក្រុង​នានា​របស់​អាមេរិក​ ក្រោយ​តុលារការ​កំពូល​លុប​ចោល​ច្បាប់​រំលូត​កូន​​

ក្រុម​អ្នក​តវ៉ា​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​នានា​ទូទាំង​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃសៅ​រ៍ ​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​លុប​ចោល​សិទ្ធិ​ក្នុង​ការ​រំលូត​កូន​​តាម​រដ្ឋ​ធម្មនុញ្ញ​ដែល​មាន​តាំង​ពី​​ ៥០ ​ឆ្នាំ​មុន​។ ​

សេចក្ដី​សម្រេច​របស់​តុលារការ​ នឹង​ទុក​ឱ្យរ​ដ្ឋ​សហព័ន្ធ​នីមួយៗ​ធ្វើ​ការ​សម្រេច​ចិត្ត​ ថា​តើ​ត្រូវ​អនុញ្ញាត​អាច​រំលូត​កូន​បាន​ឬយ៉ា​ង​ណា​ ដោយ​លុប​ចោល​សាល​ក្រម​ឆ្នាំ​១៩៧៣​ រ​បស់​តុលាការ​កំពូល​ ដែល​ទទួល​ស្គាល់​ថា​ការ​រំលូត​កូន​ គឺ​ជា​សិទ្ធិ​ឯកជន​របស់​ស្ត្រី​ម្នាក់​ៗ​។​

​​ហ្វូង​មនុស្ស​ ដែល​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ផ្សេង​ៗ​រួម​ទាំង​ក្រុង​ញូវយ៉ក​ អាត្លង់តា​ ដេត្រយ​ ​សលថ៍ឡេក​ និង​ឡូស​អាន់​ជ័រ​លេស​ ក្នុង​ចំណោម​ទីក្រុ​ង​ផ្សេង​ៗ​ទៀត​ ដោយ​និយាយ​ថា​ ការ​លុប​ចោល​សិទ្ធិ​រំលូត​កូន​នឹង​ធ្វើ​ឱ្យ​ស្រ្តី​ធ្លាក់​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​ ជា​ពិសេស​ស្ដី​​ចម្រុះ​ជាតិ​សាសន៍​ និង​មាន​ចំណូល​ទាប​។​

ទន្ទឹម​នឹង​នោះ​ ​អ្នក​ប្រឆាំង​សិទ្ធិ​រំលូត​កូន​ ​​ក៏​នាំ​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាង​ក្រៅ​អគារ​តុលាការ​កំពូល​នៅ​ក្រុង​វ៉ាស៊ីនតោន​ផង​ដែរ​ បន្ទាប់​ពី​​សេចក្ដី​ប្រកាស​ចេញ​នៅ​ថ្ងៃ​សុក្រ​។​

ប្រតិកម្ម​នឹង​សាលក្រម​ដូច​គ្នា​ លោក​ប្រធានាធិបតី​ ចូ ​បៃដិន ​បាន​​ថ្លែង​សន្ទរកថា​ក្រោយ​សេចក្ដី​ប្រកាស​ចេញ​ថា​ អាមេរិក​បាន​ដើរ​ថយ​ក្រោយ​វិលទៅ​រ​ក​សង្គម​ចាស់​គំរិល​​ ដែល​រឹត​ត្បឹត​ធ្វើ​បាប​ស្ត្រី​។ ​លោក​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​៖​ «​​សុខភាព​ និង​​ជីវិត​​របស់​​ស្ត្រី​​ក្នុង​​ប្រទេស​​របស់​​យើង​​ឥឡូវ​​កំពុង​​ប្រឈម​​នឹង​​ហានិភ័យ​​​។ ​ការ​សម្រេច​ចិត្ត​នេះ​គឺ​ជា​ចំណុច​កំពូល​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ចេត​នា​ក្នុង​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​ ដើម្បី​ធ្វើ​ឱ្យ​ខូច​តុល្យភាព​នៃ​ច្បាប់​របស់​យើង​»​។​ លោក​ បៃដិន ​សង្កត់​ធ្ងន់​ថា​ វា​ជា ​«​ថ្ងៃ​សោក​សៅ​សម្រាប់​តុលាការ ​និង​សម្រាប់​ប្រទេស​»​។​

អ្នក​ស្រី​ Natasha Mitchell ​វ័យ​ ៤១ ​ឆ្នាំ​មក​ពី​ទីក្រុង ​Denver ​រដ្ឋ​កូឡូរ៉ាដូ​ និយាយ​ថា​៖​ «​វា​ជា​ការ​ក្បត់​ប្រឆាំង​នឹង​ស្ត្រី​។​ វា​ជា​ជំហាន​ថយ​ក្រោយ​ដ៏​ធំ​មួយ​។ ​វា​បើក​ទ្វារ​ឱ្យ​មាន​ការ​គំរាម​កំហែង​លើ​​សិទ្ធិ​ និង​សេរីភាព​ផ្សេង​ទៀត​​»​​។

ប៉ុន្តែ​សម្រាប់​អ្នក​អភិរក្ស​និយម​ ដែល​ប្រឆាំង​នឹង​សិទ្ធិ​រំលូត​កូន​​ ហើយ​គាំទ្រ​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ «​គាំទ្រ​ជីវិត​»​ ដូច​ជា​លោក​អតីត​ប្រធានាធិបតី​ ដូណាល់ ​ត្រាំ ​វា​ជា​រឿង​ដែល​គួរ​ឱ្យ​សាទរ​មួយ​។​ បញ្ហា​​ក្នុង​ស្រុក​នៅ​​អាមេរិក​ បង្ក​ឱ្យ​​មាន​​ការ​​បែក​បាក់​​គ្នា​ រួម​ទាំង​លើ​សិទ្ធិ​នៃ​ការ​​រំលូត​​កូន​។​ អស់​រយៈ​ពេល​ ៥០ ​ឆ្នាំ​មក​ហើយ​ ពួក​អភិរក្ស​និយម​ ដែល​និយាយ​ថា​ខ្លួន​តស៊ូ​មតិឱ្យ​ក្មេ​ង​ដែល​មិន​ទាន់​កើត​ ​បាន​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​សាល​ក្រម​ Roe v. Wade ​ប៉ុន្តែ​​មិន​អាច​ធ្វើ​បាន​ដោយ​សារ​​​ខ្វះ​​សន្លឹក​ឆ្នោត​​​នៅ​​តុលាការ​​កំពូល​​​ដើម្បី​ជំទាស់​។ ​ប៉ុន្តែ​រូប​ភាព​នេះ​បាន​ផ្លាស់​ប្ដូរ​ នៅ​ពេល​លោក​ត្រាំ​ តែង​តាំង​ចៅ​ក្រម​ថ្មី​ប្រឆាំង​នឹង​សិទ្ធិ​រំលូត​កូន​៣​រូប​ក្នុង​តុលារការ​ រហូត​ឈាន​ដល់​ការ​សម្រេច​ចិត្ត​កាល​ពី​ថ្ងៃ​សុក្រ​។​

ប្រភព៖ VOA News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner